គួរឲ្យស្តាយ! នាវាអវកាសគំរូ SN9 របស់លោក Elon Musk ផ្ទុះឆេះកំឡុងការចុះចត, មូលហេតុស្រដៀងលើកមុន (វីដេអូខាងក្នុង)
(អាមេរិក)៖ នាវាអវកាសគំរូរបស់ SpaceX មានឈ្មោះថា SN9 បានទទួលបរាជ័យកំឡុងការព្យាយាមចុះចតមកវិញ នៅឯមូលដ្ឋាន បូកា ឈីខា (Boca Chica) នៃតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ បញ្ហាដែលបានបង្កឲ្យមានការផ្ទុះឆេះ Starship ខាងលើ តែក្នុងរយៈពេលប៉ុន្មានវិនាទីមុនការចុះចតនោះ ត្រូវបានក្រុមជំនាញអង្កេតឃើញថា មិនសូវខុសពីកាល SpaceX ធ្វើតេស្តនាវាអវកាសគំរូ SN8 នោះឡើយ។
នាវាអវកាស SN8 ដែលត្រូវបានធ្វើតេស្តកាលពីខែធ្នូ ឆ្នាំ២០២០ បានជួបបញ្ហាឆេះម៉ាស៊ីនរ៉ុក្កែតទប់ល្បឿន នៅកំឡុងពេលប៉ុន្មានវិនាទីប៉ុណ្ណោះ នៅមុនការចុះចត ដែលជាហេតុនាំឲ្យតួនាវាទាំងមូល ធ្លាក់ចុះមកលើដីពេញមួយទំហឹង និងផ្ទុះឆេះ មិនសូវខុសពីការធ្វើតេស្តនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះឡើយ។
នាវាអវកាស SN9 បានហោះឡើងក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ ទៅក្នុងដែនអាកាសផែនដី រួចក៏បានធ្វើការបណ្តែតខ្លួនយ៉ាងប្រសើរ មិនខុសពីអ្វីដែល SN8 បានធ្វើនោះឡើយ។ សរុបទាំងការហោះឡើង និងចុះចតបុកដីវិញ គំរូ Starship មួយគ្រឿងនេះបានចំណាយពេល ៦នាទី និង ២៦វិនាទី។
យ៉ាងណាក៏ដោយ បើតាមក្រុមអ្នកជំនាញអង្កេតលើការហោះហើររបស់ SN9 ពួកគេនៅតែបានបង្ហាញសុទិដ្ឋិនិយម ព្រោះនាវាអវកាសមួយនេះបានហោះឡើង ទៅក្នុងរយៈកម្ពស់ដូចការគ្រោងទុក ហើយបានធ្វើការងាករេខ្លួន និងការឆ្លើយតបគ្រប់យ៉ាង ទៅតាមការបញ្ជាពីក្រុមអ្នកបច្ចេកទេស គ្រាន់តែបញ្ហាបានកើតឡើងដដែល នៅពេលចុះចតមកវិញ ដូចកាលពីពេលធ្វើតេស្ត SN8 នោះប៉ុណ្ណោះ៕
ប្រភព៖ CNA (ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១)