យានស្រាវជ្រាវ Perseverance របស់ NASA នឹងថតសំឡេងនៃសកម្មភាពចុះចតនៅលើភពអង្គារ ដើម្បីជូនគ្រប់គ្នាស្តាប់កម្សាន្ត
(អាមេរិក)៖ ស្តាប់ទៅវាមិនសូវជាអស្ចារ្យប៉ុន្មាននោះទេ នៅក្នុងការថតសំឡេងពីភពអង្គារ រួចបញ្ជូនត្រឡប់មកវិញ ព្រោះកន្លងមកនេះ លោកអ្នកប្រាកដជាធ្លាប់បានស្តាប់ វីដេអូសំឡេងអំពីភពនានា រួមទាំងភពផែនដីនោះរួចទៅហើយ។ ប៉ុន្តែសម្រាប់នៅភពអង្គារវិញនោះ លើកនេះគឺជាសំឡេងនៃការចុះចតគ្រឿងយន្តស្រាវជ្រាវថ្មី Perseverance ដែលនឹងទៅដល់ភពក្រហមនោះ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមការងាររបស់មន្ទីរពិសោធន៍ JPL របស់អង្គការ NASA ដែលជាអ្នកគ្រប់គ្រងលើបេសកកម្ម ភើសេវើរែនស៍ (Perseverance) បានអះអាងថា សំឡេងនៃការបុកបរិយាកាសភពអង្គារ, សំឡេងនៃការគ្រលាស់ឆ័ត្រយោង, សំឡេងការផ្តាច់ខ្លួនចេញពីឆ័ត្រយោង, សំឡេងនៃការបញ្ឆេះម៉ាស៊ីនទប់ល្បឿន, សំឡេងនៃការផ្តាច់ម៉ាស៊ីនទប់ល្បឿន និងសំឡេងនៃការទម្លាក់ខ្លួនរបស់ Perseverance ប៉ះនឹងដីភពអង្គារ គឺសុទ្ធសឹងតែនឹងត្រូវថតយកទាំងអស់ ដើម្បីបញ្ជូនមកកាន់ផែនដីវិញ ឲ្យមនុស្សម្នាស្តាប់កម្សាន្ត។
ជាការពិតណាស់ បរិយាកាសភពអង្គារស្តើង ហើយកម្លាំងទំនាញរបស់ភពនេះ ក៏ខ្សោយជាងផែនដីយើងខ្លាំងផងដែរ។ អ្នកវិទ្យាសាស្ត្ររបស់អង្គការ NAS បានអះអាងថា សំឡេងដែលបញ្ចេញនៅលើភពអង្គារ នឹងលឺខ្សោយជាងលើផែនដី រហូតដល់ទៅ ២០ដងឯណោះ។ ឧទាហរណ៍យើងបើស្តាប់ចម្រៀងលឺៗនៅលើផែនដី ក្នុងកម្រិតមួយ ប៉ុន្តែសំឡេងកម្រិតដូចគ្នានោះ នឹងអាចឲ្យយើងលឺប្រៀបដីដូចគេខ្សឹបដាក់ត្រចៀកប៉ុណ្ណោះ នៅលើភពផ្ទៃភពអង្គារ។
ខាងក្រោមនេះគឺជាវីដេអូ animations បង្កើតឡើងដោយកុំព្យូទ័រ បង្ហាញអំពីរបៀបដែលគ្រឿងយន្តស្រាវជ្រាវ Perseverance នឹងត្រូវធ្វើការចុះចតលើផ្ទៃភពអង្គារ៖
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA, JPL (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១)