អាមេរិកអាចស៊ើបអង្កេតលើកម្មវិធីចិន TikTok ព្រោះតែការគំរាមកំហែងដល់សន្តិសុខ…

186

(អាមេរិក)៖ កម្មវិធីទូរស័ព្ទដែលកំពុងល្បីល្បាញខ្លាំងរបស់ចិនគឺ TikTok ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរបក្ស ធ្វើការព្រមានដូចៗគ្នាថា អាចគំរាមកំហែងដល់សន្តិសុខជាតិ ខណៈយុវវ័យអាមេរិកកាន់តែច្រើន ត្រូវបានគេរាយការណ៍ថា បាននិងកំពុងប្រើប្រាស់វាដើម្បីជាការកម្សាន្ត។ នេះបើតាមការចេញផ្សាយដោយ CNN នាល្ងាចថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

សមាជិកព្រឹទ្ធសភាអាមេរិកពីររូបគឺលោក ឆាក់ ស្គូមើ (Chuck Schumer) និង ថម ខូតថុន (Tom Cotton) បានចេញមុខព្រមានអំពីបញ្ហានានា ដែលសហរដ្ឋអាមេរិកនឹងត្រូវប្រឈមមុខ ហើយក៏បានអំពាវនាវផងដែរឲ្យប្រតិបត្តិករ និងទីភ្នាក់ងារស៊ើបអង្កេតអាមេរិក ចាត់វិធានការចំពោះកម្មវិធី TikTok ព្រោះវាអាចមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។ សមាជិកព្រឹទ្ធសភាអាមេរិក ក៏បានឈានទៅព្រមានផងដែរថា TikTok អាចនឹងត្រូវប្រើប្រាស់ ដើម្បីលូកលាន់ការបោះឆ្នោតនៅអាមេរិកថែមទៀតផង។

គួរបញ្ជាក់ថា TikTok គឺជាកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះ និងរីកចំរើនយ៉ាងឆាប់រហ័សមួយរបស់ចិន ដែលមិនត្រឹមតែក្នុងស្រុកចិននោះទេ សូម្បីតែនៅប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ក៏កំពុងសប្បាយរីករាយនឹង App ដែលអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង Android នេះផងដែរ។ TikTok ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន បៃដេនស៍ (Bytedance) មានមូលដ្ឋាននៅទីក្រុងប៉េកាំងហើយវាមានការពេញនិយមខ្លាំង ក៏ព្រោះតែមុខងារនៃការចែករំលែកវីដេអូកម្សាន្តបែបកំប្លែង និងការកាត់តវីដេអូខ្លីៗ អមដោយសំឡេង ឬចំរៀងពេញនិយមជាដើម៕

480×240 Banner