ទិដ្ឋភាពក្រោយការចុះចត Perseverance លើភពព្រះអង្គារ ត្រូវបានផ្កាយរណបអឺរ៉ុប-រុស្ស៊ីផ្តិតយក

182

(បរទេស)៖ ប្រព័ន្ធកាមេរ៉ាបំពាក់លើផ្កាយរណបអឺរ៉ុប-រុស្ស៉ី ExoMars Trace Gas ដែលកំពុងគោចរជុំវិញភពអង្គារ បានចាប់យករូបភាពគ្រឿងយន្តស្រាវជ្រាវ Perseverance របស់អង្គការ NASA នៅលើផ្ទៃភពអង្គារ បន្ទាប់ពីការចុះចតដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅថ្ងៃទី២៣ ខែកុម្ភៈ ផ្កាយរណប ExoMars ដែលជាបេសកកម្មរួមគ្នារវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បានផ្តិតយករូបភាពមួយនៃផ្ទៃភពអង្គារ ដែលបង្ហាញឲ្យឃើញគ្រឿងយន្តស្រាវជ្រាវ Perseverance របស់អង្គការ NASA ដែលទើបចុះទៅដល់ទីនោះ ក្នុងទម្រង់ចំណុចតូចៗមួយៗ។

ក្រៅពីគ្រឿងយន្ត Perseverance គេសង្កេតឃើញចំណុចតូចៗមួយចំនួនទៀត សុទ្ធតែជាឧបករណ៍សំខាន់ៗ ដែលបានជួយឲ្យវាចុះទៅដល់ លើផ្ទៃភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ របស់របរទាំងនោះរួមមានដូចជា ឆ័ត្រយោង, គម្របខាងក្រោយ, ខែលការពារកម្តៅ និងម៉ាស៉ីនសណ្តោង ដែលត្រូវបានទម្លាក់ចោលម្តងមួយៗ ពេល Perseverance ចុះចតទៅក្នុងរណ្តៅ ចេហ្សេរ៉ូ (Jezero) ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារ។

គួរបញ្ជាក់ថា ផ្កាយរណប ExoMars បានទៅដល់ភពអង្គារ ០៥ឆ្នាំមុនបេសកកម្ម Perseverance គឺកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ នៅឆ្នាំ២០២២ ខាងមុខនេះ បេសកកម្ម ExoMars របស់អឺរ៉ុប-រុស្ស៊ី ដែលមានគ្រឿងយន្ត Rover សម្រាប់ស្រាវជ្រាវដូច Perseverance ដែរនោះ នឹងត្រូវបាញ់បង្ហោះចេញពីផែនដី ដើម្បីទៅចុះចតលើភពអង្គារ។

តាមពិតទៅគ្រឿងយន្ត ExoMars ក៏ត្រូវរៀបចំឲ្យចាកពីផែនដី កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ ដូចគ្រឿងយន្តសហរដ្ឋអាមេរិក ចិន និងអេមីរ៉ាត់អារ៉ាប់រួមផងដែរ ប៉ុន្តែដោយតែអង្គការអវកាសរុស្ស៊ី និងអឺរ៉ុប មិនអាចធ្វើការត្រួតពិនិត្យវាឲ្យបានទាន់ពេលនោះ ​ទើបការបាញ់បង្ហោះត្រូវបានពន្យាររហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ExoMars rover ឬយើងអាចហៅជាផ្លូវការថា Rosalind Franklin គឺជាប្រភេទគ្រឿងយន្តចល័ត ដែលអភិវឌ្ឍឡើងរួមគ្នាដោយអង្គការអវកាសអឺរ៉ុប ESA និងរុស្ស៊ី Roscosmos។ វាមានបំពាក់ឧបករណ៍ដែលអាចខួងដីភពអង្គារ បានជម្រៅរហូតដល់ ០២ម៉ែត្រ ដើម្បីស្វែងយល់អំពីធាតុពិត​នៃសណ្ឋានដីភពអង្គារ ក្នុងនោះមានដូចជាសារធាតុផ្សំសំខាន់ៗ ក៏ដូចជាភស្តុនៃជីវិតកាលអតីតកាលផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science, ESA, NASA (ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១)

480×240 Banner