ដើម្បីភពផែនដី! Elon Musk នឹងផ្តល់រង្វាន់ «១០០លានដុល្លារ» ដល់អ្នកដែលអាចរកឃើញ បច្ចេកវិទ្យាចាប់យកឧស្ម័ន CO2 ដ៏ប្រសើរបំផុត!

469

(កាលីហ្វ័រញ៉ា)៖ នាយកក្រុមហ៊ុនផលិតរថយន្ត Tesla និង SpaceX លោក Elon Musk បានប្រកាសនៅលើគណនី Twitter របស់់លោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា ទឹកប្រាក់រង្វាន់ ១០០លានដុល្លារ នឹងត្រូវផ្តល់ជូនសម្រាប់អ្នកទាំងឡាយណា ដែលអាចអភិវឌ្ឍបច្ចេកវិទ្យាដ៏ល្អប្រសើរបំផុត ក្នុងការចាប់យក ឬសម្អាតការបញ្ចេញឧស្ម័នកាបូនិកពុល (CO2)។

ជាការពិតណាស់ ដំណើរការគ្រប់គ្រង និងសម្អាតឧស្ម័ន ដែលធ្វើឲ្យភពផែនដីកើនឡើងកម្តៅ កំពុងក្លាយជាបញ្ហាស្មុគស្មាញមួយ នៃគម្រោងការអភិវឌ្ឍទាំងឡាយ ដើម្បីឲ្យបរិយាកាសស្ថិតនៅក្នុង​ការការពារជានិច្ចនោះ។ យ៉ាងណាក៏ដោយ មានការវិវឌ្ឍតិចតួចណាស់បានកើតឡើង ដោយយោងលើបច្ចេកវិទ្យាសព្វថ្ងៃនេះ ព្រោះពួកគេបានប្រឹងប្រែងតែទៅលើ វិធានការកាត់បន្ថយ CO2 ប៉ុណ្ណោះ មិនមែនកម្ចាត់ ឬសម្អាត CO2 ចេញពីខ្យល់អាកាសនោះឡើយ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសកាលពីចុងឆ្នាំ២០២០ថា កំណើននៃបច្ចេកវិទ្យាចាប់យកឧស្ម័នកាបូនិក ពិតជាចាំបាច់ខ្លាំងណាស់ ប្រសិនបើប្រទេសនីមួយៗ ចង់សម្រេចគោលដៅមិនបំភាយឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសទៀត នៅត្រឹមឆ្នាំ២០៥០នោះ។

យោងទៅលើគោលដៅរួម ដើម្បីរក្សានិរន្តរភាពបរិស្ថានភពផែនដី​ខាងលើនេះហើយ ទើបនៅដើមឆ្នាំ២០២១នេះ លោក Elon Musk បានសរសេរលើគណនី Twitter របស់លោកថា «ខ្ញុំសម្រេចបរិច្ចាគ ១០០លានដុល្លារ ជាប្រាក់រង្វាន់សម្រាប់បច្ចេកវិទ្យាដ៏ល្អបំផុត នៅក្នុងការចាប់យកឧស្ម័នកាបូនិក… ព័ត៌មានលម្អិតបន្ថែម នឹងចេញនៅសប្តាហ៍ក្រោយ»។ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Tesla របស់លោក Elon Musk មិនទាន់ធ្វើការឆ្លើយតបអ្វីឡើយ នៅពេលត្រូវបានសាកសួរ ដោយក្រុមអ្នកសារព័ត៌មាន ជុំវិញការបង្ហោះរបស់លោក Musk។

គួរបញ្ជាក់ថា សម្រាប់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលទើបឡើងកាន់តំណែង ក៏ទើបប្រកាសដាក់បញ្ចូលសហរដ្ឋអាមេរិក ទៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ ឡើងវិញផងដែរ។ ភាពវិជ្ជមានមួយនេះត្រូវបានគេមើលឃើញថា នឹងអាចឲ្យវិស័យឯកជន និងរដ្ឋាភិបាលអាមេរិក ដើរទន្ទឹមគ្នាឡើងវិញក្នុងការអភិវឌ្ឍសេដុ្ឋកិច្ច ដោយការគិតគូរជាមុន ចំពោះផលប៉ះពាល់លើបរិស្ថាន ដែលជាអនាគតនៃមនុស្សជាតិ រស់នៅលើភពផែនដីតែមួយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ CNA, Reuters (ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១)

 

 

 

 

 

480×240 Banner