ដណ្តើមគ្នាគ្មានសល់ចន្លោះសូម្បីតែសមុទ្រទឹកកក, ពេលនេះដាណឺម៉ាកប្រុងជើងការ ដើម្បីការពារកោះយក្សរបស់ខ្លួន
(ដាណឺម៉ាក)៖ ប្រទេសដាណឺម៉ាកបានសម្រេចចិត្តជាលើកដំបូង ដោយចាត់ទុកកោះទឹកកកគ្រីនលែន (Greenland) ដែលសម្បូរទៅដោយធនធានរ៉ែ ស្ថិតនៅក្បែរប៉ូលខាងជើងផែនដី «ជាអាទិភាពដ៏ចម្បងមួយនៃរបៀបវារៈសន្តិសុខជាតិរបស់ខ្លួន» ដោយនាំមុខលើបញ្ហាភេរវកម្ម និងបទឧក្រិដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យាទៅទៀត។
ទីភ្នាក់ងារការណ៍សម្ងាត់នៃវិស័យការពារជាតិរបស់ដាណឺម៉ាក (FE) បានភ្ជាប់ការផ្លាស់ប្តូរអាទិភាពខាងលើ ទៅនឹងការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិក មកលើដែនដីកោះដ៏ធំនេះ ពោលគឺក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញបំណងចង់ទិញយកកោះ Greenland។ ប្រធានទីភ្នាក់ងារ FE លោក ឡាស ហ្វាញសិន (Lars Findsen) បាននិយាយថា ឥឡូវ Greenland គឺជាបញ្ហាសន្តិសុខចម្បងបំផុតមួយសម្រាប់ដាណឺម៉ាក ដោយសារតែប្រទេសមហាអំណាច ហាក់កំពុងព្យាយាមលេងល្បែងដណ្តើមអំណាច នៅតំបន់ជុំវិញសមុទ្រទឹកកកអាក់ទិក។
គួរជម្រាបថា កោះគ្រីនរបស់ដាណឺម៉ាកកាន់តែមាន សារៈសំខាន់ផ្នែកយុទ្ធសាស្រ្តខ្លាំងឡើងៗ ស្របពេលដែលចរាចរណ៍នៃការដឹកជញ្ជូន តាម មហាសមុទ្រអាក់ទិកកាន់តែមានភាពមមាញឹក ហើយប្រទេសមហាអំណាចធំៗបានងាកទៅ ផ្តោតសំខាន់លើការប្រជែងយកធនធានរ៉ែ ដ៏កម្រៗជាច្រើននៅតំបន់នោះ។ មួយវិញទៀតក្រៅពីធនធានរ៉ែ កោះ Greenland មានទីតាំងយុទ្ធសាស្រ្តយ៉ាងអំណោយផល គឺស្ថិតនៅចន្លោះតំបន់អាមេរិកខាងជើង និងអឺរ៉ុប។
យ៉ាងណាមិញ ដាណឺម៉ាកបានកត់សម្គាល់ឃើញថា ល្បែងដំណ្តើមអំណាចកំពុងលេចរូបរាងឡើង ជាបណ្តើរៗនៅតំបន់អាក់ទិករវាងរុស្ស៊ី សហរដ្ឋអាមេរិក និងចិន ដែលអាចនឹងធ្វើឲ្យមានភាពតានតឹងកើតឡើងក្នុងតំបន់ បើទោះបីជាប្រទេសនៅជុំវិញតំបន់អាក់ទិកបានព្យាយាមរក្សាចេតនារួម ដែលចង់រក្សាកុំឲ្យតំបន់នេះជួបប្រទះ បញ្ហាវិវាទផ្នែកសន្តិសុខក៏ដោយ។
កោះ Greenland មានមនុស្សរស់នៅប្រហែល ៥៦,០០០នាក់ និងគ្របដណ្តប់ដោយផ្ទាំងទឹកកកខ្ទង់ ៨០ភាគរយនៃផ្ទៃដីទាំងអស់របស់កោះនេះ ហើយមានទំហំប្រហាក់ប្រហាក់នឹងប្រទេសអារ៉ាប៊ីសាអូឌីត។ ម៉្យាងវិញទៀត Greenland គឺជាផ្ទាំងទឹកកកធំជាងគេទីពីរលើពិភពលោក បន្ទាប់ពីផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិក និងជាដែនកោះធំបំផុតលើលោក ដែលត្រូវបានគ្រប់គ្រងដោយប្រទេសមួយ នោះគឺដាណឺម៉ាក៕
ប្រភព៖ សារព័ត៌មាន BBC (ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩)