អង្គការ AHF កម្ពុជា, អង្គការសង្គមស៊ីវិល និងបណ្តាញការងារជាច្រើននៅកម្ពុជា រួមគ្នាអំពាវនាវឱ្យសហភាពអឺរុប បញ្ឈប់ការរារាំងការទទួលបានសមធម៌សេវាសុខភាព
(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយអង្គការដៃគូ និងបណ្តាញការងារជាច្រើនស្ថាប័ននៅកម្ពុជា បានរួមគ្នាស្នើទៅកាន់សហភាពអឺរុប (EU) បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដោយជម្រុញឱ្យការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប (EC) គាំទ្រឧបសម្ព័ន្ធនៃការទទួលបាន និងចែករំលែកអត្ថប្រយោជន៍ (PABS) ដែលមានកាតព្វកិច្ចស្របច្បាប់ចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក WHO។
ការអំពាវនាវនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូ និងបណ្តាញការងាររបស់អង្គការនៅកម្ពុជា ដើម្បីឱ្យសហភាពអឺរុប (EU): បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោកវេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា។

នាឱកាសនោះលោកវេជ្ជ ចន ផាន់ណា បានបញ្ជាក់ថា កិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO ដែលត្រូវបានអនុម័តនៅក្នុងខែឧសភា ឆ្នាំ២០២៥ មិនអាចបន្តទៅមុខបានទេ រហូតដល់ការចចារសម្រាប់ឧបសម្ព័ន្ធ PABS ត្រូវបានបញ្ចប់។ ឧបសម្ព័ន្ធនេះគ្រប់គ្រងពីរបៀបដែលគំរូភ្នាក់ងារបង្កររោគ និងទិន្នន័យហ្សែនត្រូវបានចែករំលែក ដើម្បីអភិវឌ្ឍវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល និងរបៀបដែលអត្ថប្រយោជន៍ត្រូវបានប្រគល់មកវិញប្រកបដោយសមធម៌។ ការចរចានៅតែពិបាកដោយ គណៈកម្មការអឺរ៉ុប និងប្រទេសអ្នកមានដូចជាអាល្លឺម៉ង់ និងស្វីស នៅបន្តប្រឆាំងនឹងបទប្បញ្ញត្តិសមធម៌សំខាន់ៗទាំងនេះ។

លោកវេជ្ជ ចន ផាន់ណា បានបន្ថែមថា ថ្ងៃឱសានវាទកិច្ចព្រមព្រៀង ខិតជិតមកដល់យ៉ាងឆាប់រហ័សនាខែឧសភា ឆ្នាំ២០២៦ ការបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងមួយដែលអាចទទួលស្គាល់ និងអាចអនុវត្តបាននោះ វាអាចធ្វើឱ្យយឺតយ៉ាវក្នុងការផ្តល់សច្ចាប័ន និងបង្ករកើតមានសារជាថ្មី ម្តងទៀតនូវកង្វះសមធម៌ និងភាពមិនស្មើគ្នាដែលយើងឃើញកើតមានឡើងក្នុងអំឡុងពេលរីករាតត្បាតកូវីដ១៩ ខណៈពេលដែលក៏ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពផលិតកម្មសម្រាប់ក្នុងតំបន់ និងអធិបតេយ្យភាពសុខភាពពិតប្រាកដនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយអង្គការដៃគូ និងបណ្តាញការងារជាច្រើនស្ថាប័ននៅកម្ពុជា បានដាក់សំណើរសំខាន់ៗទៅកាន់អ្នកធ្វើការសម្រេចចិត្តរបស់សហភាពអឺរ៉ុបមានដូចជា៖
• គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចត្រូវបានផ្តល់សច្ចាប័នដោយគ្មានឧបសម្ព័ន្ធ PABS ទេ ហើយឧបសម្ព័ន្ធនេះមិនគួរត្រូវបានអនុម័តដោយគ្មានបទប្បញ្ញត្តិសមធម៌ដែលមានកាតព្វកិច្ចនោះទេ។
• កិច្ចសហប្រតិបត្តិការ មិនមែនការទាញយកចំណេញទេ៖ អ្នកដែលទទួលបានប្រាក់ចំណេញពីប្រព័ន្ធត្រូវតែចូលរួមចំណែកដល់ប្រព័ន្ធ។ ក្រុមហ៊ុនផលិតដែលចូលរួម និងអ្នកប្រើប្រាស់ពាណិជ្ជកម្មទាំងអស់ត្រូវតែទទួលរងនូវការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចជាមួយនឹងការទទួលខុសត្រូវពិតប្រាកដ និងភាពច្បាស់ប្រាកដផ្នែកច្បាប់តាមរយៈកាតព្វកិច្ចក្នុងកិច្ចសន្យា ។ អត្ថប្រយោជន៍ត្រូវតែរួមបញ្ចូលការទទួលបានវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយសមធម៌ អាជ្ញាប័ណ្ណមិនផ្តាច់មុខសម្រាប់ក្រុមហ៊ុនផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងពេលមានអាសន្នដល់សុខភាពសំខាន់ៗ និងការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ។
• គ្មានការចុះបញ្ជី គ្មានការទទួលបាន៖ ប្រសិនបើយើងមិនដឹងថាអ្នកណាកំពុងចូលប្រើប្រព័ន្ធទេ យើងមិនអាចធ្វើឱ្យពួកគេទទួលខុសត្រូវបានទេ។ សហភាពអឺរ៉ុបត្រូវតែគាំទ្រការចុះបញ្ជីអ្នកប្រើប្រាស់ និងការតាមដាន ដើម្បីការពារភាពសុចរិតនៃប្រព័ន្ធ និងធានាថាវាមិនអាចកេងប្រវ័ញ្ចបានទេ។
• ធានាការរាប់បញ្ចូលពោពេញដោយតម្លៃសម្រាប់សង្គមស៊ីវិល៖ តម្លាភាព ការទទួលខុសត្រូវ និងសំឡេងសហគមន៍គឺចាំបាច់ដើម្បីការពារសមធម៌។
• បញ្ឈប់ការរារាំងសមធម៌ ទទួលកិច្ចព្រមព្រៀងមួយរួចរាល់៖ ឧបសម្ព័ន្ធខ្សោយមួយប្រឈមនឹងការកើតម្តងទៀតនូវភាពមិនស្មើគ្នា និងកង្វះសមធម៌ ដូចកាលជំងឺរាតត្បាតកូវីដ-១៩ ខណៈពេលនោះដែលក៏ធ្វើឱ្យប្រទេសទាំងអស់ប្រឈមនឹងហានិភ័យ។ ប្រទេសកំពុងអភិវឌ្ឍន៍កំពុងអំពាវនាវឱ្យមានការចែករំលែកអត្ថប្រយោជន៍ដែលមានកាតព្វកិច្ច និងអាចអនុវត្តបាន ហើយសហភាពអឺរ៉ុបត្រូវតែឈប់ពន្យារពេល និងអនុវត្ត។
• ការពារផលិតកម្មដោយប្រទេសក្នុងតំបន់៖ បើគ្មានការចែករំលែកអត្ថប្រយោជន៍ដែលមានលក្ខណៈសមធម៌នោះទេ គំនិតផ្តួចផ្តើមប្រកបដោយអធិបតេយ្យភាពសម្រាប់ផលិតកម្មដោយប្រទេសក្នុងតំបន់ ហើយធិបតេយ្យភាពសុខភាពប្រឈមនឹងការក្លាយជាការសន្យាដែលអត់ប្រយោជន៍។ បទប្បញ្ញត្តិ PABS ដែលមានកាតព្វកិច្ចគឺមានសារៈសំខាន់ដើម្បីធ្វើឱ្យវាក្លាយជាការពិត។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការសកលមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់ការព្យាបាល និងការស្វែងរកការគាំទ្រ ដល់មនុស្សជាង ២.៨ លាននាក់នៅក្នុងប្រទេសចំនួន ៥០ ទូទាំងពិភពលោក នៅទ្វីបអាហ្វ្រិក អាមេរិក តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប៕
(រូបភាពទាំងស្រុងពី AHF Cambodia)



















