នាវាអវកាសរបស់ SpaceX មួយគ្រឿងទៀតគឺ SN9 កំពុងត្រៀមខ្លួនហោះសាកល្បង
(អាមេរិក)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX ទើបតែបានបញ្ឆេះជាលើកដំបូងនូវម៉ាស៉ីនយានគំរូថ្មីមួយទៀត នៃនាវាអវកាស Starship របស់ខ្លួន។ ម៉ាស៉ីនធំទាំង ៣ របស់យានគំរូហៅថា SN9 ត្រូវបានបញ្ឆេះឡើងជាលើកដំបូង កាលពីថ្ងៃពុធសប្តាហ៍នេះនៅឯមូលដ្ឋាន South Texas របស់ក្រុមហ៊ុន SpaceX ខណៈការធ្វើបញ្ឆេះនេះមានរយៈពេលប្រមាណ ១វិនាទីប៉ុណ្ណោះ។ បើតាម SpaceX ប្រសិនបើការធ្វើតេស្តបន្តបន្ទាប់ទៀត ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក នោះយាន SN9 អាចនឹងឈានដល់ការសាកល្បង បាញ់បង្ហោះនៅក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន SpaceX បានធ្វើតេស្តយានគំរូ SN8 ដែលមានបំពាក់ម៉ាស៉ីនជំនាន់ថ្មី (Raptor) ចំនួន ០៣គ្រឿង ដូចគ្នានឹងយានគំរូ SN9 ដែរ ក្នុងការបាញ់បង្ហោះ ក៏ដូចជាហោះហើរក្នុងរយៈកម្ពស់ខ្ពស់ជាលើកដំបូង គឺជាង ១២គីឡូម៉ែត្រនៅលើផ្ទៃអាកាស ពីលើមូលដ្ឋាន South Texas។ យានគំរូ SN8 បានផ្ទុះឆេះខ្ទេច ដោយសារការចុះចតជ្រុលមួយទំហឹង ប៉ុន្តែមេ SpaceX គឺលោក Elon Musk បានប្រកាសថា ការធ្វើតេស្តពេលនោះ គឺជាជោគជ័យធំមួយ សម្រាប់កិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនលោក។
នាវាអវកាស Starship កំពុងស្ថិតក្រោមការអភិវឌ្ឍដោយ SpaceX ដើម្បីដឹកជញ្ជូនឧបករណ៍ក៏ដូចជាមនុស្សធ្វើដំណើរទៅមកឋានព្រះច័ន្ទ ភពអង្គារ (Mars) ព្រមទាំងកន្លែងឆ្ងាយដទៃទៀត។ Starship នឹងត្រូវប្រើប្រាស់ជាមួយគ្រាប់រ៉ុក្កែតជំនាន់ថ្មីហៅថា Super Heavy ហើយជាយានអវកាស និងគ្រាប់រ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញបាន ដូចគ្រាប់រ៉ុក្កែត និងយានអវកាសផ្សេងទៀត របស់ក្រុមហ៊ុនអវកាសឯកជននេះដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១)