គេថាវាអាចនឹងបង្កគ្រោះនៅឆ្នាំ២០២៩! តែអ្នកវិទ្យាសាស្ត្រប្រាប់ថា កុំភ័យ…

245

(អាមេរិក)៖ ក្រុមការងារអង្កេតវត្ថុអវកាសកៀកផែនដី នៃអង្គការ NASA កំពុងតែព្យាយាមអង្កេតជាលើកចុងក្រោយ ទៅលើអាចម៍ផ្កាយធំមួយឈ្មោះ អាផូហ្វីស (Apophis) ដែលមានមុខកាត់រហូតដល់ទៅជាង ៣០០ម៉ែត្រ និងមានរាងស្រដៀងគ្រាប់សណ្តែក ប៉ុន្តែវាមានឱកាស ៣% ដែលអាចម៍ផ្កាយមួយនេះ អាចបុកភពផែនដីយើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩ និយាយរួមគឺនៅសល់ពេលជាង ៨ឆ្នាំទៀតប៉ុណ្ណោះ។

Apophis ត្រូវបានរកឃើញជាលើកដំបូង កាលពីឆ្នាំ២០០៤ ដោយក្រុមការងារអង្កេតវត្ថុអវកាសកៀកៗផែនដីរបស់ NASA ហើយវាមាន ឱកាសស្តួចស្តើងមួយ ដែលអ្នកវិទ្យាសាស្ត្រខ្លះអះអាងថា ស្ទើរតែមិនបាច់ត្រូវគិត ឬភ័យព្រួយនោះឡើយថាវាអាចមកប៉ះភពផែនដីនោះ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩ Apophis ត្រូវបានគេគណនាថា នឹងហោះមកកៀកផែនដី នៅក្នុងគម្លាតជិត ១០,០០០គីឡូម៉ែត្រ ឬស្មើនឹងគន្លងគោចរកម្រិតខ្ពស់ នៃផ្កាយរណបមួយចំនួន។

ទោះជាយ៉ាងនេះក្តី វត្ថុអវកាសដែលនឹងហោះមកក្រោមរយៈពេលចម្ងាយ ៧.៥លានគីឡូម៉ែត្រពីផែនដី គឺសុទ្ធតែត្រូវបានចាត់ទុកថា អាចមានឱកាសបង្កការគំរាមកំហែងដល់ភពយើង ដែលតម្រូវឲ្យក្រុមអ្នកតាមដាន ធ្វើការពិនិត្យឲ្យបានច្បាស់លាស់បំផុតអំពីចលនា និងគន្លងមិនទៀតទាត់ នៃដុំថ្មីអវកាសប្រភេទនេះ។ ចុះទម្រាំ Apophis ដែលមានមានមុខកាត់ជាង ៣០០ម៉ែត្រ ហើយនឹងមកកៀកតែក្នុងគម្លាតជិត ១០,០០០គីឡូម៉ែត្រ នោះវាប្រាកដណាស់ថា ពិបាកឲ្យមនុស្សលោកស្ងប់ចិត្ត។

ក្រុមការងារសិក្សាអំពីចលនារបស់ Apophis នឹងចាប់ផ្តើមប្រើប្រាស់តេឡេស្កូប ដើម្បីសិក្សាលម្អិតចុងក្រោយអំពីអាចម៍ផ្កាយនេះ នៅក្នុងខែមីនា ឆ្នាំ២០២១។ ជុំវិញផែនការនេះលោកស្រី Marina Brozović អ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធរ៉ាដា នៅមន្ទីរពិសោធន៍ JPL របស់អង្គការ NASA បានប្រាប់ Space.com ថា «វាគឺជាហេតុការណ៍ ដែលតែងតែកើតឡើង ១,០០០ឆ្នាំម្តង ហើយវាកំពុងធ្វើឲ្យមានការចាប់អារម្មណ៍។ នៅពេលដែល Apophis មកដល់កៀកយើងខ្លាំង វានឹងក្លាយជាឱកាសដ៏ពិសេសបំផុត ដើម្បីឲ្យយើងអង្កេតមើលវា… ដូច្នេះមុននឹងឆ្នាំ២០២៩មកដល់ យើងកំពុងត្រៀមខ្លួនហើយ»។

គួរបញ្ជាក់ថា Apophis មានរហស្សនាមថា «អាទិទេពនៃភាពចលាចល» ដែលផ្សំឡើងពីថ្ម និងលោហៈ ហើយមានមុខកាត់ជាង ៣០០ម៉ែត្រ ឬយើងអាចនិយាយបានថា វាប្រហាក់ប្រហែលនឹងកម្ពស់ ប៉មតួអ៊ែហ្វែល នៃទីក្រុងប៉ារីសទៅហើយ។ ការព្យាយាមបកស្រាយរបស់ក្រុមអ្នកវិទ្យាសាស្ត្រ NASA ដែលជាអ្នកធ្វើការអង្កេត និងស្វែងរកព័ត៌មានលម្អិតជាច្រើនអំពី Apophis ខាងលើនេះ ក៏មិនខុសពីរាល់ដងនោះដែរ គឺវាត្រូវបានធ្វើឡើងដើម្បីបន្សាបការភ័យខ្លាច ដោយសារតែចុះផ្សាយព័ត៌មានបំប៉ោងមួយចំនួន ដែលបានធ្វើឲ្យមនុស្សជាច្រើនមានការភ័យខ្លាច៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១)

480×240 Banner