យាន NASA ថតបានផ្ទៃមេឃភពអង្គារដ៏ស្រឡះល្អបំផុត!
(បរទេស)៖ នេះជារូបភាពបែបទ្រវែង (panorama) ដែលត្រូវបានចាត់ទុកថា ច្បាស់បំផុត និងភ្លឺថ្លាបំផុតមួយហើយពីភពអង្គារ (Mars) ហើយវាត្រូវបានផ្តិតយកដោយកាមេរ៉ា Mastcam-Z នៃយាន Perseverance របស់អង្គការ NASA ដែលកំពុងស្ថិតនៅក្នុងរណ្តៅ Jzero នៃភពក្រហមនោះនៅឡើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៦នេះ។
យ៉ាងណាក៏ដោយ ទម្រាំបានរូបភាពមួយសន្លឹកនេះ គឺមិនងាយជារឿងងាយៗនោះទេ ព្រោះបើតាម NASA រូបថត Panorama មួយសន្លឹកនេះ បានកើតចេញពីយករូបចំនួន ៩៦សន្លឹក ដែលយានកង់៦មួយនេះបានថតទៅលើទីតាំងមួយមានឈ្មោះថា Falbreen មកដាក់តម្រៀបគ្នាឲ្យក្លាយជារូបមួយសន្លឹក។

ពិតណាស់! ការថតរូបដែលប្រកបដោយគុណភាពខ្ពស់ គឺត្រូវតែធ្វើបែបនេះ ព្រោះយើងទាំងអស់នេះ អាចមើលឃើញត្រឹមទេសភាពស្អាតលើភពអង្គារប៉ុណ្ណោះ តែសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រវិញ ការបញ្ជូនយានទៅដល់ទីនោះ គឺដើម្បីផ្តិតយកទិដ្ឋភាពគ្រប់ទម្រង់ មានគុណភាពខ្ពស់ខ្លាំង ដែលអាចឲ្យពួកគេពង្រីកមើលយ៉ាងលម្អិត នៅត្រង់ទីតាំងណាដែលពួកគេចាប់អារម្មណ៍។

គួរបញ្ជាក់ថា NASA បានបញ្ចេញរូបភាពលើទីតាំង Falbreen នេះចំនួន ២ប្រភេទ នោះគឺពណ៌បែបខៀវបន្តិច (ខុសពីធម្មជាតិ) និងពណ៌បែបធម្មជាតិដូចការមើលឃើញ (រាងក្រហម)។ ការថតចេញជាពណ៌រាងខៀវស្រាលបន្តិចនោះ ក៏ព្រោះតែក្រុមអ្នកវិទ្យាសាស្ត្រចង់បង្ហាញអំពី ផ្ទៃមេឃភពអង្គារមានភាពស្រឡះល្អ ដែលកម្រជួបប្រទះនោះឯង។ សម្រាប់រូបដែល NASA ទើបបង្ហាញនេះ គឺត្រូវបានថតតាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ មកម្ល៉េះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ BBC via NASA (ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៦)
