ភពអង្គារ៖ ភើសេវើរែនស៍បញ្ចេញដៃសិនស័រ​វាស់ស្ទង់កម្រិតខ្យល់, NASA ផ្តិតបានរូបភាពជាង ៦,៣០០សន្លឹកហើយពីរណ្តៅ Jezero

433

(អាមេរិក)៖ គ្រឿងយន្តស្រាវជ្រាវភពអង្គារ ភើសេវើរែនស៍ (Perseverance) របស់អង្គការ NASA ទើបតែបញ្ចេញដៃសិនស័រ (sensor) ដែលជាឧបករណ៍វាស់ស្ទង់ស្ថានភាពខ្យល់បោកបក់ នៅលើភពព្រះអង្គារ ហើយរូបភាពនៃឧបករណ៍នេះ ក៏ត្រូវបានផ្តិតយកដោយកាមេរ៉ានៅលើ Rover កង់ ០៦នេះផងដែរ។

ឧបករណ៍ស្ទាបស្ទង់ស្ថានភាពខ្យល់នៅលើភពអង្គារ (Wind Sensor) ឬដែលមានឈ្មោះពេញថា Mars Environmental Dynamics Analyzer (MEDA) នឹងត្រូវប្រើប្រាស់ដើម្បីវាស់ស្ទង់ សីតុណ្ហភាពខ្យល់, សំណើម, ធាតុវិទ្យុសកម្ម, ធូលី និងខ្យល់បោកបក់នៅបាតរណ្តៅ ចេហ្សេរ៉ូ (Jezero) ជាកន្លែងដែលយាន Perseverance បានចុះចតកាលពីថ្ងៃទី១៨ ខែកុម្ភៈ និងកំពុងធ្វើប្រតិបត្តិការស្រាវជ្រាវ​យ៉ាងរហ័សរហួនបំផុត។

រណ្តៅ Jezero ដែលស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារនេះ មានអង្កត់ផ្ចិត ៤៥គីឡូម៉ែត្រ និងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដឹងថា ជាអតីតអាងស្តុកទឹកទន្លេដ៏ធំមួយដែរ នៅលើភពក្រហមនោះ កាលពីរាប់ពាន់លានឆ្នាំមុន។ បេសកកម្មស្នូលរបស់ Perseverance គឺស្វែងរកភស្តុតាងនៃវត្តមានជីវិត ដែលអាចមានកាលពីអតីតកាល នៅលើភពអង្គារ។

គួរបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងបេសកកម្ម Perseverance បានប្រើប្រាស់កាមេរ៉ា Mastcam-Z លើយាន Rover នេះ ដើម្បីផ្តិតរូបភាពនៅក្នុងរណ្តៅ Jezero បានរហូតដល់ទៅជាង ៦,៣០០សន្លឹករួចមកហើយដែរ ដោយលោកអ្នកគ្រាន់តែចុចលើ Link នេះ៖ https://mars.nasa.gov/mars2020/multimedia/raw-images/ ឬក៏ចូលទៅកាន់វែបសាយអង្គការ NASA ដូចនេះតែម្តង ដើម្បីទស្សនាដោយរីករាយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA, Space (ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១)

480×240 Banner