ចិនកំពុងពិនិត្យរកកន្លែងចុះចតយាន Tianwen-1 ដែលនឹងធ្វើឡើងនៅចន្លោះខែឧសភា ដល់មិថុនា

202

(ប៉េកាំង)៖ គ្រឿងយន្តស្រាវជ្រាវភពអង្គារដំបូងរបស់ចិន Tianwen-1 នឹងត្រូវបញ្ជាឲ្យចុះចតនៅលើផ្ទៃភពព្រះអង្គារ នៅចន្លោះខែឧសភា ដល់ខែមិថុនាខាងមុខនេះហើយ ប៉ុន្តែទីតាំងដែលនឹងត្រូវចុះចតនោះ កំពុងស្ថិតក្នុងការពិនិត្យ និងជ្រើសរើសនៅឡើយ។

ជុំវិញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ចិននេះដែរ លោក ប៉ាវ វៃមីន (Bao Weimin) នាយកគណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលស្ថិតនៅក្រោមស្ថាប័នបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអវកាសរដ្ឋចិន (CASTC) បានលើកឡើងថា គ្រឿងយន្ត Tianwen-1 កំពុងតែធ្វើដំណើរ នៅក្នុងគន្លងគោចរព័ទ្ធជុំវិញភពអង្គារ នៅក្នុងល្បឿន ៤.៨គីឡូម៉ែត្រក្នុងមួយវិនាទី ហើយក៏បានផ្តិតយករូបភាពមួយសន្លឹក ប្រកបដោយគុណភាពខ្ពស់ជាលើកដំបូង អំពីផ្ទៃភពអង្គារ ដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រចិន ធ្វើការវែកញែករកទិន្នន័យសំខាន់ៗ អំពីរូបភាពនោះបានផងដែរ។

បើតាមលោក Bao Weimin យាន Tianwen-1 កំពុងបន្តអង្កេតទីតាំងនានាលើភពអង្គារ ដើម្បីកំណត់យកកន្លែងសមរម្យបំផុត ដែលអាចឲ្យ Tianwen-1 ទម្លាក់ជើងទម្រចុះចត ដែលមានផ្ទុកយាន Rover មួយគ្រឿងនៅក្នុងនោះ។ Tianwen-1 ក៏នឹងបន្តពិនិត្យមើល អំពីបម្រែបម្រួលបរិយាកាសលើភពអង្គារផងដែរ ដើម្បីចៀសវាងបញ្ហាធូលី នៅពេលចុះចតយានលើភពអង្គារ។

គួរបញ្ជាក់ថា ជាងកន្លះសតវត្សរ៍មកនេះ បេសកកម្មអន្តរជាតិសរុបជិត ៥០ ឯណោះបានឆ្ពោះទៅកាន់ភពព្រះអង្គារ ប៉ុន្តែក្នុងនោះ ២ ភាគ ៣ បានទទួលបរាជ័យ។ បើតាមលោក Bao ទោះបីជាបេសកកម្មចិនទៅភពអង្គារ រាងយឺតជាងគេបន្តិចមែន ប៉ុន្តែ Tianwen-1 មួយនេះត្រូវបានអភិវឌ្ឍឡើង ដើម្បីធ្វើការស្រាវជ្រាវប្រកបដោយការច្នៃប្រឌិត និងប្រសិទ្ធភាព ដោយមានទាំងផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ និងគ្រឿងយន្ត Rover ដើម្បីចល័តនៅលើផ្ទៃរបស់ភពអង្គារផងដែរ៕

ប្រភព៖ Xinhua (ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១)

 

 

480×240 Banner