ចិននឹងអនុញ្ញាតឲ្យអន្តរជាតិ ប្រើប្រាស់តេឡេស្កូបយក្ស FAST ដែលមានមុខកាត់កន្លះគីឡូម៉ែត្រ នៅខែមេសា ឆ្នាំ២០២១

219

(គួយចូវ)៖ តេឡេស្កូបយក្ស FAST ដែលស្ថិតនៅក្នុងខេត្តគួយ (Guizhou) ភាគនិរតីរបស់ប្រទេសចិន និងមានទំហំធំបំផុតនៅលើពិភពលោកនោះ (មុខកាត់ ៥០០ម៉ែត្រ) នឹងបើកទទួលអ្នកវិទ្យាសាស្រ្តជាលក្ខណៈអន្តរជាតិ ចាប់ពីថ្ងៃទី០១ ខែមេសា ខាងមុខតទៅ ក្រោយពីវាធ្វើប្រតិបត្តិការជាផ្លូវការ​បានរយៈពេលជិត១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

ទីភ្នាក់ងារអង្កេតតារាសាស្រ្ត NAOC នៃសភាវិទ្យាសាស្រ្តចិន ដែលជាអ្នកធ្វើប្រតិបត្តិការតេឡេស្កូបខាងលើ បានបញ្ជាក់នាដើមសប្តាហ៍នេះថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ អ្នកវិទ្យាសាស្រ្តទាំងអស់នៅលើពិភពលោក អាចចាប់ផ្តើមដាក់ពាក្យស្នើសុំតាមអនឡាញបាន ទាក់ទងទៅនឹងការប្រើប្រាស់តេឡេស្កូប FAST សម្រាប់ការងារអង្កេតផ្សេងៗផ្នែកតារាសាស្រ្ត។

អំឡុងមួយឆ្នាំដំបូងនៃការបើកទ្វារតេឡេស្កូបយក្ស FAST សម្រាប់សហគមន៍អ្នកវិទ្យាសាស្រ្តអន្តរជាតិ ពេលវេលាប្រតិបត្តិការខ្ទង់ ១០ភាគរយនឹងត្រូវបែងចែកឲ្យទៅ​ក្រុមអ្នកវិទ្យាសាស្រ្តបរទេស។ FAST នាពេលកន្លងមកនេះ បានផ្តិតរូបភាពតារា Pulsar សរុបចំនួន ២៤០ដួង និងកញ្ចុំផ្កាយសរុបចំនួន ៩២ កញ្ចុំរួចទៅហើយ។ Pulsar គឺជាពពួកតារាដ៏ពុះកញ្ជ្រោល ដែលវិលជុំវិញខ្លួនឯងយ៉ាងលឿន និងជះរលកទំនាញរបស់វាពាសពេញទីអវកាស ក្រោយពីពួកវាអស់ឥន្ធនៈទ្រទ្រង់ខ្លួន ឬជាពពួកតារាដែលជិតស្លាប់។

គួរបញ្ជាក់ថា FAST គឺជាប្រភេទតេឡេស្កូបអង្កេតតារា ធំជាងគេលើលោក និងអាចជំនួសដំណែងតេឡេស្កូបរលកវិទ្យ Arecibo នៅលើកោះ Puerto Rico នៃសហរដ្ឋអាមេរិក ដែលបានដួលរលំទាំងស្រុងបាត់ទៅហើយ កាលពីចុងឆ្នាំ២០២០ ក្រោយពីវាបានដំណើរការអស់ជាច្រើនទសវត្សរ៍។ មូលនិធិវិទ្យាសាស្ត្រជាតិអាមេរិក ក៏រំពឹងក្នុងការសាងសង់ Arecibo ឡើងវិញផងដែរ បន្ទាប់ពីអាជ្ញាធរកោះ Puerto Rico ប្រកាសផ្តល់ជំនួយ ០៨លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Engadget (ថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១)

 

480×240 Banner