ថ្មមួយដុំនេះអាចកំពុងលាក់អាថ៌កំបាំង ស្តីពីការបាត់បង់បរិយាកាស ឬសូម្បីតែជីវិតនៅលើភពអង្គារ
(បរទេស)៖ ព្រះច័ន្ទមួយក្នុងចំណោមពីររបស់ភពអង្គារគឺ Phobos ដែលមើលទៅប្រៀបដីដូចជាដុំថ្មអវកាសមួយដុំធំនោះ ពេលនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា កំពុងលាក់អាថ៌កំបាំង ដែលអាចឲ្យយើងបកស្រាយ អំពីការបាត់បង់បរិយាកាស ឬសូម្បីតែជីវិតដែលអាចកើតមាន កាលពីអតីតកាលរបស់ភពអង្គារ។
ដោយសារតែ Phobos នៅកៀកភពអង្គារបែបនេះ វាអាចត្រូវបានម៉ូលេគុលអ៊ីយ៉ុងនៃ អុកស៊ីសែន, កាបូន, នីដ្រូសែន (អាសូត) និង argon ជាដើម ដែលបានខ្ទាតចេញពីភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុននោះធ្លាក់ស្រោចពីលើ ហើយម៉ូលេគុលទាំងនោះ អាចនឹងនៅសែសសល់នៅផ្ទៃរបស់ Phobos ជាក់ជាមិនខាន។ នេះបើតាមលទ្ធផលនៃការសិក្សាថ្មីមួយ។
ការសិក្សាខាងលើនេះត្រូវបានធ្វើឡើង ដោយយោងទៅលើទិន្នន័យដែលទទួលបានពី ផ្កាយរណបអង្កេតបរិយាកាសភពអង្គារ MAVEN របស់អង្គការ NASA ដែលបានចាប់ផ្តើមធ្វើការសិក្សាលម្អិត ទៅលើបរិយាកាសភពអង្គារ តាំងតែពីឆ្នាំ២០១៤ មកម្ល៉េះ។ ផ្កាយរណប MAVEN តែងតែបានឆ្លងកាត់ព្រះច័ន្ទ Phobos ប្រមាណ ៥លើកឯណោះ ក្នុងរយៈពេលមួយថ្ងៃនៃភពផែនដី។
ឧបករណ៍វាស់កម្រិតអ៊ីយ៉ុង (ion) ដែលមាននៅជាប់ខ្លួនរបស់ MAVEN គឺ STATIC អាចគណនាកម្រិតរបស់អ៊ីយ៉ុងនេះ នៅពេលវាស្ថិតនៅក្នុងគន្លងគោចររបស់ Phobos ហេតុដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្រ អាចគណនាដឹងអំពីកម្រិតនៃអ៊ីយ៉ុងទាំងនោះ ថាតើវាអាចជះ និងស្ថិតនៅក្នុងផ្ទៃរបស់ Phobos ក្នុងជម្រៅប៉ុណ្ណា។ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា អ៊ីយ៉ុងដែលខ្ទាតទៅលើផ្ទៃ Phobos គឺមិនជ្រៅជាងរាប់រយណាណូម៉ែត្រ (nanometer) នោះឡើយ ឬក៏រាក់ជាងកម្រាស់របស់សសៃសក់មនុស្ស រហូតដល់ទៅ ២៥០ដង។
អ្នកដឹកនាំការស្រាវជ្រាវខាងលើមានឈ្មោះថា Quentin Nénon មកពីមន្ទីរពិសោធន៍វិទ្យាសាស្ត្រអវកាស Berkeley នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានលើកឡើងថា «យើងដឹងថា ភពអង្គារបានបាត់បង់បរិយាកាស ទៅក្នុងទីអវកាស ហើយឥឡូវនេះយើងក៏បានដឹងថា អ្វីដែលបានបាត់បង់នោះ ក៏បានធ្លាក់លើ Phobos ផងដែរ»។
អ្នកវិទ្យាសាស្ត្របានពន្យល់ថា ប្រសិនបើបេសកកម្មនៅថ្ងៃអនាគត អាចមានការចុះចត ឬទៅសិក្សាកាន់តែកៀកព្រះច័ន្ទ Phobos តែម្តងនោះ អាថ៌កំបាំងនៃការបាត់បង់បរិយាកាសយ៉ាងគំហុកនៃភពអង្គារ ក៏នឹងត្រូវបកស្រាយដែរ។ ទឹកជាសារធាតុទ្រទ្រង់ជីវិតដ៏សំខាន់ នៅក្នុងចក្រវាលនេះ ហើយការបាត់បង់ទឹក និងបរិយាកាសភពអង្គារ គឺជាអាថ៌កំបាំងដែលមិនទាន់មានការបកស្រាយ យ៉ាងពិតប្រាកដនោះឡើយ។
រំលឹកឡើងវិញ៖ ព្រះច័ន្ទ Phobos ដែលមានអង្កត់ផ្ចិតតែ ២២.៥៣គីឡូម៉ែត្រមួយនេះ ធ្វើគោចរក្នុងគម្លាតតែ ៦,០០០គីឡូម៉ែត្រប៉ុណ្ណោះពីភពអង្គារ ហើយវាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគណនារួចហើយថា វាតែងតែខិតជិតភពអង្គារ ២ម៉ែត្រជារៀងរាល់ ១០០ឆ្នាំ។ ហេតុដូច្នេះនៅក្នុងរយៈពេល ៣០-៥០លានឆ្នាំទៀត ព្រះច័ន្ទមិនពេញលក្ខណៈមួយនេះ អាចនឹងបុកទង្គិចជាមួយភពមេរបស់វាមិនខាន ដែលនឹងធ្វើឲ្យខ្លួនវាបែកខ្ញែក ឬក្លាយជាខ្សែក្រវាត់ (Ring) នៅជុំវិញភពក្រហមនេះ៕
បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space (ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១)