ប៉ុន្មានថ្ងៃទៀតទើប SpaceX ធ្វើតេស្ត SN10, ម៉ាស៊ីននាវាអវកាសនេះ ទើបបញ្ឆេះសាកល្បងលើកទី២

196

(តិចសាស់)៖ ក្រុមហ៊ុន SpaceX របស់លោក អេឡុន ម៉ាសក៍ (Elon Musk) បានបញ្ឆេះម៉ាស៊ីនរបស់នាវាអវកាសគំរូ SN10 ជាលើកទី ២ ដើម្បីពិនិត្យមើលអំពីដំណើរការរបស់វា ខណៈការធ្វើតេស្តសាកល្បងជាផ្លូវការ អាចនឹងកើតឡើងក្នុងពេលឆាប់ៗ។

ការធ្វើតេស្តម៉ាស៊ីនរ៉ាប់ទ័រ (Raptor) ទាំងបីគ្រឿងរបស់ SN10 ជាលើកទី ២ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៥៖៥៧នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ (ត្រូវនឹងព្រឹកថ្ងៃសុក្រនេះ ពេលវេលានៅភ្នំពេញ) ក្នុងមូលដ្ឋានបាញ់បង្ហោះ នៃក្រុមហ៊ុន SpaceX ស្ថិតនៅតាមបណ្តោយឆ្នេរ ហ្គឹហ្វ ខូសត៍ (Gulf Coast) ក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។

SpaceX កន្លងមកនេះ បានធ្វើតេស្តនាវាអវកាសគំរូ SN8 និង SN9 រួចទៅហើយ ដោយបានបញ្ជាពួកវាឲ្យហោះឡើងទៅលើអាកាស នៅក្នុងរយៈកម្ពស់ជាង ១០គីឡូម៉ែត្រ ហើយសម្រាប់ SN10 នឹងត្រូវធ្វើឡើង នៅក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រផងដែរ។ SN8 និង SN9 បានហោះឡើង និងបណ្តែតខ្លួនលើអាកាស ប្រកបដោយលក្ខណៈល្អប្រសើរ ប៉ុន្តែបញ្ហាធំបានកើតឡើងនៅមុនប៉ុន្មានវិនាទីប៉ុណ្ណោះ នៃការចុះចតមកវិញ ដែលជាហេតុធ្វើឲ្យនាវាអវកាសគំរូ ទាំងពីរគ្រឿងនេះធ្លាក់បុកដី និងផ្ទុះឆេះពេញមួយទំហឹង។

គួរបញ្ជាក់តាមក្រុមហ៊ុន SpaceX ថា ប្រសិនបើការធ្វើតេស្តលើម៉ាស៊ីនរបស់ SN10 ពេលនេះមានភាពល្អប្រសើរ នោះយើងនឹងអាចឃើញវាហោះហើរសាកល្បង នៅប៉ុន្មានថ្ងៃខាងមុខទៀត (មិនបានបញ្ជាក់ថ្ងៃពិតប្រាកដ)។ នាវាអវកាសដែលជាភាសាអង់គ្លេសហៅថា Starship មានបណ្តោយប្រវែង ៥០ម៉ែត្រ និងមុខកាត់ ០៩ម៉ែត្រ។ វាគឺជាយានចម្បងរបស់ក្រុមហ៊ុន SpaceX ដើម្បីបំពេញមហិច្ឆតាដឹកទំនិញ និងនាំមនុស្សទៅកាន់ឋានព្រះច័ន្ទ និងភពព្រះអង្គារនៅថ្ងៃអនាគត៕

ប្រភព៖ space.com (ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១)

480×240 Banner