អេហ្ស៊ីបត្រៀមបង្ហើបអំពីប្រភេទសត្វ ដែលត្រូវបានរកឃើញនៅក្នុងផ្នូរបុរាណ
(គែរ)៖ ការរកឃើញដែលទំនងជានឹងបង្កភាពភ្ញាក់ផ្អើល បាននិងកំពុងធ្វើឲ្យគ្រប់គ្នាអន្ទះសារចង់ដឹងអំពីការពិត ខណៈក្រុមបុរាណវិទ្យា និងអ្នកស្រាវជ្រាវរបស់ប្រទេសអេហ្ស៊ីប នឹងបង្ហាញវាជាផ្លូវការនៅពេលបើកសម្ពោធសារមន្ទីរធំ (GEM) នៅឆ្នាំ២០២០ខាងមុខនេះ។ វាទំនងជាសត្វឆ្មាធំមួយប្រភេទ ដែលស្រដៀងនឹងតោផងដែរ។
បណ្ឌិត Khaled El-Enany រដ្ឋមន្ត្រីវត្ថុបុរាណរបស់អេហ្ស៊ីបធ្លាប់បានប្រកាសថា «ក្រុមជំនាញអេហ្ស៊ីបនឹងធ្វើការប្រកាសអំពីលទ្ធផល នៃការវិភាគទៅសត្វនោះនៅអំឡុងខែវិច្ឆិកានេះតែម្តង ក្រោយពីការប្រើប្រាស់មីស៊ីន CT ស្គែន និងការពិនិត្យ DNA ទៅរូបរាង (អាចជាហ្វូស៊ីល) របស់សត្វនោះ…។ វាដូចជាសត្វឆ្មាដ៏ធំមួយក្បាល ដូច្នេះយើងកំពុងតែកំណត់ធាតុពិតរបស់វា…។ វាក៏អាចជាតោ ឬក៏សត្វស្រដៀងតោ ប៉ុន្តែឥឡូវនេះយើងនៅតែកំពុងសិក្សាបន្តទៀត ហើយនឹងប្រកាសលទ្ធផលនៅប៉ុន្មានសប្តាហ៍ទៀត…»។
បណ្ឌិត El-Enany បានបដិសេធក្នុងការផ្តល់ចម្លើយបន្ថែម ចំពោះសត្វចម្លែកដែលត្រូវបានរកឃើញ ហើយលោកត្រឹមតែអាចប្រាប់បានថា ក្រុមបុរាណវិទូនៅតែកំពុងស្រាវជ្រាវបន្ថែម ដើម្បីបំបែកអាថ៌កំបាំងនោះ។ វាក៏អាចត្រូវគេយកទៅតាំងបង្ហាញនៅក្នុងសារមន្ទីរ GEM នៅឆ្នាំ២០២០ ដែលនឹងក្លាយជាសារមន្ទីរជាតិធំបំផុតលើលោក ពោពេញទៅដោយការពន្យល់អំពីសាកសពម៉ាមី (Mummies) និងអាថ៌កំបាំងធំៗផ្សេងទៀតសរុបជាង ១០០,០០០មុខ របស់អាណាចក្រអេហ្ស៊ីបបុរាណដ៏គួរឲ្យរំភើប។
គួរបញ្ជាក់ថា ជនជាតិអេហ្ស៊ីបបុរាណត្រូវបានគេដឹងថា មានការគោរពបូជាចំពោះសត្វឆ្មាខ្លាំងណាស់ ហើយអ្នកដែលបានបង្ករបួស ឬក៏សម្លាប់សត្វនេះ នឹងត្រូវទទួលទោសផងដែរ។ កាលពី ៣,០០០ឆ្នាំមុនគ្រិស្តសករាជ ជនជាតិអេហ្ស៊ីបបានលើកតម្កើងសត្វឆ្មាជាអទិទេព ដោយបានបង្កើតរូបសំណាកមួយប្រភេទ មានក្បាលជាសត្វឆ្មា ឬចចក និងខ្លួនជាមនុស្សស្រី ហើយត្រូវបានតាំងនាមថា Bastet៕
ប្រភព៖ Live Science និង Sputnik (ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩)