មិនមែនស-ខ្មៅទៀតឡើយ! អង្គការ NASA ទើបបញ្ចេញរូ​បបីសន្លឹកទៀត​ពីភពអង្គារក្រោយការចុះចត Perseverance (មានរូបភាព)

185

(អាមេរិក)៖ ក្រោយធ្វើការចុះចតដោយជោគជ័យ លើផ្ទៃភពព្រះអង្គារ កាលពីវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) គ្រឿងយន្តស្រាវជ្រាវ ភើសេវើរែនស៍ (Perseverance) របស់អង្គការ NASA បានបាញ់បញ្ជូនរូបថតជាបន្តបន្ទាប់ មកកាន់ភពផែនដីវិញ ហើយឥឡូវនេះរូបថតពណ៌ធម្មជាតិ បីសន្លឹកទៀតបានមកដល់ហើយ។

រូបថតថ្មីៗដែលមិនមែនជាពណ៌ស-ខ្មៅទៀតនោះ បានបង្ហាញអំពីការទម្លាក់រ៉ូបូត Perseverance ទៅដល់ផ្ទៃដីភពអង្គារ, រូបកង់របស់ Perseverance ជាន់លើដីភពអង្គារ និងរូបផ្ទៃដីក្រាលដោយដុំថ្មចម្លែកៗ ក្នុងអតីតបឹងឈ្មោះ ចេហ្សេរ៉ូ (Jezero) ដែលវាបានចុះចត ស្ថិតនៅតំបន់អឌ្ឍគោលខាងជើង នៃភពក្រហមនោះ។

សម្រាប់រូបភាពដែលគិតថា ជារឿងដែលមិនដែលធ្លាប់មាននោះ គឺការសណ្តោងរ៉ូបូត Perseverance ចុះទៅលើផ្ទៃរណ្តៅ Jezera ដោយគ្រឿងយន្តរ៉ុក្កែត ស្កាយគ្រែន (Skycrance) មុននឹងវាត្រូវផ្តាច់ខ្សែសណ្តោងចេញ ហើយហោះទៅឆ្ងាយដោយសុវត្ថិភាព។ ក្រុមការងារគ្រប់គ្រងបេសកកម្ម Perseverance បានអះអាងថា រូបភាពមានគុណភាពខ្ពស់ជាច្រើនទៀត កំពុងត្រូវបានចម្រាញ់ចេញពីខ្សែវីដេអូ ថតដោយយានអវកាសដែលដឹករ៉ូបូត Perseverance ពីភពផែនដី និងមកដល់ភពព្រះអង្គារ។

ជុំវិញការបញ្ចេញរូបភាពថ្មីខាងលើនេះ លោក អាដាម ស្ទែលស្នឺ (Adam Steltzner) ប្រធានផ្នែកបច្ចេកទេសនៃបេសកកម្ម Perseverance បានលើកឡើងថា «អ្នកអាចឃើញធូលីដីហុយកញ្ជ្រោលឡើង ដោយសារតែម៉ាស៊ីនរបស់រ៉ូបូត»។ លោក Adam បានគណនាថា រូបភាពនៃការទម្លាក់ Perseverance ជិតដល់ដីភពអង្គារ ត្រូវបានថតនៅក្នុងរយៈកម្ពស់តែ ២ម៉ែត្រប៉ុណ្ណោះ។

ដោយឡែកសម្រាប់រូបភាពបង្ហាញពីផ្ទៃរណ្តៅ Jezero វិញ លោកស្រី ខេទី ស្ទេក ម័រហ្គែន (Katie Stack Morgan) អនុប្រធានក្រុមអ្នកវិទ្យាសាស្ត្រ NASA បានលើកឡើងថា «សំនួរមួយក្នុងចំណោមសំនួរជាច្រើន ដែលខ្ញុំនឹងសួរនោះគឺ តើដុំថ្មទាំងនេះមានប្រភពដើមមកពីសកម្មភាពភ្នំភ្លើង ឬជាថ្មល្បាប់បាតបឹង»។ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានព្យាយាមពង្រីកមើលដុំថ្មទាំងអស់នោះ នឹងមានការភ្ញាក់ផ្អើលអំពីទម្រង់របស់វា ដែលខុសពីការគិតផងដែរ។

គួរបញ្ជាក់ថា អង្គការ NASA នឹងបញ្ចេញរូបថត និងវីដេអូគុណភាពខ្ពស់ បន្ថែមទៀតនៅក្នុងពេលចុងសប្តាហ៍នេះ ឬក៏អាចនៅដើមសប្តាហ៍ក្រោយ។ ប៉ុន្តែសម្រាប់សំឡេងដែលត្រូវបានថត នៅកំឡុងពេលចុះចតលើភពអង្គារ ជាលើកដំបូងដោយបេសកកម្ម Perseverance នោះមិនទាន់ត្រូវបានបង្ហើបថា នឹងត្រូវបញ្ចេញនៅពេលណាឡើយ៕

ប្រភព៖ CNA, AP, NASA (ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១)

 

480×240 Banner