ពួកវាមកស្វាគមន៍ដើមឆ្នាំ២០២១ ប៉ុន្តែអាចម៍ផ្កាយទាំងនេះ នឹងមិនបង្កការគំរាមកំហែងឡើយ!
(បរទេស)៖ កាលពីចុងឆ្នាំ២០២០ អាចម៍ផ្កាយធំមួយដែលមានមុខកាត់ ២២០ម៉ែត្រទើបតែបានហោះកាត់ភពរបស់យើង ប៉ុន្តែឥឡូវអាចម៍ផ្កាយមួយទៀត ដែលធំជាងនេះទៅទៀត កំពុងឆ្ពោះមកហោះកាត់ផែនដីផងដែរ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក៏មានអាចម៍ផ្កាយតូចៗចំនួន ០២ ហោះឆ្លងកាត់ក្នុងគម្លាតកៀកផែនដីផងដែរ ក្នុងនោះមួយមានមុខកាត់ ៣២ម៉ែត្រហៅថា 2021 AB ដែលបានហោះឆាបផែនដីនៅចម្ងាយ ៨៤២,០០០គីឡូម៉ែត្រ និងមួយទៀតឈ្មោះ 2012 BT1 មានមុខកាត់ ១១ម៉ែត្រ ដែលហោះកាត់ភពយើងនៅចម្ងាយ ៥.២លានគីឡូម៉ែត្រ។
ដោយឡែកនៅថ្ងៃពុធស្អែកនេះ អាចម៍ផ្កាយដែលមានមុខកាត់ ៦២ម៉ែត្រហៅថា 2021 AC នឹងហោះកាត់ផែនដីនៅគម្លាត ៣.៥លានគីឡូម៉ែត្រ។ បន្ទាប់មកទៀតគឺអាចម៍ផ្កាយធំហៅថា 2016 CO247 ដែលមានមុខកាត់ ២៧០ម៉ែត្រ គឺជិតស្មើនឹងប្រវែងប៉ម ទូអ៊ែហ្វែល (Eiffel Tower) របស់បារាំង នឹងធ្វើដំណើរកាត់ភពយើងនៅចម្ងាយ ៧.៤លានគីឡូម៉ែត្រ។ ប៉ុន្តែវាមិនទាន់អស់ទេ ដោយអាចម៍ផ្កាយមួយទៀតមានមុខកាត់ ៣២ម៉ែត្រ ហៅថា 2018 KP1 នឹងហោះកាត់ផែនដីនៅទម្លាតខ្ទង់ ៧.៤លានគីឡូម៉ែត្រដូចគ្នា។
បើតាមការកំណត់របស់អង្គការ NASA រាល់អាចម៍ផ្កាយទាំងឡាយដែលត្រូវបានគណនាថា នឹងហោះមកកៀកភពផែនដីនៅក្រោមគម្លាត ៧.៥លានគីឡូម៉ែត្រ នោះគឺសុទ្ធតែត្រូវបានចាត់ទុកថា អាចបង្កការគំរាមកំហែងចំពោះជីវិតលើផែនដី ព្រោះតែពួកវាជាប្រភេទដុំថ្មអវកាស មានគន្លងធ្វើដំណើរមិនទៀងទាត់ ដែលតម្រូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការអង្កេតយ៉ាងដិតដល់បំផុត៕
ប្រភព៖ សារព័ត៌មាន RT (ថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១)