ពេលនេះចិនចាប់ផ្តើមអភិវឌ្ឍន៍សេវា 6G ហើយដែលនឹងដើរលឿនជាង 5G រាប់សិបដង…

163

(ប៉េកាំង)៖ ពេលនេះប្រទេសចិនបានប្រកាសហើយ អំពីការចាប់ផ្តើមជាផ្លូវការនូវកិច្ចដំណើរការស្រាវជ្រាវ និងអភិវឌ្ឍន៍បណ្តាញសេវា 6G ដែលនឹងមានល្បឿនលឿនខ្លាំងជាង 5G បច្ចុប្បន្នេះឆ្ងាយបន្ថែមទៀត។ នេះបើតាមការដកស្រង់ព័ត៌មានពីក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រចិនដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការបង្ហើបឲ្យដឹងអំពីការអភិវឌ្ឍសេវា 6G ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីប៉េកាំង ដោយក្នុងនោះក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រចិនមិនត្រឹមតែបង្ហើប អំពីបណ្តាញសេវាទូរគមនាគមន៍ដ៏លឿនអស្ចារ្យនេះឡើយ តែខ្លួនក៏បានបង្ហាញនូវបណ្តាញសេវា 5G កម្រិតថ្មីមួយថែមទៀតផងដែរ។
អនុរដ្ឋមន្ត្រីនៃក្រសួងចិនខាងលើនេះគឺលោក វ៉ាង វៃ (Wang Wei) បានអះអាងថា «បច្ចេកវិទ្យា 6G របស់សកលលោកពេលនេះ កំពុងស្ថិតនៅក្នុងតំណាក់កាលដំបូងបំផុតនៃការស្រាវជ្រាវ ហើយឬសគល់នៃបច្ចេកវិទ្យារបស់វានោះ ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ខណៈសូចនាករសំខាន់ៗ និងសេណារីយ៉ូនៃកម្មវិធី មិនទាន់ត្រូវបានកំណត់…»។

ទោះបីជាបែបនេះក្តី ក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររបស់ចិននៅតែបានបង្ហាញក្តីជឿជាក់ នៅក្នុងការស្រាវជ្រាវរបស់ខ្លួន ដោយសារតែពេលនេះក្រុមអ្នកជំនាញផ្នែកទូរគមនាគមន៍ចំនួន ៣៧រូបមកពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងស្ថាប័ននានាបាននិងកំពុងសិក្សារួមគ្នា អំពីការបង្កើតផែនការមេដើម្បីអភិវឌ្ឍន៍ 6G និងស្វែងយល់ឲ្យច្បាស់អំពីលទ្ធភាពនៃការបង្កើត។
ដោយសារតែ 6G មិនទាន់លេចចេញជាសញ្ញាដំបូងណាមួយនៅឡើយនោះ ក្រុមអ្នកជំនាញមិនអាចប៉ាន់ស្មានដឹង អំពីសមត្ថភាពរបស់វាដែលនឹងមាននោះឡើយ ប៉ុន្តែក៏មានអ្នកជំនាញខ្លះធ្លាប់បានអះអាងផងដែរថា 6G អាចមានល្បឿនដោនឡូដទិន្នន័យ រហូតដល់ ១០០ជីកាបៃក្នុងមួយវិនាទី ដែលលើស 5G រហូតដល់រាប់សិបដង៕

480×240 Banner