SpaceX ត្រៀមបញ្ជូនអវកាសយានិក​ឡើងទៅទីអវកាសបន្ថែមទៀត នៅក្នុងខែមេសាខាងមុខ

426

(អាមេរិក)៖ ការដឹកជញ្ជូនក្រុមអវកាសយានិកជាលើកទី ២ ដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk នឹងត្រូវធ្វើឡើងនៅអំឡុងខែមេសា ខាងមុខនេះហើយ បន្ទាប់ពីការទទួលបានជោគជ័យ ក្នុងការបញ្ជូនក្រុមអវកាសយានិក នៅក្នុងបេសកកម្ម Crew-1 កាលពីខែមេសា ឆ្នាំ២០២០។ បេសកកម្មលើកទី ២ នេះមានឈ្មោះថា Crew-2 របស់អង្គការ NASA ស្ថិតក្នុងគោលដៅដឹកជញ្ជូនក្រុមអវកាសយានិក ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។

ប្រធានគ្រប់គ្រងកម្មវិធីដឹកអវកាសយានិករបស់ SpaceX គឺលោក Benji Reed បានលើកឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះថា «គ្រប់គ្នាកំពុងរង់ចាំ និងត្រៀមខ្លួនរួចជាស្រេច»។ បេសកកម្ម Crew-2 នឹងត្រូវដឹកអវកាសយានិកចំនួន ០៤រូប ក្នុងនោះលោកស្រី Megan MacArthur និងលោក Shane Kimbrough មកពីអង្គការ NASA នឹងត្រូវបំពេញតួនាទីជាអ្នកដឹកនាំបេសកកម្ម ខណៈលោក Akihiko Hishide មកពីអង្គការ JAXA និងលោក Thomas Pesquet មកពីអង្គការ ESA នឹងបំពេញតួនាទីជាអ្នកឯកទេស។

ជុំវិញបេសកកម្ម ដែលនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ លោកស្រី Kathy Lueders សហការីគ្រប់គ្រងបេសកកម្មមនុស្សរបស់ NASA បានលើកឡើងថា «ការហោះហើរនេះគឺបង្ហាញពី ភាពជាដៃគូលក្ខណៈអន្តរជាតិ។ របៀបដែលយើងកំពុងបន្ត ដើម្បីលើកស្ទួយការបញ្ជូនមនុស្សទៅទីអវកាស ទៅតាមអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ និងរបៀបនៃការរៀបចំ​បេសកកម្មទាំងនេះ មិនត្រឹមតែដឹកនាំយើងឲ្យធ្វើរឿងអស្ចារ្យ នៅស្ថានីយអវកាសប៉ុណ្ណោះទេ តែវាក៏នឹងធ្វើឲ្យកម្មវិធីស្រាវជ្រាវ ទីអវកាសរបស់យើង កាន់តែដំណើរការទៅមុខបន្ថែមទៀតផងដែរ»។

គួរបញ្ជាក់ថា យានអវកាស Crew Dragon របស់ SpaceX សម្រាប់បំពេញបេសកកម្ម Crew-2 នឹងមិនត្រឹមតែដឹកអវកាសយានិកទាំង ០៤រូបខាងលើនេះឡើយ ដោយវាក៏នឹងត្រូវដឹកបន្ទប់ស្តុកទំនិញមួយ ដែលមានទម្ងន់ ២០០គីឡូក្រាម យកទៅជាមួយផងដែរ។ បន្ទប់ស្តុកទំនិញនេះ នឹងជួយគាំទ្រដល់ការអភិវឌ្ឍ មន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅលើស្ថានីអវកាស។ ការបាញ់បង្ហោះ ទំនងជានឹងអាចចាប់ផ្តើម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១)

 

480×240 Banner