បទវិភាគអវកាស៖ អាមេរិកបញ្ជូន Rover ៥គ្រឿងហើយទៅភពព្រះអង្គារ, តើពេលណាដល់វេនមនុស្ស?

242

(អាមេរិក)៖ ការចុះចតនៃគ្រឿងយន្តស្រាវជ្រាវចល័ត (Rover) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើភពព្រះអង្គារដោយអង្គការ NASA របស់សហរដ្ឋអាមេរិក គឺត្រូវបានចាត់់ទុកថា ជាគ្រឿងយន្តចល័តទី ៥ ហើយនៅលើភពក្រហមនោះ ប៉ុន្តែសំនួរនៅតែលេចលឺដដែលថា តើពេលណាដល់វេនមនុស្ស?

ជុំវិញសំនួរខាងលើនេះ ប្រធានស្តីទីនៃអង្គការ NASA គឺលោក ស្ទេវ ចឺជីក (Steve Jurczyk) បានឆ្លើយជាបណ្តោះអាសន្នថា បច្ចុប្បន្នអង្គការអវកាស ធំជាងគេបំផុតលើពិភពលោកមួយនេះ កំពុងតែអភិវឌ្ឍកម្មវិធី អាទែមីស (Artemis) ដែលជាកម្មវិធីកសាងមូលដ្ឋាន នៃក្រុមអ្នកវិទ្យាសាស្ត្រលើឋានព្រះច័ន្ទ ហើយប្រើវាជាច្រកទ្វារអវកាស ដើម្បីត្រៀមធ្វើដំណើរទៅកាន់ភពព្រះអង្គារ នៅអំឡុងចុងទសវត្សរ៍ ២០៣០។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះបានព្រមានថា បើមើលទៅលើគម្លាតនៃបច្ចេកវិទ្យា និងប្រាក់ឧបត្ថម្ភសម្រាប់អង្គការ NASA មិនមានភាពទៀងទាត់ទៀតនោះ សហរដ្ឋអាមេរិកពិតជាត្រូវការពេល រាប់ទសវត្សរ៍ទៀត ទើបអាចសម្រេចគោលដៅដ៏ធំមហិមានេះបាន។ ខាងក្រោមនេះគឺបញ្ហាលំបាកៗទាំង ៥ ដែលយើងត្រូវប្រឈមមុខ ប្រសិនបើដាច់ខាតត្រូវតែទៅបញ្ជូនមនុស្ស ទៅជាន់ដីភពអង្គារឲ្យខាងតែបាន៖

១៖ ភពអង្គារពិតជាលំបាកណាស់

លោក វើញឺ វ៉ុន ប្រន (Wernher von Braun) វិស្វករនៃកម្មវិធីអាប៉ូឡូ (Apollo) របស់អង្គការ NASA បានចាប់ផ្តើមបំពេញការងារ ពាក់ព័ន្ធនឹងបេសកកម្មភពអង្គារ បន្ទាប់ពីបានសម្រេចការនាំមនុស្សចុះចត នៅលើផ្ទៃព្រះច័ន្ទកាលពីឆ្នាំ១៩៦៩ ប៉ុន្តែផែនការទៅភពអង្គារនោះ មិនដែលត្រូវបានលេចឡើង ជារូបរាងនោះឡើយ។

ហេតុអ្វីក៏មើលទៅលំបាកយ៉ាងនេះ សម្រាប់ផែនការទៅភពអង្គារ? ដូច្នេះយើងសូមលើកឡើងអំពីបញ្ហាធំដំបូង នោះគឺចម្ងាយរវាងភពអង្គារ និងភពផែនដី។ អវកាសយានិកនានា ដែលតម្រូវឲ្យទៅភពអង្គារ នោះពួកគេនឹងត្រូវជិះឆ្លងកាត់ទីអវកាស ក្នុងរយៈចម្ងាយយ៉ាងហោចណាស់ ២២៥លានគីឡូម៉ែត្រ អាស្រ័យលើការកំណត់ពេលវេលា ដែលគន្លងគោចរនៃភពទាំងពីរ មកកៀកគ្នាបំផុតពេលណា។

ចម្ងាយដ៏សែនឆ្ងាយខាងលើនេះហើយ ដែលនឹងជះឥទ្ធិពលអាក្រក់ទៅដល់ សុខភាពរបស់អវកាសយានិក ក្នុងនោះពួកគេនឹងត្រូវប្រឈមមុខ ចំពោះសារធាតុវិទ្យុសកម្ម ដែលមាននៅពាសពេញទីអវកាស និងកម្លាំងទំនាញដ៏សែនខ្សោយលើយានអវកាស ដែលរាងកាយមនុស្ស ពិតជាមិនអាចស៊ូទ្រាំ នៅក្នុងរយៈពេលច្រើនខែបាននោះឡើយ។

ក្រុមអវកាសយានិក នឹងប្រឈមមុខការបង្កើនឱកាស ក្នុងការកើតជំងឺមហារីក ខណៈដែលជំងឺទាំងនោះ នឹងបំផ្លាញគុណភាពឆ្អឹង និងសាច់ដុំរបស់ពួកគេផងដែរ។ ប្រសិនបើការធ្វើដំណើររបស់ពួកគេ ជួបប្រទះបញ្ហាអ្វីនៅតាមផ្លូវនោះ ពួកគេប្រាកដជាត្រូវរង់ចាំដោះស្រាយបញ្ហា ពេលទៅដល់ភពអង្គារដោយខ្លួនពួកគេហើយ។

២៖ ព័ត៌មាននៅមានតិចតួចនៅឡើយ

កន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានសិក្សាអំពីមេរៀន មួយចំនួនរួចទៅហើយ អំពីបេសកកម្មរបស់ក្រុមអវកាសយានិក ទៅកាន់ឋានព្រះច័ន្ទ និងស្ថានីយអវកាសអន្តរជាតិ (ISS)។ ជុំវិញមេរៀនទាំងនេះ លោក ចូណាថាន់ ម៉ាកដូវែល (Jonathan McDowell) តារាវិទូមួយរូបនៃមជ្ឈមណ្ឌលរូបវិទ្យា និងតារាសាស្ត្រ Harvard-Smithsonian បានលើកឡើងថា «យើងបានព្យាយាមបង្ហាញថា យានអវកាសដែលគោចរជុំវិញផែនដី អាចមានសមត្ថភាពទ្រទ្រង់ជីវិតក្រុមអវកាសយានិក បានយ៉ាងហោចណាស់រយៈពេល ១ឆ្នាំកន្លះ»។

តារាវិទូខាងលើនេះបានសង្កត់ធ្ងន់ថា គំនិតនានាស្តីអំពីរបៀប ត្រូវបញ្ចេញបេសកកម្មទៅភពអង្គារ មានរួចជាស្រេចទៅហើយ ប៉ុន្តែសម្រាប់សេចក្តីលម្អិត អំពីដំណើរការរបស់វានោះ គឺយើងនៅតែខ្វះខាតនៅឡើយ។

ដោយឡែកលោកស្រី ឡូរ៉ា ហ្វសជីក (Laura Forczyk) អ្នកវិទ្យាសាស្ត្រភពមួយរូបបានលើកឡើងថា មធ្យោបាយមួយ ដែលអាចកាត់បន្ថយហានិយ នៃការប្រឈមមុខសារធាតុវិទ្យុសកម្មនោះ គឺការបញ្ជូនក្រុមអវកាសយានិក ឲ្យទៅដល់ភពអង្គារឲ្យបានកាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។

គំនិតរបស់លោកស្រី Laura គឺចង់សំដៅទៅលើការប្រើប្រើថាមពលនុយក្លេអ៊ែរ ដែលអាចជំរុញកម្លាំងបានខ្លាំង ជាងគ្រាប់រ៉ុក្កែតប្រើថាមពលគីមីទូទៅ។ សម្រាប់វិធីសាស្ត្រមួយទៀត គឺក្រុមអ្នកវិទ្យាសាស្ត្រគួរសិក្សា អំពីការបំពាក់ធុងស្តុកទឹកមួយចំនួន នៅជាប់យានអវកាស ដែលដឹកក្រុមអវកាសយានិក ព្រោះទឹកទាំងនោះអាចត្រូវប្រើ ដើម្បីស្រូបទុកសារធាតុវិទ្យុសកម្មបាន។

នៅពេលទៅដល់ភពក្រហមនោះហើយ ក្រុមអវកាសយានិកត្រូវរិះរកវិធី ដើម្បីដកដង្ហើមនៅលើភពដែល ៩៥% នៅក្នុងបរិយាកាស គឺជាកាបូនឌីអុកស៊ីត។ គ្រឿងយន្តស្រាវជ្រាវចល័ត Perseverance មានឧបករណ៍នៅជាប់ខ្លួនវារួចជាស្រេច ដែលអាចបម្លែងកាបូនឌីអុកស៊ីតទាំងនោះ ទៅជាអុកស៊ីសែន ហើយវាជាឧទាហរណ៍មួយនៃបច្ចេកទេស ដែលមានតម្រូវការចាំបាច់នៅទីនោះ។

ដំណោះស្រាយផ្សេងមួយទៀត គឺការបំបែកទឹកកកនៅតំបន់ប៉ូលទាំងពីរ នៃភពអង្គារ ហើយបំលែងវាទៅជាអុកស៊ីសែន និងអ៊ីដ្រូសែន ដែលនឹងត្រូវប្រើប្រាស់ធ្វើជាឥន្ធនៈរ៉ុក្កែតផងដែរ។ បន្ថែមពីនេះ បញ្ហាបង្កឡើងដោយធាតុវិទ្យុសកម្ម ក៏តម្រូវឲ្យមានដំណោះស្រាយដ៏ចាំបាច់ផងដែរ ព្រោះបរិយាកាសភពអង្គារពិតជាស្តើងណាស់ ហើយកម្លាំងម៉ាញេទិច ដែលជាខែលការពារភពនេះ ក៏កាន់តែខ្សោយថែមទៀត ដូច្នេះយើងត្រូវតែរកវិធីការពារខ្លួន ទាំងពេលធ្វើដំណើរទៅភពអង្គារផង និងពេលរៀបចំមូលដ្ឋានស្នាក់នៅលើដីផ្ទាល់ផង។

៣៖ ហានិភ័យ និងការអត់ធ្មត់

លោក ជី ស្កត់ ហាប់បាដ (G Scott Hubbard) នាយកកម្មវិធីភពអង្គារដំបូងរបស់អង្គការ NASA បានលើកឡើងថា លទ្ធភាពដែលកម្មវិធីនាំមនុស្សទៅភពអង្គារ អាចកើតឡើងខ្ពស់ដល់កម្រិតណា វាក៏អាស្រ័យទៅលើការអត់ធ្មត់ ចំពោះហានិភ័យរបស់យើង មានខ្ពស់ដល់កម្រិតនោះដែរ។ កាលពីជំនាន់បេសកកម្ម Space Shuttle អវកាសយានិកនានា បានប្រឈមុខនឹងហានិភ័យដល់អាយុជីវិតមិនលើសពី ៣% នោះឡើយ។

លោក Hubbard បានសង្កត់ធ្ងន់ថា ពួកគេបានលើកឡើងថា បេសកកម្មទៅទីអវកាសឆ្ងាយៗ អាចឲ្យអវកាសយានិកប្រឈមមុខហានិភ័យ ដល់អាយុជីវិតចាប់ពី ១០-៣០% អាស្រ័យទៅលើបេសកកម្ម, ដូច្នេះវាជាការប្រកាន់យកឥរិយាបថគគ្លើន ឬជាឥរិយាបថបើកចំហរបស់អង្គការ NASA បើតាមមើលទៅ។ លោកស្រី Forczyk បានលើកឡើងថា វាអាចជាការបញ្ជូនអវកាសយានិក ឲ្យទៅប៉ះពាល់ដោយប្រយោល ចំពោះធាតុវិទ្យុសកម្ម ដែលអាចកាត់បន្ថយអាយុជីវិតពួកគេ ហើយបញ្ហានេះអង្គការ NASA នៅតែកំពុងគិតគូរនៅឡើយ។

៤៖ ឆន្ទៈផ្នែកនយោបាយ

ក្រុមអ្នកជំនាញ, អ្នកវិទ្យាសាស្ត្រ និងមនុស្សធម្មតាៗ សុទ្ធតែយល់ដឹង អ្វីដែលជាបញ្ហាធំបំផុតនៅចំពោះមុខនោះគឺ «លុយ»។ លុយច្រើន ឬតិចគឺអាស្រ័យលើប្រធានាធិបតី និងសភាអាមេរិក។ ជុំវិញបញ្ហានេះលោក McDowell បានបញ្ចេញមតិថា ប្រសិនបើមនុស្សគ្រប់គ្នាគិតថា យើងជាសត្វមួយប្រភេទដែរ (អាចប្រឈមមុខនឹងការផុតពូជ) នោះអ្នកទាំងនោះអាចបង់ពន្ធបន្ថែម ដើម្បីជះលុយលើគម្រោងនេះ ដូច្នេះទើបយើងជឿជាក់ថា មនុស្សនឹងអាចជាន់ដីភពអង្គារ​នៅអំឡុងទសវត្សរ៍ ២០៣០។

យ៉ាងណាក៏ដោយ ប្រសិនបើគម្រោងនាំមនុស្សទៅភពអង្គារ ឈានដល់ហួសទសវត្សរ៍ ២០៤០ នោះលោក McDowell គិតថាគួរឲ្យភ្ញាក់ផ្អើល ឬមានន័យថា មិនគួរឲ្យកើតឡើង។ សម្រាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន វិញហាក់មិនទាន់បញ្ចេញមតិណាមួយ ពាក់ព័ន្ធមហិច្ឆតានាំមនុស្ស ទៅកាន់ភពព្រះអង្គារនោះឡើយ ប៉ុន្តែអ្នកនាំពាក្យរបស់លោក បានបង្ហើបរួចទៅហើយនៅក្នុងខែកុម្ភៈនេះ អំពីការគាំទ្ររបស់រដ្ឋាភិបាលលោក ចូ បៃដិន ទៅលើគម្រោង Artemis។

យ៉ាងណាក៏ដោយ ស្រមោលនៃថវិកាខ្វះខាតចំពោះអង្គការ NASA កំពុងចោទជាសំនួរ ចំពោះផែនការនាំមនុស្សជាន់ដីព្រះច័ន្ទឡើងវិញ នៅឆ្នាំ២០២៤ ដើម្បីបោះមូលដ្ឋានលើទីនោះជាអចិន្ត្រៃយ៍។ ពិតណាស់បើគម្រោង Artemis លើព្រះច័ន្ទត្រូវយឺតយ៉ាវ នោះជំហានបន្តទៀតទៅកាន់ភពអង្គារ ក៏នឹងត្រូវពន្យារទៅតាមនោះដែរ។

៥៖ តើផែនការនេះត្រូវជំនួសដោយ SpaceX ដែរឬទេ?

តើ NASA អាចត្រូវផ្តល់ឱកាសឲ្យក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី អេឡុន ម៉ាសក៍ (Elon Musk) ដែលកំពុងគ្រោងនាំមនុស្សដំបូងទៅភពអង្គារ នៅឆ្នាំ២០២៦ ដែរឬទេ? លោក Musk បាននិងកំពុងព្យាយាមធ្វើកិច្ចការនេះទៅហើយ ដោយឧទាហរណ៍ជាក់ស្តែង គឺការធ្វើតេស្តនាវាអវកាស SN8 និង SN9 កាលពីពេលថ្មីៗនេះ។

ការផ្ទុះឆេះនាវាអវកាសទាំងពីរគ្រឿង នៅពេលទម្លាក់ខ្លួនមកវិញ គឺពិតជាហានិភ័យដ៏ខ្ពស់បំផុត ដែលក្រុមហ៊ុន SpaceX ហ៊ានធ្វើ ប៉ុន្តែអង្គការ NASA មិនអាចធ្វើបានឡើយ។ លោក Hubbard បានសង្កត់ធ្ងន់ត្រង់ចំណុចនេះថា ក្នុងនាមជាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក អង្គការ NASA មិនអាចផ្តល់ទិន្នន័យគ្រប់យ៉ាង ដូចអ្វីដែល SpaceX កំពុងធ្វើនេះឡើយ។

អ្វីដែល SpaceX កំពុងតែធ្វើ ចំពោះការអភិវឌ្ឍប្រព័ន្ធគ្រាប់រ៉ុក្កែតនោះ ក៏អាចនឹងក្លាយជាជម្រើសសម្រាប់ NASA ព្រោះបច្ចុប្បន្នអង្គការនេះ កំពុងមានបញ្ហាក្នុងការអភិវឌ្ឍប្រព័ន្ធបាញ់បង្ហោះ (Space Launch System) ដែលបានជួបប្រទះការពន្យារពេល និងចំណាយលើសគម្រោង។

ទោះជាបែបនេះក្តី មិនមែនមហាសេដ្ឋីតែម្នាក់នៅលើពិភពលោក អាចចេញវិក័យបត្រតែឯង សម្រាប់គ្រប់គ្នានៅភពអង្គារឡើយ។ បើតាមលោក Hubbard ក្រុមហ៊ុនឯកជនដូចជា SpaceX ​អាចដើរតួនាទីជាអ្នកផ្តល់មធ្យោបាយដឹកជញ្ជូន ហើយអង្គការ NASA អាចដើរតួជាអ្នកជួយដោះស្រាយបញ្ហាចំពោះមុខផ្សេងៗទៀត នៅក្នុងដំណើរការនាំមនុស្ស ទៅកាន់ភពព្រះអង្គារ៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ AFP, DV, CNA (ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១)

480×240 Banner