សល់តែ១ខែទៀតប៉ុណ្ណោះ គ្រប់គ្នានឹងឃើញយានចិនដំបូង ទៅដល់ភពព្រះអង្គារ
(ប៉េកាំង)៖ បេសកកម្មដំបូងបំផុតរបស់ចិនទៅកាន់ភពអង្គារ (Mars) គឺបេសកកម្មធានវិន-១ (Tianwen-1) នឹងទៅដល់គន្លងគោចរជុំវិញភពអង្គារ នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ (ពេលវេលានៅលើផែនដី) ដោយគ្រប់គ្នាត្រូវរង់ចាំត្រឹមតែ ១ខែទៀតប៉ុណ្ណោះ។
បេសកកម្ម Tianwen-1 មានយានចម្រុះជាច្រើនគ្រឿង រួមមានផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ ហៅថា អូប៊ីតទ័រ (Orbiter), ជើងទម្រសម្រាប់សម្រួលការចុះ ទៅលើផ្ទៃដីភពអង្គារហៅថា ឡេនដឺ (Lander) និងគ្រឿងយន្តសម្រាប់ចល័តហៅថា រ៉ូវើ (Rover)។
ចម្ងាយរវាងភពអង្គារ និងផែនដី តែងមានការប្រែប្រួលមិនទៀងនោះឡើយ គឺគម្លាតចាប់ពី ៥០លានគីឡូម៉ែត្ររហូតដល់ជាង ៤០០លានគីឡូម៉ែត្រ ដោយសារតែភពទាំងគោចរជុំវិញព្រះអាទិត្យ ក្នុងគន្លងផ្សេងគ្នា។ យ៉ាងណាមិញ នៅពេលបេសកកម្ម Tianwen-1 ទៅដល់ក្បែរភពអង្គារ វានឹងស្ថិតនៅចម្ងាយ ១៩០លានគីឡូម៉ែត្រពីភពយើង។
គួរបញ្ជាក់ថា ក្រៅពីបេសកកម្មចិន អេមីរ៉ាត់អារ៉ាប់រួម (UAE) ក៏មានបេសកកម្មលើកដំបូង ទៅកាន់ភពអង្គារផងដែរ ជាមួយកាលបរិច្ឆេទកំណត់ថា នឹងទៅដល់គោលដៅនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែពុំមានការចុះចតទេ ដោយវាត្រឹមតែជាផ្កាយរណប ដើម្បីគោចរក្នុងគន្លង នៅជុំវិញភពក្រហមនោះប៉ុណ្ណោះ។ ដោយឡែក បេសកកម្ម Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានកំណត់ថា នឹងចុះទៅដល់លើផ្ទៃភពអង្គារនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕
ប្រភព៖ CGTN (ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១)