NASA ត្រូវគិតគូរពីបរិយាកាសផែនដី​ឲ្យបានខ្លាំងក្លា ព្រោះរដ្ឋបាលលោក បៃដិន ចាត់ទុកវាជាបញ្ហាសំខាន់

492

(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវអំពីបរិយាកាសភពផែនដី ពេលនេះត្រូវបានមហាអំណាចអាមេរិក ផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតឡើងវិញ បន្ទាប់ពីលោក ចូ បៃដិន បានឡើងកាន់តំណែងជាប្រធានាធិបតី ហើយលោកក៏កំពុងអូសទាញអង្គការ NASA ឲ្យជួយជ្រោមជ្រែងលើទិសដៅនេះផងដែរ។

ដោយហេតុនេះហើយទើបលោក Gavin Schmidt ដែលដឹកនាំវិទ្យាស្ថានសិក្សាអវកាស Goddard របស់អង្គការ NASA នៅរដ្ឋញូយ៉កអស់រយៈពេល ១៤ឆ្នាំមកនេះ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ ស្តីទីនៃរដ្ឋបាលអវកាសអាមេរិក NASA រហូតដល់ ស្ថាប័នសិក្សាវិទ្យាសាស្ត្រភពផែនដី និងបរិយាកាសចំណុះឲ្យ NASA ត្រូវបានបង្កើតចេញជាផ្លូវការ។

ប្រធានស្តីទីនៃអង្គការ NASA លោក Steve Jurczyk បានលើកឡើងថា «លោក Gavin Schmidt បានចូលរួមក្នុងការសិក្សាស្រាវជ្រាវ អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ និងកំពុងបង្កើតគំរូផែនការ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំគិតថា គាត់ពិតជាអាចបំពេញតួនាទីនេះយ៉ាងល្អ»។ ស្ថាប័នចំណុះ NASA ខាងលើនេះ នឹងអាចបង្កើតឡើង នៅក្រោយពេលប្រធានថ្មីរបស់ NASA ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់។

គួរបញ្ជាក់ថា អង្គការ NASA តែងតែដើរតួនាទីជាគន្លឹះសម្រាប់ រដ្ឋាភិបាលអាមេរិក តាមរយៈការផ្តល់ផ្កាយរណបអង្កេតបរិយាកាស និងអាកាសធាតុភពផែនដី។ អង្គការ NASA កំពុងគ្រប់គ្រងប្រតិបត្តិការ លើផ្កាយរណបអង្កេតផែនដីសរុបខ្ទង់ ២០គ្រឿង ហើយឧបករណ៍ស្ទាបស្ទង់ផែនដីមួយចំនួនក៏ត្រូវបានបំពាក់​នៅឯស្ថានីយអវកាសអន្តរជាតិ (ISS) ផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១)

 

 

 

480×240 Banner