(អាមេរិក)៖ ក្រុមការងារនៃបេសកកម្ម New Horizons របស់អង្គការ NASA កំពុងត្រៀមខ្លួនសម្រាប់ការតាមដានលើកចុងក្រោយពីផែនដី ទៅលើថ្មអវកាសមួយមានឈ្មោះថា 2014 MU69 ដែលយាន New Horizons នឹងហោះទៅឆ្វែលនៅដើមឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដុំថ្មអវកាស 2014 MU69 នឹងធ្វើដំណើរឆ្លងកាត់នៅពីខាងមុខ ឬកំបាំង (Occult) ផ្កាយដ៏ឆ្ងាយមួយ ដែលឱកាសនេះនឹងធ្វើឲ្យវាជះស្រមោលព្រាលៗមកលើតំបន់ចំនួនពីរលើផែនដី គឺនៅសេណេហ្គាល់ និងកូឡុំប៊ី ជាទីដែលក្រុមការងារ New Horizons នឹងត្រៀមខ្លួនរង់ចាំជាមួយកែវយឺតរបស់ពួកគេ។
គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីសិក្សាស្វែងយល់ឲ្យបានច្រើនតាមតែអាចធ្វើបាន អំពី 2014 MU69 ឬអាចហៅឈ្មោះមួយទៀតថា Ultima Thule ដែល New Horizons នឹងហោះឆ្វែលទៅកៀកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។ បាតុភូត Occultation នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងផ្តល់តំរុយខ្លះៗជុំវិញអ្វីដែលអាចត្រូវរំពឹងទុកពីថ្មអវកាស Ultima Thule ហើយជួយអ្នកវិទ្យាសាស្រ្តកែសម្រួលគម្រោងហោះ Flyby របស់ពួកគេ។
ដោយឡែក វាពុំមែនជាលើកទីមួយឡើយ ដែលក្រុម New Horizons បានធ្វើការតាមដានស្រមោលរបស់ Ultima Thule។ កាលពីឆ្នាំទៅមិញ ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើដំណើរទៅកាន់អាហ្សង់ទីន និងអាហ្រ្វិកខាងត្បូង ដើម្បីសង្កេតបាតុភូត Occultation ហើយនាពេលនោះ ទិន្នន័យដែលក្រុមការងារនៅអាហ្សង់ទីនប្រមូលបាន បានផ្តល់ប្រយោជន៍ជាច្រើនក្នុងកំណត់រយៈចម្ងាយនៃគម្រោងហោះ Flyby នៅចម្ងាយ៣,៥០០គីឡូម៉ែត្រ។
គួរជម្រាបថា ការសង្កេតកាលពីឆ្នាំ២០១៧ ក៏បានបង្ហាញតំរុយដែរថា Ultima Thule តាមពិតប្រហែលអាចជាដុំថ្មពីរធ្វើគោចរក្នុងគន្លងជាមួយគ្នា ហើយវាថែមទាំងអាចមានព្រះច័ន្ទទៀតផង។ បើតាមការបញ្ជាក់ពីក្រុមការងារ New Horizon ពុំមានគម្រោងសង្កេតបាតុភូត Occultation ណាផ្សេងត្រូវបានគ្រោងឡើងហួសពីគម្រោងនាចុងសប្តាហ៍នេះឡើយ៕