យាន NASA ថតបានផ្ទៃមេឃភពអង្គារដ៏ស្រឡះល្អបំផុត! (មានវីដេអូ)

(បរទេស)៖ នេះជារូបភាពបែបទ្រវែង (panorama) ដែលត្រូវបានចាត់ទុកថា ច្បាស់បំផុត និងភ្លឺថ្លាបំផុតមួយហើយពីភពអង្គារ (Mars) ហើយវាត្រូវបានផ្តិតយកដោយកាមេរ៉ា Mastcam-Z នៃយាន Perseverance របស់អង្គការ NASA ដែលកំពុងស្ថិតនៅក្នុងរណ្តៅ Jzero នៃភពក្រហមនោះនៅឡើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៦នេះ។

(ទស្សនាវីដេអូនៅលេខរៀងទី២) (វីដេអូពី Cambo Space Edu)

យ៉ាងណាក៏ដោយ ទម្រាំបានរូបភាពមួយសន្លឹកនេះ គឺមិនមែនជារឿងងាយៗនោះទេ ព្រោះបើតាម NASA រូបថត Panorama មួយសន្លឹកនេះ បានកើតចេញពីយករូបថតដាច់ៗគ្នាចំនួន ៩៦សន្លឹក ដែលយានកង់មួយនេះបានថតទៅលើទីតាំងមួយមានឈ្មោះថា Falbreen មកដាក់តម្រៀបគ្នាឲ្យក្លាយជារូបមួយសន្លឹក។

(Image Credit: NASA / JPL-Caltech)

ពិតណាស់! ការថតរូបដែលប្រកបដោយគុណភាពខ្ពស់ គឺត្រូវតែធ្វើបែបនេះ ព្រោះយើងទាំងអស់គ្នាអាចមើលឃើញត្រឹមទេសភាពស្អាតលើភពអង្គារប៉ុណ្ណោះ តែសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រវិញ ការបញ្ជូនយានទៅដល់ទីនោះ គឺដើម្បីផ្តិតយកទិដ្ឋភាពគ្រប់ទម្រង់ ក្នុងគុណភាពខ្ពស់ខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន ហើយអាចឲ្យពួកគេពង្រីកមើលយ៉ាងលម្អិតនៅត្រង់ទីតាំងណាដែលពួកគេចាប់អារម្មណ៍។

(Image Credit: NASA / JPL-Caltech)

គួរបញ្ជាក់ថា NASA បានបញ្ចេញរូបភាពនៃទីតាំង Falbreen នេះចំនួន ២ប្រភេទ នោះគឺពណ៌បែបខៀវបន្តិច (ខុសពីធម្មជាតិ) និងពណ៌បែបធម្មជាតិដូចការមើលឃើញ (រាងក្រហម)។ ការថតចេញជាពណ៌រាងខៀវស្រាលបន្តិចនោះ ក៏ព្រោះតែក្រុមអ្នកវិទ្យាសាស្ត្រចង់បង្ហាញអំពីផ្ទៃមេឃភពអង្គារមានភាពស្រឡះល្អ ដែលកម្រជួបប្រទះនោះឯង។ សម្រាប់រូបដែល NASA ទើបបង្ហាញនេះ គឺត្រូវបានថតតាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥មកម្ល៉េះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ BBC via NASA (ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៦)

Comments (0)
Add Comment