(អាមេរិក)៖ កែវយឺតអវកាសនៃទីភ្នាក់ងារអវកាសអាមេរិក NASA បានឆ្លុះឃើញពន្លឺនៃបន្ទុះផ្កាយ ដែលបានកើតឡើងកាលពីប្រមាណជា ១៧០លានឆ្នាំមុន ពោលគឺតារាមួយដួងនេះស្ថិតនៅចម្ងាយ ១៧០លានឆ្នាំពន្លឺពីយើង។ នេះបើតាមការប្រកាសឲ្យដឹងពី NASA ដកស្រង់ខ្លឹមសារដោយវែបបសាយ Space នៅយប់ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
នៅពេលផ្កាយធំមួយឈានដល់ទីបញ្ចប់នៃអាយុជីវិតរបស់វា ការផ្ទុះដ៏ភ្លឺចែងចាំង និងពោរពេញដោយថាមពល ដែលគេស្គាល់ថា «បាតុភូតបន្ទុះស៊ូភើណូវ៉ា» តែងកើតឡើង។ តាមរយៈការប្រើប្រាស់ Kepler ជាកែវយឺតអវកាស ដែលបច្ចុប្បន្នចូលនិវត្តន៍ទៅហើយនោះ ព្រមទាំងប្រព័ន្ធតេឡេស្កូបមួយចំនួនទៀតនៅលើផែនដី ក្រុមតារាវិទូបានរកឃើញសញ្ញានៃពន្លឺចែងចាំងរបស់បាតុភូតស៊ូភើណូវ៉ា ដែលគេដាក់ឈ្មោះឲ្យថា SN 2018oh កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។
SN 2018oh ស្ថិតនៅក្នុងកាឡាក់ស៊ីរាងគូទខ្យងមានឈ្មោះថា UGC 4780 នៅក្នុងកញ្ចុំផ្កាយ Cancer ហើយវាត្រូវអ្នកវិទ្យាសាស្រ្តចាត់ថ្នាក់ជាប្រភេទស៊ូភើណូវ៉ា Type Ia ដែលជាទូទៅជះពន្លឺខ្លាំងឡើងៗក្នុងអំឡុងពេល ០៣សប្តាហ៍មុនពន្លឺវាចុះខ្សោយទៅវិញ។
យ៉ាងណាមិញ បន្ទុះស៊ូភើណូវ៉ា ដែលប្រទះឃើញដោយ Kepler តែប៉ុន្មានថ្ងៃក្រោយការចាប់ផ្តើមផ្ទុះដំបូងនោះ មានការកើនឡើងពន្លឺក្នុងកម្រិត០៣ដងលឿនជាងស៊ូភើណូវ៉ាធម្មតា នៅក្នុងដំណាក់កាលដូចគ្នា មុនពេលឈានដល់ចំណុចភ្លឺខ្លាំងបំផុត។ ក្នុងនាមជាប្រភេទស៊ូភើណូវ៉ា Type Ia SN 2018oh គឺជាឧទាហរណ៍ចម្បងជាងគេមួយ នៃប្រភេទស៊ូភើណូវ៉ា ដែលអ្នកតារាសាស្រ្តអាចប្រើប្រាស់ដើម្បីសិក្សាលើថាមពលងងឹត (Dark Energy) និងការពង្រីកខ្លួននៃចក្រវាឡ។
គួរជម្រាបថា ទោះបីជាអស់ឥន្ទនៈហើយចូលនិវត្តន៍ជាផ្លូវការកាលពីថ្ងៃទី៣០ ខែតុលា ក៏ដោយក្តៅ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការរាប់ឆ្នាំរបស់វា កែវយឺតអវកាស Kepler បានប្រទះឃើញបេក្ខភាពជាបន្ទុះស៊ូភើណូវ៉ាជាង ៤០ ដែលនឹងត្រូវសិក្សាស្រាវជ្រាវជាបន្តបន្ទាប់នាថ្ងៃអនាគត៕