លទ្ធផលសិក្សាថ្មី៖ «ភពទាំង៧នៅក្នុងប្រព័ន្ធផ្កាយ TRAPPIST-1 មានសមាសធាតុផ្សំស្រដៀងៗគ្នា និងមានដង់ស៊ីតេទាបជាងផែនដីបន្តិច»

227

(អាមេរិក)៖ គ្រប់គ្នាប្រាកដជាស្គាល់ហើយនូវប្រព័ន្ធផ្កាយ TRAPPIST-1 ដែលមានភពចំនួន ០៧ កំពុងគោចរនៅជុំវិញ ស្ថិតនៅចម្ងាយតែ ៤០ឆ្នាំពន្លឺប៉ុណ្ណោះពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយភព ០៣ ក្នុងចំណោមភពទាំង ០៧ នោះគឺអាចមានទឹករាវនៅលើផ្ទៃរបស់ពួកវា ហើយ ០១ ក្នុងចំណោម ០៣ នោះទៀតសោត គឺមានអំណោយផលបំផុតក្នុងការកកើតជីវិត។

អ្វីៗដូចបានរៀបរាប់ខាងលើនេះ គឺត្រឹមតែជាការសិក្សាកាលពីមុនប៉ុណ្ណោះ ប៉ុន្តែសម្រាប់លទ្ធផលក្រោយការសិក្សាថ្មីបន្ថែមទៀត ដោយក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA ភពទាំង ០៧ ក្នុងប្រព័ន្ធផ្កាយ TRAPPIST-1 ទំនងជាមានដង់ស៊ីតេប្រហាក់ប្រហែលគ្នា និងមានសមាសធាតុផ្សំដូចៗគ្នាច្រើនថែមទៀត។ ភពទាំង ០៧ ដែលមានឈ្មោះថា TRAPPIST-1b, c, d, e, f, g និង h សុទ្ធសឹងតែជាប្រភេទភពថ្ម ដែលផ្សំចេញពីសារធាតុ​ក្នុងសមាមាត្រដូចគ្នាមានដូចជា ដែក, អុកស៊ីសែន, ម៉ាញេស្យូម និងស៊ីលីខុន។

ប៉ុន្តែប្រសិនបើដូចការរកឃើញខាងលើនេះមែន វាមានន័យថាភពទាំងនោះ នឹងមានភាពខុសប្លែកពីផែនដីគួរឲ្យកត់សម្គាល់។ ភពនានានៅក្នុងប្រព័ន្ធ TRAPPIST-1 អាចមានដង់ស៊ីតេ ៨% ទាបជាងផែនដីយើង ប្រសិនបើនៅទីនោះមានសមាសធាតុផ្សំ ស្រដៀងភពដែលយើងកំពុងរស់នៅមែន។ យោងទៅលើការរកឃើញថ្មីនេះ ក្រុមអ្នកស្រាវជ្រាវអាចធ្វើការសន្និដ្ឋាន អំពីសមាសធាតុផ្សំប្លែកៗពីគ្នាមួយចំនួន ដែលភពនានាក្នុងប្រព័ន្ធ TRAPPIST-1 អាចមាន។

បើយើងមើលទៅលើដង់ស៊ីតេ (density) នៃភពទាំង ០៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនោះ គឺមានលក្ខណៈខុសប្លែកពីគ្នា។ ភពយក្សដូចជា ភពព្រហស្បតិ៍, សៅរ៍, អ៊ុយរ៉ាណុស និងណិបទូនជាដើម ពិតជាមានទំហំធំមែន ប៉ុន្តែដង់ស៊ីតេរបស់ពួកវា គឺទាបជាងផែនដីយើង និងភពបីទៀតដូចជា ពុធ សុក្រ និងអង្គារ ពីព្រោះពួកវាផ្សំឡើងភាគច្រើនពីធាតុស្រាលៗ ដូចជាអេល្យូម និងអ៊ីដ្រូសែនតែប៉ុណ្ណោះ។

ទោះបីជាភពថ្ម ០៤ទៀតដូចជា ពុធ សុក្រ ផែនដី និងអង្គារ មានដង់ស៊ីតេខ្ពស់មែន ប៉ុន្តែក៏ស្ថិតនៅក្នុងលក្ខណៈ ខុសប្លែកពីគ្នាលើចំណុចមួយចំនួនផងដែរ។ សម្រាប់ភពទាំង ០៧ នៅក្នុងប្រព័ន្ធ TRAPPIST-1 គឺមានដង់ស៊ីតេប្រហាក់ប្រហែលគ្នា ឬអាចនិយាយបានថា ពួកវាខុសគ្នាយ៉ាងហោចណាស់ ៣%ប៉ុណ្ណោះ។

បើតាមការសិក្សា ភាពខុសគ្នារវាងដង់ស៊ីតេរបស់ភពទាំង ០៧ របស់ TRAPPIST-1 ធៀបជាមួយផែនដី និងភពសុក្រ គឺមានតិចតួចណាស់ ឬអាចសន្មត់ថា ៨% ប៉ុន្តែវាមានសារៈសំខាន់ទៅលើមាត្រដ្ឋាននៃភព។ វិធីមួយដែលអាចពន្យល់ថា តើហេតុអ្វីភពទាំង ០៧ របស់ TRAPPIST-1 មានដង់ស៊ីតេទាបជាងផែនដី នោះគឺដោយសារតែពួកវា មានសមាសធាតុផ្សំស្រដៀងភពផែនដី ប៉ុន្តែមានសារធាតុដែកតិចជាងផែនដី។ ឧទាហរណ៍ភពទាំងនោះ មានធាតុដែកតែ ២១%ប៉ុណ្ណោះ ប៉ុន្តែផែនដីយើងវិញមានរហូតដល់ ៣២%។

* តើដង់ស៊ីតេ (density) នៃភពគឺជាអ្វី?

ដង់ស៊ីតេនៃភពមួយនេះ គឺសំដៅទៅសមាមាត្ររវាងម៉ាស់របស់ភពនោះ ទៅនឹងមាឌរបស់វា។ ដង់ស៊ីតេស៊ីអាចប្រាប់យើងឲ្យដឹងថា តើភពមួយផ្សំឡើងពីសារធាតុអ្វីខ្លះ និងក្នុងបរិមាណកម្រិតណាខ្លះ។ ដង់ស៊ីតេស្មើឲ្យម៉ាស់ចែកនឹងមាឌ (mass/volume)។ ឧទាហរណ៍ភពដែលមានទំហំធំ អាចមានដង់ស៊ីតេស្មើនឹងភពដែលមានទំហំ និងម៉ាស់តូច នៅពេលដែលពួកវាមានធាតុផ្សំរឹងដូចគ្នា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១)

 

 

 

480×240 Banner