បាតុភូតគួរឲ្យព្រឺព្រួច តែងកើតឡើងក្នុងកាឡាក់ស៊ីចំណាស់មួយ រយៈពេល១១៤ថ្ងៃម្តង, វាស្ថិតនៅ៥៧០លានឆ្នាំពន្លឺពីផែនដី
(អាមេរិក)៖ បាតុភូតដ៏អស្ចារ្យមួយ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដីអង្កេតដឹង នោះគឺកាឡាក់ស៊ីដ៏ចំណាស់មួយ តែងតែជះចេញនូវពន្លឺខុសពីធម្មតា ជារៀងរាល់ ១១៤ថ្ងៃជាមធ្យមនៃពេលវេលាលើផែនដី។ កាឡាក់ស៊ីចំណាស់មួយនោះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា ESO 253-3 ស្ថិតនៅចម្ងាយ ៥៧០លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
បាតុភូតខាងលើនេះ គឺជាការជះចេញនូវរលកពន្លឺដ៏កញ្ជ្រោល នៅក្នុងរយៈពេល ១១៤ថ្ងៃម្តងទៀតជាមធ្យម ឬត្រូវបានដាក់ឈ្មោះឲ្យថា ព្រឹត្តិការណ៍ ASASSN-14ko ដែលអាចឲ្យក្រុមអ្នកស្រាវជ្រាវលើផែនដីអង្កេតដឹង តាមរយៈតេឡេស្កូបនៅលើដី និងទីអវកាស។
អ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះ Anna Payne របស់អង្គការ NASA មកពីសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិកបានឲ្យដឹងថា «វាគឺជាបាតុភូតមួយ ដែលអាចយើងគណនាទុកជាមុន និងជាការជះនូវពហុរលកអណ្តាតភ្លើង ចេញពីម្តុំស្នូលនៃការកាឡាក់ស៊ីនោះ (ESO 253-3)។ វាជាពិតជាផ្តល់នូវឱកាសពិសេសមួយ ដើម្បីឲ្យយើងសិក្សាអំពីអ្វីៗ ដែលកំពុងកើតឡើងនៅក្នុងកាឡាក់ស៊ីចំណាស់នោះ កាន់តែច្បាស់បន្ថែមទៀត។ យើងគិតថា ប្រហោងខ្មៅមហាយក្សមួយ ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ីនោះ គឺជាអ្នកដែលតែងតែបង្កើតនូវរលកពន្លឺជះចេញ តាមរយៈតារាយក្សមួយ ដែលគោចរនៅជុំវិញវា»។
លោកស្រី Anna Payne បានធ្វើបទបង្ហាញខាងលើនេះ នៅក្នុងកិច្ចប្រជុំលើកទី ២៣៧ នៃស្ថាប័នសង្គមតារាសាស្ត្រអាមេរិក (AAS)។ វាគឺជាការសិក្សាមួយដែលបានបង្ហាញលទ្ធផល ឲ្យក្រុមតារាវិទូនានាមើលឃើញយ៉ាងច្បាស់ថា ព្រឹត្តិការណ៍នៃការគោចររបស់ផ្កាយក្ស (Giant Star) នៅជុំវិញប្រហោងខ្មៅមហាយក្ស (supermassive black hole) បានធ្វើឲ្យផ្កាយនោះរំជើបរំជួល ហើយកម្លាំងទំនាញនៃប្រហោងខ្មៅ បានបង្ខំឲ្យផ្កាយនោះជះនូវអណ្តាតភ្លើង ដ៏កញ្ជ្រោលចេញពីខ្លួនវាតែម្តង។ នៅពេលដែលអណ្តាតភ្លើង និងឧស្ម័នជះចេញមកហើយ វានឹងប្រមូលផ្តុំក្លាយជាបន្ទះឌីស នៅជុំវិញប្រហោងខ្មៅមហាយក្ស ហើយដែលការផ្ទុះជះចេញនូវអណ្តាតភ្លើងខាងលើនេះ គឺអាចឲ្យយើងមើលឃើញពីទីអវកាស នៅក្នុងរយៈចម្ងាយរាប់រយលានឆ្នាំពន្លឺឯណោះពីវា។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បានឲ្យដឹងថា ប្រហោងខ្មៅមហាយក្ស ដែលកំពុងបង្ករឿងនៅកណ្តាលកាឡាក់ស៊ី ESO 253-3 នោះមានម៉ាស់ ៧៨លានដងធំជាងម៉ាស់ព្រះអាទិត្យយើង។ កម្លាំងទំនាញរបស់ប្រហោងខ្មៅមហាយក្សនេះ តែងតែបង្ខំឲ្យតារាយក្ស ដែលកំពុងគោចរនៅជុំវិញវា ជះចេញនូវអណ្តាតភ្លើងយ៉ាងកញ្ជ្រោល នៅក្នុងរយៈពេល ១១៤ថ្ងៃម្តង នៃពេលវេលាលើផែនដី។ អ្វីដែលកាន់តែគួរឲ្យព្រឺព្រួចទៀតនោះ គឺឧស្ម័ន-អណ្តាតភ្លើងដែលផ្កាយយក្សនោះជះចេញម្តងៗ គឺមានទំហំស្មើនឹងម៉ាស់នៃភពព្រហស្បតិ៍ (Jupiter) យើងគុណនឹង ៣ ឯណោះ។
គួរបញ្ជាក់ថា ក្រុមអ្នកសិក្សារបស់អង្គការ NASA ដឹកនាំដោយលោកស្រី Anna Payne បានប្រើប្រាស់តេឡេស្កូបនៃមន្ទីរពិសោធន៍ Neil Gehrels Swift, កែវយឺតអវកាស TESS របស់ NASA និងតេឡេស្កូបពន្លឺ X-ray របស់អឺរ៉ុបមានឈ្មោះថា XMM-Newton ដើម្បីអង្កេតមើលបាតុភូតខាងលើនេះ៕
បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space, NASA (ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១)