ចិនត្រូវការពេល២-៣ខែទៀត ដើម្បីទម្លាក់គ្រឿងយន្ត Rover ចុះទៅលើផ្ទៃភពអង្គារ ក្រោយជ្រៀតចូលគន្លងគោចរ ជុំវិញភពនេះដោយជោគជ័យ!

180

(ប៉េកាំង)៖ បេសកកម្ម Tianwen-1 របស់ប្រទេសចិន បានជ្រៀតចូលក្នុងគន្លងគោចរ នៅជុំវិញភពព្រះអង្គារហើយ នៅក្នុងរយៈកម្ពស់ ៤០០គីឡូម៉ែត្រពីផ្ទៃភពអង្គារ កាលពីយប់ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយវាជាជោគជ័យដំណាក់កាលទី ១ ខណៈផែនការធំៗបន្តបន្ទាប់ទៀត កំពុងស្ថិតនៅចំពោះមុខ។

បេសកកម្មស្រាវជ្រាវភពអង្គារដំបូង ដែលចិនបានប្រឹងប្រែងអភិវឌ្ឍឡើងខាងលើនេះ មានផ្កាយរណបមួយគ្រឿង ដើម្បីគោចរនៅក្នុងគន្លងជុំវិញភពព្រះអង្គារ និងគ្រឿងយន្ត Rover ចល័តមួយគ្រឿង (ទម្ងន់ជាង ២៤០គីឡូក្រាម) ដើម្បីបរលើផ្ទៃដីភពអង្គារ។ បេសកកម្ម Tianwen-1 បានទៅដល់ភពអង្គារនៅថ្ងៃទី១០ ខែកុម្ភៈក៏ពិតមែន ប៉ុន្តែការចុះចត Rover នឹងត្រូវធ្វើនៅរយៈពេល ២ ទៅ ៣ខែបន្ទាប់ពីនេះ (អាចនៅអំឡុងខែមេសា ឆ្នាំ២០២១) ដោយសារចិនត្រូវការពេលសិក្សា និងត្រៀមឲ្យបានល្អបំផុត។

Tianwen-1 មានគោលដៅស្រាវជ្រាវអំពីប្រភពទឹកលើភពអង្គារ, ដី, ទឹកកក, ជីវិត, និងការគូសវាសទីតាំងភូមិសាស្ត្រសំខាន់ៗនៃភពអង្គារ សម្រាប់បេសកកម្មទៅថ្ងៃអនាគត។ សម្រាប់ទីតាំងដែលត្រូវចុះ Rover របស់ចិនដំបូងលើភពអង្គារ គឺមានចំនួនពីរជាជម្រើស នោះគឺទី ១ ទីតាំងចុះចតក្បែរគ្រឿងយន្ត Viking 1 របស់សហរដ្ឋអាមេរិក និងមួយទៀត នៅក្បែរកន្លែងចុះចតរបស់គ្រឿងយន្ត Curiosity របស់អាមេរិកដូចគ្នា ដែលសុទ្ធសឹងតែស្ថិតនៅអឌ្ឍគោលខាងជើង នៃភពអង្គារ។

សម្រាប់តម្លៃនៃបេសកកម្ម Tianwen-1 គឺមិនត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់ឡើយ ប៉ុន្តែផ្កាយរណបរបស់ចិន គ្រោងស្ថិតនៅជុំវិញភពអង្គារ សម្រាប់រយៈពេលកំណត់ ០២ឆ្នាំ (ពេលវេលានៅលើផែនដី) ខណៈគ្រឿងយន្ត Rover វិញនឹងស្ថិតនៅរយៈពេលកំណត់ ៩០ថ្ងៃ (ពេលវេលានៅលើភពអង្គារ)៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space, CNSA (ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១)

480×240 Banner