ក្រុមហ៊ុន Boeing ត្រៀមធ្វើតេស្តតាក់ស៊ីអវកាស Starliner នៅចុងខែមីនា
(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះធំបំផុតរបស់អាមេរិក Boeing នឹងធ្វើតេស្តយានតាក់ស៊ីដឹកអវកាសយានិក ដែលមានឈ្មោះថា CST-100 Starliner នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះហើយ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Atlas V rocket របស់ក្រុមហ៊ុន United Launch Alliance (ULA)។
យាន CST-100 Starliner នឹងត្រូវបាញ់ចេញពីស្ថានីយទ័ពអាកាស Cape Canaveral ស្ថិតនៅក្នុងរដ្ឋផ្ល័ររីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយមិនមានមនុស្សជិះនៅក្នុងយាននោះឡើយ ព្រោះវាត្រឹមជាការសាកល្បងប៉ុណ្ណោះ។ CST-100 Starliner នឹងត្រូវព្យាយាមជ្រៀតចូលគន្លងគោចរ ដែលត្រូវបានកំណត់ ដើម្បីចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) មិនថ្លោះធ្លោយដូចមុនឡើយ។
គួរបញ្ជាក់ថា បេសកកម្មរបស់ Boeing មួយទៀតដែលដូចខាងលើនេះដែរ មានឈ្មោះថា Orbital Flight Test-1 (OFT-1) បានទទួលបរាជ័យម្តងរួចមកហើយ ក្នុងការជ្រៀតចូលគន្លងគោចរត្រឹមត្រូវ ដើម្បីចតនៅស្ថានីយអវកាស ISS កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។ ដោយឡែកសម្រាប់បេសកកម្មនៅខែមីនាខាងមុខនេះ មានឈ្មោះថា Orbital Flight Test-2 (OFT-2) ត្រូវបានក្រុមហ៊ុន Boeing រចនាឡើង សម្រាប់ប្រើប្រាស់ក្នុង កម្មវិធីដឹកជញ្ជូនអវកាសយានិករបស់អង្គការ NASA។
ការប្រកាសអំពីពេលវេលាធ្វើតេស្ត បេសកកម្ម OFT-2 បានកើតមានឡើងបន្ទាប់ពីយាន Starliner របស់ Boeing ខាងលើនេះ ឆ្លងផុតការត្រួតពិនិត្យលើប្រព័ន្ធ Software ចម្បងមួយ។ កន្លងមកនេះ Boeing បានទទួលរងការរិះគន់ ព្រោះតែខ្លួនមិនបានធ្វើតេស្តប្រព័ន្ធ Software ដែលជំនួយដល់ការបញ្ជាយាននេះ ឲ្យបានគ្រប់ជ្រុងជ្រោយជាមុន ទើបជាហេតុដែលបានធ្វើឲ្យបេសកកម្ម OFT-1 ទទួលបរាជ័យកាលពីឆ្នាំ២០១៩៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១)