Black Hole យក្សមួយនៅសុខៗស្រាប់តែប្រែជាងងឹត, អ្នកវិទ្យាសាស្ត្ររកមិនទាន់ឃើញមូលហេតុ

529

(អាមេរិក)៖ គិតចាប់តាំងពីឆ្នាំ២០១៨ បាតុភូតអវកាសដ៏មហាអស្ចារ្យនោះគឺ ប្រហោងខ្មៅយក្ស (Black Hole) មួយបានចាប់ផ្តើមងងឹតបន្តិចម្តងៗ ហើយរហូតមកទល់នឹងដើមឆ្នាំ២០២១ នេះក្រុមអ្នកវិទ្យាសាស្ត្រនៅតែ មិនទាន់អាចពន្យល់អំពីដើមចម ដែលបានបង្កឲ្យមានបាតុភូតដូច្នោះឡើយ។

ប្រហោងខ្មៅខាងលើនេះហើយ ដែលបង្កើតចេញទៅជាពន្លឺអាថ៌កំបាំង ជះចេញពីប្រព័ន្ធ GRS 1915+105 ដែលស្ថិតនៅចម្ងាយ ៣៦,០០០ឆ្នាំពន្លឺពីភពផែនដី (ចម្ងាយ ១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ពីភពផែនដីយើង។ នៅក្នុងប្រព័ន្ធ GRS 1915+105 មានតារាធម្មតាចំនួនមួយដួង និងប្រហោងខ្មៅយក្សធុនបង្គួរមួយផងដែរ ស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះ។

ម៉ាស់របស់ប្រហោងខ្មៅខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគណនាដឹងថា មានចន្លោះពី ១០-១៨ដង នៃម៉ាស់របស់ព្រះអាទិត្យយើង (ម៉ាស់ព្រះអាទិត្យ = 1.989 × 10^30 kg) ហើយវាក៏ជាប្រហោងខ្មៅ ដែលមានម៉ាស់ធ្ងន់បំផុតលំដាប់លេខ ២ បន្ទាប់ពីប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ស្ថិតនៅចំកណ្តាល Milky Way មានឈ្មោះថា Sagittarius A* (Sagittarius A Asterisk)។

ជាធម្មតាប្រហោងខ្មៅនៅក្នុងប្រព័ន្ធ GRS 1915+105 នោះតែងតែបញ្ចេញពន្លឺឲ្យយើងចាប់បាន ព្រោះតែបណ្តុំពពកធូលី និងកម្ទេចកម្ទីរអវកាស ដ៏កញ្ជ្រោលតែងតែឆាបឆេះនៅជុំវិញខ្លួនវា មុននឹងត្រូវប្រហោងខ្មៅស្រូបចូល។ បន្ទះឌីសកាន់តែធំ និងបញ្ចេញពន្លឺកាន់តែខ្លាំង វាក៏មានន័យថា វត្ថុអវកាស (ផ្កាយ, ភព ឬវត្ថុអវកាសនានា) កាន់តែច្រើនត្រូវបានប្រហោងខ្មៅមួយនោះ ស្រូបកម្ទេចក្លាយជាភាគល្អិត មុននឹងស្រូបចូលទៅក្នុងខ្លួន​ដ៏អាថ៌កំបាំងរបស់វាដែរ។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានប្រទះឃើញបាតុភូតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨។ ពន្លឺចេញពីប្រព័ន្ធ GRS 1915+105 បានវិវត្តន៍ពីភាពភ្លឺចិញ្ច្រាច ទៅជាស្រទន់បន្តិចម្តងៗ ហើយបន្ទាប់មកនៅដើមឆ្នាំ២០១៩ ពន្លឺរបស់វាក៏កាន់តែស្រទន់ខ្លាំងឡើងៗ។ ក្រុមអ្នកវិទ្យាសាស្ត្រពិតជាភ្ញាក់ផ្អើល ព្រោះពួកគេមិនធ្លាប់បានប្រទះឃើញ បាតុភូតបែបនេះឡើយពីមុនមក។

អត្ថបទដែលត្រូវបានចុះផ្សាយ នៅក្នុងបណ្តាញ arXiv ដែលមិនទាន់ត្រូវបានត្រួតពិនិត្យឡើងវិញ បានឲ្យយើងចោទជាសំនួរថា «តើអ្វីទៅកំពុងកើតឡើងនោះ? យើងអាចត្រឹមធ្វើការសន្និដ្ឋាន នៅក្នុងដំណាក់កាលដំបូងថា វាជាអាចបាតុភូតរបាំង ឬស្រអាប់ (obscured state)»។ អត្ថបទបានបញ្ជាក់ទៀតថា ពន្លឺនៅតែបន្តជះចេញពីតំបន់​មាត់ច្រកនៃពេលវេលា (Even Horizon) របស់ប្រហោងខ្មៅមួយនេះដដែល ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដែលអ្នកវិទ្យាសាស្ត្រនៅលើផែនដី​អាចប្រទះឃើញ ហើយមួយកម្រិតធំផ្សេងទៀត មិនអាចមកដល់ផែនដីឡើយ។

អ្នកដឹកនាំការសិក្សាខាងលើមានឈ្មោះថា Mayura Balakrishnan មកពីសាកលវិទ្យាល័យរដ្ឋ មីឈីហ្គែន (University of Michigan) សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា «វាជាធរណីមាត្រស្រអាប់… វាអាចមានរចនាសម្ព័ន្ធណាមួយ ដែលរារាំងពន្លឺទាំងនោះ… វាពិតជាពិបាក ក្នុងការស្វែងយល់ណាស់…»។

គួរបញ្ជាក់ថា រឿងរ៉ាវពិតនៅពីក្រោយការបាត់បង់ពន្លឺ របស់ប្រហោងខ្មៅនៅក្នុងប្រព័ន្ធ GRS 1915+105 ខាងលើនេះ ពិតជាមិនទាន់ត្រូវបានរកឃើញ ឬមានការសន្និដ្ឋានណាមួយ ដែលអាចឲ្យគ្រប់គ្នាទទួលយកបាននៅឡើយទេ ព្រោះគ្មានតេឡេស្កូបណាមួយ អាចមានសមត្ថភាពឆ្លុះដឹង អំពីបាតុភូតដែលស្ថិតនៅឆ្ងាយរហូតដល់ទៅ ៣៦,០០០ឆ្នាំពន្លឺពីភពផែនដីបែបនេះបានឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅពេលនេះ បានត្រឹមដឹងព័ត៌មានពិតប្រាកដមួយថា ប្រហោងខ្មៅនៅក្នុងប្រព័ន្ធ GRS 1915+105 បានធ្លាក់ចុះពន្លឺពីមួយថ្ងៃទៅមួយថ្ងៃ ពីចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១)

480×240 Banner