អង្គការ AHF កម្ពុជា នឹងរៀបចំអបអរសាទរ «ទិវាស្រោមអនាម័យអន្តរជាតិ» នៅសួនកោះនរា ចំទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ!
(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិ នៅសួនកោះនរា នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ នៅក្នុងឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៤:០០នាទីល្ងាច ដល់ ៩:០០នាទីយប់ ជាមួយនឹងសកម្មភាពជាច្រើនរួមមាន ការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ ការអប់រំស្តីពីការប្រើប្រាស់ស្រោមអនាម័យ ការលេងល្បែងកំសាន្ត និងការប្រគុំតន្ត្រីកំសាន្តសប្បាយ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានបញ្ជាក់ដែរថា ជារៀងរាល់ថ្ងៃមានការឆ្លងជំងឺកាមរោគច្រើនជាង ១លាននាក់នៅទូទាំងពិភពលោក ហើយយោងទៅតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់ស្រោមអនាម័យកំពុងតែមានការធ្លាក់ចុះនៅតាមតំបន់ជាច្រើនក្នុងពិភពលោក។
ដោយឡែកការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ គឺមានគោលដៅចំបង និងចាំបាច់បំផុតក្នុងការរួមបញ្ចូល ការផ្តល់អាទិភាពជាចំបងដល់ការបង្ការការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យជាដាច់ខាត ទើបអាចសម្រេចគោលដៅនេះបាន។

លោកវេជ្ជ. ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឱ្យដឹងដែរថា នៅទូទាំងអាស៊ី វប្បធម៌នៃការរើសអើង និងកង្វះការអប់រំ បន្តរារាំងដល់មនុស្សរាប់លាននាក់ ពីការទទួលបានស្រោមអនាម័យ។
ទិវាស្រោមអនាម័យអន្តរជាតិ គឺជាការក្រើនរំលឹកថា យើងត្រូវដោះស្រាយឧបសគ្គទាំងនេះ ជាមួយនឹងការអប់រំយ៉ាងទូលំទូលាយ និងធានាថាស្រោមអនាម័យ ត្រូវបានចាត់ទុកជាធនធានសុខភាព សាធារណៈដ៏សំខាន់ មិនមែនជារបស់ប្រណីតនោះទេ តែស្រោមអនាម័យនៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ក្នុងការបង្ការមនុស្សគ្រប់រូបពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ។

ជារៀងរាល់ឆ្នាំ ទិវាស្រោមអនាម័យអន្តរជាតិ បាននាំមកនូវការយល់ដឹងអំពីសារៈសំខាន់នៃស្រោមអនាម័យ និងបញ្ហាសុខភាពផ្លូវភេទសំខាន់ៗដទៃទៀត។ នៅក្នុងយុទ្ធនាការទិវាស្រោមអនាម័យអន្តរជាតិ គឺជាឱកាសដែលយើងទាំងអស់គ្នាបានរំលឹកថា ស្រោមអនាម័យមានសុវត្ថិភាពខ្ពស់ សិចស៊ី និងជាអ្នកការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ ក្នុងប្រទេសចំនួន ៤៨ នៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នជាអ្នកផ្តល់សេវាថែទាំសុខភាពពីមេរោគអេដស៍/ជំងឺអេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញ នៅក្នុងពិភពលោក៕
