ចង់ទៅទេ? មហាសេដ្ឋីជប៉ុនកំពុងស្វែងរក «អ្នកស្ម័គ្រចិត្ត៨នាក់» ដើម្បីរួមដំណើរទៅលេងជុំវិញព្រះច័ន្ទ
(តូក្យូ)៖ មហាសេដ្ឋីជប៉ុនលោក យូសាគុ ម៉ាអ៊ិសាវ៉ា (Yusaku Maezawa) នៅថ្ងៃពុធនេះ បានចាប់ផ្តើមកម្មវិធីស្វែងរកបុគ្គលសរុបចំនួន ០៨នាក់ ដែលនឹងត្រូវចូលរួមជាមួយលោក ក្នុងការធ្វើដំណើរលក្ខណៈឯកជនជាលើកដំបូងបំផុតឆ្ពោះទៅជុំវិញឋានព្រះច័ន្ទ តាមរយៈយានអវកាសក្រុមហ៊ុនអាមេរិក SpaceX។
ដំណាក់កាលដំបូងនៃការដាក់ពាក្យចូលរួម ក្នុងការធ្វើដំណើរដ៏អស្ចារ្យខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៣ មានរយៈពេល រហូតដល់ថ្ងៃទី១៤ ខែមីនានេះ ខណៈលោក Maezawa គឺជាអ្នករ៉ាប់រងទាំងអស់ សម្រាប់ការធ្វើដំណើរលើនាវាអវកាស Starship របស់ SpaceX។ ទោះបីជាយានគំរូ Starship ចំនួន ០២គ្រឿង បានផ្ទុះឆេះកំឡុងការធ្វើតេស្តកន្លងទៅនេះក៏ដោយ ស្ថាបនិកក្រុមហ៊ុន SpaceX គឺមហាសេដ្ឋីអាមេរិកលោក អ៉ីឡុន ម៉ាសក៍ (Elon Musk) នៅតែមានការជឿជាក់ខ្ពស់ថា ការអភិវឌ្ឍរបស់វានឹងទទួលបានជោគជ័យ។
ពាក់ព័ន្ធនឹងគម្រោងជិះយានអវកាសទៅធ្វើដំណើរជុំវិញព្រះច័ន្ទនេះ លោក Maezawa ក៏ធ្លាប់បានបង្កើតកម្មវិធីមួយ ក្នុងគោលដៅស្វែងរកមិត្តស្រីថ្មីម្នាក់ ដើម្បីចូលរួមជាមួយលោកផងដែរ ប៉ុន្តែលោកបានសម្រេចលុបចោលវិញ ដោយលើកហេតុផលថា លោកមិនច្បាស់ក្នុងចិត្តជុំវិញការស្វែងរកមិត្តស្រីនេះ។
គួរបញ្ជាក់តាមការលើកឡើងរបស់លោក Elon Musk ថា បេសកកម្មដែលនឹងត្រូវចំណាយដោយ មហាសេដ្ឋីជប៉ុន Maezawa នឹងអាចឲ្យមនុស្សធ្វើដំណើរ ទៅកាន់រយៈចម្ងាយថ្មីមួយទៀត ដែលមនុស្សមិនធ្លាប់បានទៅដល់។ មហាសេដ្ឋីជប៉ុន Maezawa មានភាពល្បីល្បាញខ្លាំងទៅលើផ្នែកសិល្បៈ និងការប្រមូលផ្តុំរថយន្តទំនើបៗ ជាពិសេសគឺទៅលើកម្មវិធីចែកសាច់ប្រាក់ ដែលបានធ្វើឲ្យលោកក្លាយជាបុគ្គលដែលមានអ្នក Follow ច្រើនបំផុតក្នុងបណ្តាញសង្គម Twitter នៅប្រទេសជប៉ុន៕
ប្រភព៖ CNA (ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១)