Elon Musk ត្រៀមនាវាអវកាស SN10 រួចជាស្រេច ដើម្បីធ្វើតេស្តបន្តទៀត ក្រោយ SN9 ផ្ទុះឆេះពេលចុះចតដូច SN8
(អាមេរិក)៖ ជាធម្មតាការធ្វើតេស្តតែងតែជួបចំណុចជោគជ័យ និងបរាជ័យ ប៉ុន្តែវានៅតែមានឈ្មោះថាជាការ «ធ្វើតេស្ត»។ ការធ្វើតេស្តនាវាអវកាសគំរូ SN9 កាលពីពេលទាបភ្លឺថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ (ម៉ោងនៅកម្ពុជា) អាចចាត់ទុកថា ទទួលបានលទ្ធផលមិនសូវខុសពីការធ្វើតេស្ត SN8 កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ នោះឡើយ។
បញ្ហាចម្បងបំផុតរបស់ SN9 គឺមិនទាន់ត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ ប៉ុន្តែវាអាចបណ្តាលមកពីបញ្ហានៃការផ្ទេរឥន្ធនៈ, កន្លែងស្តុកឥន្ធនៈ ឬក៏អាចជាបញ្ហាទៅលើម៉ាស៊ីនរ៉ុក្កែតទប់ល្បឿន។ ជាសំណាងល្អ ការផ្ទុះឆេះរបស់ SN9 មិនបានប៉ះពាល់ដល់ SN10 ដែលត្រូវបានចតជាស្រេច នៅកន្លែងត្រៀមបាញ់បង្ហោះ តែស្ថិតនៅតែប៉ុន្មានរយម៉ែត្រពីគ្នានោះឡើយ។
នាវាអវកាស SN9 បានហោះឡើងក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ ទៅក្នុងដែនអាកាសផែនដី រួចក៏បានធ្វើការបណ្តែតខ្លួនយ៉ាងប្រសើរ មិនខុសពីអ្វីដែល SN8 បានធ្វើនោះឡើយ។ សរុបទាំងការហោះឡើង និងចុះចតបុកដីវិញ គំរូ Starship មួយគ្រឿងនេះបានចំណាយពេល ៦នាទី និង ២៦វិនាទី។
យ៉ាងណាក៏ដោយ បើតាមក្រុមអ្នកជំនាញអង្កេតលើការហោះហើររបស់ SN9 ពួកគេនៅតែបានបង្ហាញសុទិដ្ឋិនិយម ព្រោះនាវាអវកាសមួយនេះបានហោះឡើង ទៅក្នុងរយៈកម្ពស់ដូចការគ្រោងទុក ហើយបានធ្វើការងាករេខ្លួន និងការឆ្លើយតបគ្រប់យ៉ាង ទៅតាមការបញ្ជាពីក្រុមអ្នកបច្ចេកទេស គ្រាន់តែបញ្ហាបានកើតឡើងដដែល នៅពេលចុះចតមកវិញ ដូចកាលពីពេលធ្វើតេស្ត SN8 នោះប៉ុណ្ណោះ។
មិនបង្អង់យូរឡើយ លោក Elon Musk បានត្រៀមរួចជាស្រេច នៅក្នុងការធ្វើតេស្តនាវាអវកាសគំរូ SN10 នៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយវាត្រូវបានរចនាឡើង ដើម្បីហោះហើរឲ្យដល់រយៈកម្ពស់ខ្ពស់ជាង SN8 និង SN9 ហើយក្រុមហ៊ុន SpaceX ក៏បានបង្ហាញក្តីសង្ឃឹមខ្ពស់ផងដែរថា SN10 នឹងក្លាយជានាវាអវកាស ដែលអាចហោះហើរតេស្តបានប្រសើរ ជាងនាវាមុន។
គួរបញ្ជាក់ថា នាវាអវកាសគំរូរបស់ SpaceX មានឈ្មោះថា SN9 បានទទួលបរាជ័យកំឡុងការព្យាយាមចុះចតមកវិញ នៅឯមូលដ្ឋាន បូកា ឈីខា (Boca Chica) នៃតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ បើតាមការបញ្ជាក់ពី SpaceX កន្លងមក ការរៀបចំដំណើរការធ្វើតេស្តនាវាអវកាសមួយលើកៗ ត្រូវចំណាយប្រមាណ ២លានដុល្លារអាមេរិក។
នាវាអវកាស (starship) មានកម្ពស់ខ្ទង់ ១២០ម៉ែត្រ (៥០ម៉ែត្រគិតតែខ្លួននាវា និង ៧០ម៉ែត្រទៀតគឺកន្ទុយរ៉ុក្កែតរុញច្រាន) និងមុខកាត់ ៩ម៉ែត្រ ព្រមទាំងទម្ងន់សរុប ៥,០០០,០០០គីឡូក្រាម។ Starship អាចផ្ទុកមនុស្សបាន ១០០នាក់ និងអាចប្រើសម្រាប់ដឹកទំនិញផងដែរ ទៅកាន់ឋានព្រះច័ន្ទ, ភពអង្គារ និងទីឋានឆ្ងាយៗផ្សេងទៀត នៅថ្ងៃអនាគត៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ CNA (ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១)