កូរ៉េខាងត្បូងសុខចិត្ត «ផ្អាករោងចក្រធ្យូងថ្ម២៥%» ​ដើម្បីបង្កើនកិច្ចការពារបរិស្ថាន

148

(សេអ៊ូល)៖ ប្រភពថាមពលពិតជាសំខាន់ណាស់ សម្រាប់ប្រទេសទាំងអស់លើពិភពលោក ជាពិសេសបណ្តាប្រទេសដែលមានឧស្សាហកម្មរីកចំរើនខ្លាំង ប៉ុន្តែប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ការប្រែប្រួលបរិយាកាសផែនដី កំពុងក្លាយជាសំនួរដ៏ចាក់ដោតនៅគ្រប់ទិសទី។ ហេតុដូច្នេះទើបប្រទេសកូរ៉េខាងត្បូង បានសម្រេចផ្អាកសកម្មភាព រោងចក្រផលិតថាមពលពីធ្យូងថ្មប្រមាណ ២៥% នៅទូទាំងប្រទេសតែម្តង។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះ ទីក្រុងសេអ៊ូលបានគូសបញ្ជាក់ថា ប្រទេសអាស៊ីខាងកើតមួយនេះ នឹងផ្អាកដំណើរការរោងចក្រធ្យូងថ្មប្រមាណ ២៥% នៅក្នុងរយៈពេល ០៣ខែខាងមុខ (ពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ចុងខែចុងខែកុម្ភៈ ឆ្នាំ២០២០) ដើម្បីកាត់បន្ថយការបំពុលបរិយាកាសដែលជាក្តីកង្វល់ធំមួយ ពីសំណាក់ប្រជាជនកូរ៉េខាងត្បូង និងពិភពលោកទាំងមូល។ ប្រទេសកូរ៉េខាងត្បូងដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ១១ លើពិភពលោក កំពុងតែព្យាយាមដោះស្រាយនូវក្តីកង្វល់ អំពីភាគល្អិតនៅក្នុងខ្យល់ ឬធាតុពុលល្អិតៗដែលយើងមិនឃើញ «fine dust» ព្រោះវាពិតជាកំពុងបំពុលបរិស្ថានខ្លាំងឡើងៗ។

ក្រៅពីការចាត់វិធានការដោះស្រាយបញ្ហាខាងលើនេះ កូរ៉េខាងត្បូងក៏បានចោទប្រកាន់ទៅប្រទេសចិនផងដែរថា ជាប្រភពនៃការបំពុលបរិយាកាសផែនដី ធំជាងគេបំផុតក្នុងពិភពលោក ហើយក៏បានជះឥទ្ធិពលអាក្រក់នេះ មកដល់កូរ៉េខាងត្បូងផងដែរតាមរយៈខ្យល់អាកាស។ នរណាក៏ដឹងដែរថា កូរ៉េខាងត្បូងមិនសូវសម្បូរធនធានធម្មជាតិនោះទេ ប៉ុន្តែប្រទេសនេះនៅតែអាចដំណើរការរោងចក្រធ្យូងថ្មប្រមាណ ៦០ទីតាំង ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណ ៤០% នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ការសម្រេចចិត្តផ្អាករោងចក្រផលិតថាមពលពីចំហេះធ្យូងថ្មនេះ គឺទំនងជានឹងមិនបង្កប៉ះពាល់ ដល់ការផ្គង់ផ្គង់អគ្គិសនីក្នុងប្រទេសប៉ុន្មានឡើយ ព្រោះកូរ៉េខាងត្បូងកំពុងឈានចូលរដូវរងារខ្លាំង ដែលតម្រូវការថាមពលអគ្គិសនីតែងតែធ្លាក់ចុះ៕

480×240 Banner