កុំភ្លេច! រង់ចាំទស្សនាភពពុធ ព្រហស្បតិ៍ និងសៅរ៍ បង្ហាញវត្តមានព្រមៗគ្នា ចាប់ម៉ោង៤ទាបភ្លឺស្អែកនេះ (ត្រៀមថតរូប)

216

(បរទេស)៖ នៅម៉ោង ៤៖០០នាទី ទៅ ៤៖៣០នាទីទាបភ្លឺថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១ (ព្រឹកព្រហាមស្អែកនេះ ម៉ោងនៅភ្នំពេញ) ភពពុធ ភពព្រហស្បតិ៍ និងភពសៅរ៍ នឹងបង្ហាញវត្តមានជាបន្តបន្ទាប់ ដែលអាចចាត់ទុកថា ជាព្រឹត្តិការណ៍កម្រមួយផងដែរ។ បើតាមគេហទំព័រ Time and Date ភពសៅរ៍នឹងរះឡើងមុនគេបន្តិច គឺនៅវេលាម៉ោង ៤៖០០នាទីទាបភ្លឺ ខណៈភពព្រហស្បតិ៍នឹងរះនៅម៉ោង ៤៖៣៤នាទី និងភពពុធរះនៅម៉ោង ៤៖៣៩នាទី។

អ្វីដែលកាន់តែពិសេសនោះ គឺក្រោយពេលរះ ភពទាំងបីនឹងស្ថិតនៅតម្រៀបគ្នាគួរឲ្យគយគន់តែម្តង ដោយភពពុធមានទំហំតូច ស្ថិតនៅដើមគេ, ភពព្រហស្បតិ៍ធំជាងគេស្ថិតនៅជិតភពពុធ, ខណៈភពសៅរ៍វិញធំគួរសម ស្ថិតនៅចុងខាងស្តាំបន្តិច (ដូចក្នុងរូបភាពខាងក្រោម)។

បច្ចុប្បន្ននេះភពពុធ (Mercury) កំពុងស្ថិតនៅចម្ងាយ ១៤០លានគីឡូម៉ែត្រ, ភពព្រហស្បតិ៍ (Jupiter) ៨៨៧លានគីឡូម៉ែត្រ និងភពសៅរ៍ (Saturn) ១.៦ពាន់លានគីឡូម៉ែត្រ ពីភពផែនដីយើង។ (បើបងប្អូនមិនចង់ឲ្យព្រឹត្តិការណ៍នេះកន្លងហួស អាចរង់ចាំថតបាន នៅផ្ទៃមេឃទិសខាងកើត)។ សម្រាប់យប់ថ្ងៃសៅរ៍ ទី០៦ ខែមីនានេះ ភពអង្គារក៏នឹងបង្ហាញខ្លួនផងដែរ ដោយវានឹងចាប់ផ្តើមរះពីទិសខាងកើត នៅវេលាម៉ោង ២៣៖១៩នាទី៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Time and Date (ថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១)

480×240 Banner