គួរឲ្យសរសើរ! ក្រុមសិស្សវិទ្យាល័យប្រឹងប្រែងអង្កេត រហូតរកឃើញភពថ្មីៗចំនួន៤ នៅក្នុងប្រព័ន្ធផ្កាយមួយ…

177

(អាមេរិក)៖ ក្រុមសិស្សវិទ្យាល័យមួយនេះ ពិតជាកំពុងបោះជំហាន ដើម្បីក្លាយខ្លួនជាក្រុមតារាវិទូហើយ ព្រោះនៅដើមខែកុម្ភៈ ឆ្នាំ២០២១នេះ ពួកគេបានរកឃើញភពរហូតដល់ទៅ ០៤ឯណោះ កំពុងគោចរនៅជុំវិញប្រព័ន្ធផ្កាយមួយ ដែលមានចម្ងាយ ២០០ឆ្នាំពន្លឺពីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) តាមរយៈការសិក្សា និងអង្កេតរបស់ពួកគេ ដោយប្រើប្រាស់ពេល ០៤ម៉ោងក្នុងមួយសប្តាហ៍។

ក្រុមសិស្សវិទ្យាល័យនៃរដ្ឋ ម៉ាស្សាជូសេតស៍ (Massachusetts) សហរដ្ឋអាមេរិកខាងលើនេះ មានសមាជិកតែពីរនាក់ប៉ុណ្ណោះ នោះគឺម្នាក់ជាយុវជនវ័យជំទង់ឈ្មោះថា Kartik Pinglé អាយុ ១៦ឆ្នាំ និងម្នាក់ទៀតជាយុវតីឈ្មោះ Jasmine Wright អាយុ ១៨ឆ្នាំ។ យុវតី Jasmine Wright បានរៀបរាប់ថា «ខ្ញុំពិតជារំភើបខ្លាំងណាស់ ហើយក៏តក់ស្លុតផងដែរ»។

សិស្សវិទ្យាល័យទាំងពីរនាក់ខាងលើនេះ បានធ្វើការអង្កេតទៅលើផ្កាយមួយ ដែលត្រូវបានរកឃើញដោយកែវយឺតអវកាស TESS មានឈ្មោះសម្គាល់ថា TOI-1233 តាមរយៈមជ្ឈមណ្ឌលអង្កេតតារាសាស្ត្រ Harvard និង Smithsonian។ ក្រោយការរកឃើញភពចំនួន ០៤ របស់ផ្កាយមានចម្ងាយ ២០០ឆ្នាំពន្លឺពីផែនដីនេះ សមិទ្ធផលរបស់សិស្សទាំងពីរនាក់ក៏ត្រូវបានចុះផ្សាយ នៅក្នុងសារព័ត៌មានវិទ្យាសាស្ត្រ នៅសហរដ្ឋអាមេរិកផងដែរ។

យោងតាមតារាវិទូមួយរូបឈ្មោះ Clara Sousa-Silva ដែលបានដឹកនាំកម្មវិធីសម្រាប់សិស្សវិទ្យាល័យខាងលើនេះ បានអះអាងថា «សិស្សទាំងពីរនាក់នេះ ប្រហែលជាតារាវិទូដែលមានវ័យក្មេងបំផុតហើយ ដែលបានស្រាវជ្រាវរកឃើញភពចំនួន ០៤ កំពុងគោចរនៅជុំវិញផ្កាយមួយ មានពន្លឺភ្លឺថ្លា ស្រដៀងនឹងព្រះអាទិត្យរបស់យើងមួយនេះ»។

គួរបញ្ជាក់ថា ព័ត៌មានលម្អិតអំពីភពទាំង ០៤ ខាងលើនេះពាក់ព័ន្ធថា តើអាចមានភពណាមួយ មានលទ្ធភាពទ្រទ្រង់ជីវិតដែរ ឬអត់ និងបុគ្គលិកលក្ខណៈផ្សេងៗរបស់ភពទាំងនោះ គឺនៅមិនទាន់ត្រូវបានបង្ហាញនោះឡើយ ដោយវានឹងត្រូវការក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រជំនាញ ធ្វើការសិក្សាស្រាវជ្រាវបន្ត។ យ៉ាងណាក៏ដោយ ការអនុញ្ញាតឲ្យមនុស្សវ័យក្មេង បោះជំហានទៅកសាងស្នាដៃ ដ៏អស្ចារ្យមិនធ្លាប់មានខាងលើនេះ គឺជាពិតណាស់ជាការជំរុញទឹកចិត្ត ឲ្យពួកគេប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែមទៀត ទៅក្នុងវិស័យតារាសាស្ត្រសកល ដោយមិនចាំបាច់គិតពីជាអាយុនោះឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ New York Post (ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១)

 

 

480×240 Banner