នយោបាយអវកាសរបស់លោក ចូ បៃដិន មិនទាន់មាននរណាដឹងច្បាស់លាស់
(បរទេស)៖ អំឡុងរយៈពេល ០៤ឆ្នាំនៃអាណត្តិរបស់លោក ដូណាល់ ត្រាំ គេសង្កេតឃើញថា សហរដ្ឋអាមេរិកបានផ្តោតជាសំខាន់ទៅលើ កិច្ចប្រឹងប្រែងនៃការបញ្ជូនបេសកកម្មមនុស្ស ឆ្ពោះទៅកាន់ឋានព្រះច័ន្ទ និងភពអង្គារ (Mars)។ ប៉ុន្តែការផ្តោតនេះនឹងនៅបន្តយ៉ាងដូច្នេះទៀតដែរឬទេ ខណៈដែលលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក។
នាពេលកន្លងមកនេះ ក្រុមការងារលោក បៃដិន មិនបានលើកឡើងអ្វីច្រើនឡើង ពាក់ព័ន្ធនឹងអាទិភាពដែលត្រូវធ្វើសម្រាប់វិស័យអវកាស នៅក្រោមរដ្ឋបាលលោកនោះឡើយ ដោយលោកធ្លាប់បានត្រឹមចេញសេចក្តីថ្លែងការណ៍មួយចំនួនថា នៅពេលដែលក្លាយជាប្រធានាធិបតី លោកនឹងបន្តគាំទ្រកិច្ចប្រឹងប្រែង បញ្ជូនអវកាសយានិកឲ្យពង្រីកការរុករក និងស្រាវជ្រាវនៅទីអវកាស ព្រមទាំងបង្កើនការវិនិយោគក្នុងការងារស្រាវជ្រាវ និងបច្ចេកវិទ្យាផ្សេងៗ ដើម្បីជួយមនុស្សរាប់លាននាក់ នៅលើផែនដីផ្ទាល់។
យ៉ាងណាមិញ បើតាមក្រុមអ្នកវិភាគបានរំពឹងថា នឹងមានការផ្លាស់ប្តូរធំៗពីរក្នុងកម្មវិធីអវកាសអាមេរិក នៅក្រោមរដ្ឋបាលលោក ចូ បៃដិន៖
* ទី ១ រដ្ឋបាលលោក បៃដិន អាចនឹងពង្រឹងបន្ថែមសមត្ថភាពអង្កេត និងតាមដានមកលើផែនដីរបស់ទីភ្នាក់ងារអវកាស NASA និងទីភ្នាក់ងារឧតុនិយម NOAA ជាមួយគោលដៅបង្កើនការស្វែងយល់ អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ។
* ទី ២ ខណៈដែលរដ្ឋបាលលោក បៃដិន នឹងនៅបន្តគាំទ្រកិច្ចប្រឹងប្រែង បញ្ជូនមនុស្សឲ្យទៅជាន់លើដីព្រះច័ន្ទជាថ្មីឡើងវិញក៏ដោយ ក៏គេសង្កេតឃើញថា មិនមានការបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នោះទេ។
គោលដៅបញ្ជូនអវកាសយានិកឲ្យចុះទៅលើផ្ទៃព្រះច័ន្ទនៅឆ្នាំ ២០២៤ ក្រោមកម្មវិធី Artemis គឺជាកាលបរិច្ឆេទរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានពន្លឿនឲ្យបានមុនឆ្នាំ២០២៨។ រដ្ឋបាលលោក បៃដិន ទំនងជានឹងពន្យារពេលគោលដៅឆ្នាំ២០២៤ ដើម្បីផ្តោតលើអាទិភាពផ្សេងទៀតរបស់ NASA ដូចជាទៅលើការអង្កេតផែនដីវិញ។
គួរបញ្ជាក់ថា សរុបមកវិញបើយោងទៅតាមការរំពឹងទុក វិស័យអវកាសអាមេរិកនៅក្រោមលោក ចូ បៃដិន នឹងផ្តោតជាចម្បងទៅលើកិច្ចប្រឹងប្រែង អង្កេតតាមដានលើផែនដី ជាពិសេសការងារពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ។ ចំណែកឯគោលដៅនៃការបញ្ជូនមនុស្ស ទៅលើផ្ទៃព្រះច័ន្ទរបស់កម្មវិធី Artemis នឹងត្រូវលើកពេលពីឆ្នាំ២០២៤ ទៅកាន់ពេលវេលាថ្មីមួយ ដែលមិនទាន់ត្រូវបានកំណត់។
លោក បៃដិន ក៏នឹងត្រូវជ្រើសរើសប្រធាន NASA ថ្មីផងដែរ ខណៈប្រធាន បច្ចុប្បន្នគឺលោក Jim Bridenstine នឹងចាកចេញពីតំណែង នៅពេលរដ្ឋបាលលោក ត្រាំ ចប់អាណត្តិ៕
ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១)