អាចម៍ផ្កាយមានមុខកាត់ ១.៧គីឡូម៉ែត្រ នឹងហោះមកជិតៗផែនដីនៅខែមីនា, អ្នកវិទ្យាសាស្ត្រធានាថា «គ្មានបញ្ហា»
(អាមេរិក)៖ អាចម៍ផ្កាយធំមួយនឹងហោះឆ្លងកាត់ផែនដីនៅខែក្រោយ ប៉ុន្តែបើទោះបីជាវា នឹងក្លាយជាអាចម៍ផ្កាយមានទំហំធំ ដែលហោះមកជិតៗភពយើង ប្រចាំក្នុងឆ្នាំ២០២១នេះក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្តបានធានារួចហើយថា ពុំមានហេតុផលអ្វីដែលត្រូវឲ្យយើងព្រួយបារម្ភនោះឡើយ។
ដុំថ្មអវកាសនោះមានឈ្មោះសម្គាល់ផ្លូវការថា 2001 FO32 និងមានអង្កត់ផ្ចិតប្រវែងចន្លោះពី ០.៨-១.៧គីឡូម៉ែត្រ ហើយពេលហោះកាត់ផែនដីយើងនៅម៉ោង ១១៖០៣នាទីព្រឹកថ្ងៃទី២១ ខែមីនា (ពេលវេលានៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ១១៖០៣នាទីយប់ថ្ងៃដដែល បើគិតតាមពេលវេលានៅប្រទេសកម្ពុជា) វានឹងស្ថិតនៅគម្លាត ០២លានគីឡូម៉ែត្រពីភពដ៏ស្រស់បំព្រងរបស់យើង។
គួរបញ្ជាក់ថា ដោយសារគម្លាតធ្វើដំណើររបស់វាស្ថិតនៅក្រផម ៧.៥លានគីឡូម៉ែត្រ ហើយមានមុខកាត់ធំជាង ១៤០ម៉ែត្រនោះ 2001 FO32 ត្រូវបានចាត់ថ្នាក់ជា អាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ ប៉ុន្តែទីភ្នាក់ងារអវកាសអាមេរិក NASA បានធានាថា ពុំមានអ្វីគួរឲ្យបារម្ភចំពោះការមកដល់ នៃដុំថ្មអវកាសនេះឡើយ។ បើតាម NASA ក្នុងមួយខែៗ អាចម៍ផ្កាយតូចៗតែងតែហោះមកតំបន់ចន្លោះផែនដី និងព្រះច័ន្ទជាច្រើនលើក ដោយបំណែករបស់ពួកវា ពេលខ្លះចូលមកក្នុងស្រទាប់បរិយាកាសភពយើង ហើយឆេះរលាយអស់ស្ទើរតែរៀងរាល់ថ្ងៃ៕
ប្រភព៖ Space (ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១)