(កាណាដា)៖ អ្នកវិទ្យាសាស្រ្តបានកំណត់ថា ខ្សែពន្លឺពណ៌ស្វាយលាយសគេហៅថា STEVE ដែលលេចឡើងលើផ្ទៃមេឃនៅពេលរាត្រីនោះ តាមពិតគឺជាបាតុភូតដ៏ថ្មីសន្លាងមួយ ពុំមែនជាប្រភេទពន្លឺ Aurora ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញវែបសាយ Express នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
ពន្លឺ STEVE (Strong Thermal Emission Velocity Enhancement) ត្រូវអ្នកនិយមថតរូប បានដឹងនិងបានស្គាល់ តាំងតែពីយូរណាស់មកហើយ ប៉ុន្តែអ្នកវិទ្យាសាស្រ្តទើបតែបានផ្តោតការសិក្សាទៅលើពួកវា នាប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ អ្វីដែលនាំឲ្យពន្លឺពណ៌ស្វាយនេះ ខុសពីបាតុភូត Aurora Borealis នៅតំបន់ប៉ូល ដែលគេហៅថា Northern ឬ Southern Light នោះ គឺទាក់ទិននឹងដំណើរការនៃការកកើតរបស់ពួកវា។ ខណៈពន្លឺ Aurora កើតឡើងនៅពេលភាគល្អិតផ្ទុកកម្លាំងចរន្តពីព្រះអាទិត្យ បានមកប៉ះជាមួយបរិយាកាសផែនដីអ្នកវិទ្យាសាស្រ្ត មិនទាន់អាចរកឃើញមូលហេតុប្រាកដ ថាតើអ្វីជាអ្នកបង្កឲ្យពន្លឺ STEVE លេចឡើងនោះឡើយ។
គួរជម្រាបថា នាពេលកន្លងមកនេះ ពន្លឺ STEVE ត្រូវបានគេប្រទះឃើញនៅលើផ្ទៃមេឃពេលរាត្រី របស់ចក្រភពអង់គ្លេស កាណាដា កោះអាឡាស់ស្កា និងបណ្តារដ្ឋភាគខាងជើងអាមេរិក ព្រមទាំងប្រទេសនូវែលសេឡង់ ហើយវាលាតសន្ធឹងរាប់សែនគីឡូម៉ែត្រ និងលេចឡើងដោយអមជាមួយពន្លឺ Aurora។ ម៉្យាងវិញទៀត ជាទូទៅ ពន្លឺចម្លែកនេះ តែងបង្ហាញខ្លួនចន្លោះពីរយៈពេល២០នាទីទៅមួយម៉ោង៕