តាមពិតពន្លឺចម្លែកពណ៌ស្វាយនៅលើផ្ទៃមេឃពេលរាត្រី គឺជាបាតុភូតថ្មីសន្លាងមួយ មិនមែនជាប្រភេទពន្លឺ Aurora នោះទេ

308

 

(កាណាដា)៖ អ្នកវិទ្យាសាស្រ្តបានកំណត់ថា ខ្សែពន្លឺពណ៌​ស្វាយលាយស​គេហៅថា STEVE ដែលលេចឡើងលើផ្ទៃមេឃនៅពេលរាត្រី​​នោះ តាមពិតគឺជាបាតុភូត​ដ៏ថ្មីសន្លាងមួយ ពុំមែន​ជា​ប្រភេទពន្លឺ Aurora ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញវែបសាយ Express នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

ពន្លឺ STEVE (Strong Thermal Emission Velocity Enhancement) ត្រូវ​​អ្នកនិយមថតរូប បានដឹងនិងបានស្គាល់ តាំងតែពីយូរណាស់​មក​ហើយ ប៉ុន្តែអ្ន​កវិទ្យាសាស្រ្តទើបតែបានផ្តោតការសិក្សាទៅលើ​ពួកវា នាប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ អ្វីដែលនាំឲ្យ​ពន្លឺពណ៌​ស្វាយ​នេះ ខុសពី​បាតុភូត Aurora Borealis ​នៅតំបន់ប៉ូល ដែលគេហៅថា Northern ឬ Southern Light នោះ គឺទាក់ទិននឹងដំណើរការ​នៃ​ការ​កកើត​របស់ពួកវា។ ខណៈពន្លឺ Aurora កើតឡើង​នៅពេលភាគល្អិតផ្ទុកកម្លាំងចរន្ត​ពីព្រះអាទិត្យ បានមកប៉ះជាមួយ​បរិយាកាស​ផែនដី​អ្នក​វិទ្យាសាស្រ្ត មិនទាន់អាចរកឃើញមូលហេតុប្រាកដ ថាតើអ្វីជាអ្នកបង្កឲ្យពន្លឺ STEVE លេចឡើងនោះឡើយ។

គួរជម្រាបថា ​​នាពេលកន្លងមកនេះ ពន្លឺ STEVE ​ត្រូវបានគេប្រទះឃើញ​នៅលើ​ផ្ទៃមេឃពេលរាត្រី ​របស់ចក្រភពអង់គ្លេស កាណាដា កោះអាឡាស់ស្កា និងបណ្តារដ្ឋភាគខាងជើងអាមេរិក ព្រមទាំងប្រទេសនូវែលសេឡង់ ហើយវាលាតសន្ធឹងរាប់​សែនគីឡូម៉ែត្រ និង​​​​លេចឡើង​ដោយអមជាមួយពន្លឺ Aurora។ ម៉្យាងវិញទៀត ជាទូទៅ​ ពន្លឺចម្លែកនេះ តែងបង្ហាញខ្លួនចន្លោះពីរយៈពេល២០នាទីទៅមួយ​ម៉ោង៕

480×240 Banner