អាមេរិក៖ «នៅលើឋានព្រះច័ន្ទមានទឹក ហើយក្នុងចំនួនច្រើនទៀតផង» គ្រាន់តែមិនទាន់ដឹងថា មានប្រភពដើមពីណា!
(ញូយ៉ក)៖ វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ សម្រាប់ការស្វែងរកប្រភពទឹកនៅលើឋានព្រះច័ន្ទ ដែលជាផ្កាយរណបធម្មជាតិរបស់ផែនដី ប៉ុន្តែសម្រាប់ការហ៊ានអះអាងថា នៅក្នុងផ្ទៃព្រះច័ន្ទដ៏ហួតហែងមានលាក់នូវទឹករាវនោះ វាពិតជារឿងដែលភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះកន្លងមកទាំងអង្គការ NASA និងទីភ្នាក់ងារអវកាសមួយចំនួនធ្លាប់អះអាងហើយថា ព្រះច័ន្ទជាទីឋានស្លាប់ ហើយគ្មានទឹកនៅក្នុងស្រទាប់ក្នុងនោះឡើយ ដោយមានតែដុំថ្មរឹងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
តាមរយៈទិន្នន័យដែលត្រូវបានវិភាគ និងបញ្ជូនមកតាមរយៈផ្កាយរណប ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Brown ក្នុងសហរដ្ឋអាមេរិក បានរកឃើញទឹកតិចតួចនៅក្នុងរណ្តៅភ្នំភ្លើង និងនៅក្នុងស្រទាប់ថ្មដែលរាលដាលនៅលើផ្ទៃរបស់ព្រះច័ន្ទ ដែលជាកន្លែងធ្លាប់មានភ្នំភ្លើងផ្ទុះឡើង កាលពីរាប់ពាន់លានឆ្នាំមុន។ ទិន្នន័យនេះអាចបញ្ជាក់បានថា ទឹកជាច្រើនកំពុងតែលាក់ខ្លួននៅក្នុងស្រទាប់ជ្រៅរបស់ព្រះច័ន្ទ ដែលស្ថិតនៅចន្លោះស្រទាប់ក្នុង និងស្នូលរបស់វាតែម្តង។
បន្ថែមពីខាងលើនេះ សាស្ត្រាចារ្យ Ralph Milliken ដែលដឹកនាំការសិក្សានេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន CNN ថា «ការរកឃើញកាលពីអតីត ចំពោះទឹកនៅលើឋានព្រះច័ន្ទនោះ មិនមែនបានមកពីប្រភពតិចតួចនោះទេ»។ ព្រះច័ន្ទត្រូវបានគេជឿជាក់ថា ត្រូវបានបង្កើតឡើងបន្ទាប់ពីវត្ថុអវកាសមួយប៉ុនភពអង្គារ បុកទង្គិចនឹងផែនដីពេញមួយទំហឹងកាលពីជាង ៤ពាន់លានឆ្នាំមុន ហើយវត្ថុធាតុជាច្រើនត្រូវបានបែកខ្ញែក និងប្រមូលផ្តុំ(ក្នុងនោះអាចមានទឹកផងដែរ) ក្លាយជាព្រះច័ន្ទដែលគោចរជុំវិញផែនដីតែម្តង ហេតុដូច្នេះទើបក្រុមអ្នកស្រាវជ្រាវ ពិបាកនឹងមិនជឿណាស់ថា នៅលើព្រះច័ន្ទគ្មានទឹកនោះ។
ទោះបីជាបែបនេះក្តី ក្រុមអ្នកស្រាវជ្រាវនានាសន្មត់ថា ទឹកនៅលើព្រះច័ន្ទពិតជាមាន ប៉ុន្តែថាតើវាមានប្រភពមកពីណានោះ គឺជាសំនួរដែលមិនទាន់មានចម្លើយ។ វាក៏អាចជាពន្លឺដែរថា នឹងអាចមានបេសកកម្មរុករកទឹកនៅលើព្រះច័ន្ទ នាថ្ងៃអនាគតផងដែរ៕