សំរាមក្នុងដី, លើដី និងក្នុងទឹកចេះតែបន្តកើនឡើង ហើយនៅទីអវកាស​ក៏នឹងដូចគ្នា, តើមនុស្សត្រូវដោះស្រាយបែបណា?

494

(ឡុងដ៍)៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្កាយរណបមានការវិវត្តទៅរកទំហំកាន់តែតូច ធូរថ្លៃ និងងាយស្រួលក្នុងការផលិត។ ប្រការនេះមានន័យថា មនុស្សកាន់តែច្រើនឡើងនឹងមានលទ្ធភាពបញ្ជូនពួកវា ទៅកាន់គន្លងអវកាសរបស់ផែនដី។ អ្វីដែលសំខាន់គឺក្រុមហ៊ុនផ្កាយរណបធំៗ បានចាប់ផ្តើមគម្រោងបញ្ជូនផ្កាយរណប ដើម្បីចង់បង្កើតជាបណ្តាញរាប់រយ និងរហូតដល់រាប់ពាន់គ្រឿង។

ជាជាងការប្រើប្រាស់ផ្កាយរណបមួយដែលធំ ការប្រើប្រាស់ក្រុមផ្កាយរណបមានទំហំតូចៗ អាចផ្តល់ការគ្របដណ្តប់ជុំវិញពិភពលោក ទាំងមូលបានក្នុងពេលតែមួយ។ ហេតុនេះហើយទាំងវិស័យស៉ីវិល យោធា និងឯកជន សុទ្ធតែកំពុងបង្កើនការប្រើប្រាស់ផ្កាយរណបជាលក្ខណៈ ចង្កោមធំសម្បើមដូចការលើកឡើងខាងលើ ដើម្បីបង្កើតសេវាគ្របដណ្តប់ជាប់ឥតដាច់ និងពាសពេញផែនដីតែម្តង។

យ៉ាងណាមិញ ការធ្វើយ៉ាងដូច្នេះគឺតម្រូវឲ្យមាន ផ្កាយរណបតូចៗជាច្រើនគ្រឿង។ បន្ថែមពីលើនេះ ពួកវាត្រូវតែគោចរនៅកៀកនឹងផ្ទៃរបស់ផែនដី តាមតែអាចធ្វើទៅបាន ដើម្បីកាត់បន្ថយបញ្ហារំខាន ចំពោះការផ្តល់សេវាគ្របដណ្តប់ ក៏ដូចជាភាពយឺយ៉ាវនៃការទាក់ទង។ ទីតាំងនោះគឺជាតំបន់មមាញញឹករួចស្រេចទៅហើយ ដែលគេហៅថា គន្លងកម្រិតទាបរបស់ផែនដី (low Earth orbit) ជាតំបន់ចន្លោះពី ១០០-២,០០០គីឡូម៉ែត្រ ពីលើផ្ទៃនៃភពរបស់យើង។

ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញក្តីបារម្ភ ចំពោះបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹង ការដាក់ពង្រាយផ្កាយរណបតូចៗច្រើនបែបនេះ នៅក្នុងគន្លងអវកាសនៃភពរបស់យើង រួមមានចាប់តាំងពីគ្រោះថ្នាក់ នៃការប៉ះទង្គិចគ្នារវាងផ្កាយរណប រហូតដល់ការបាំងទស្សនីយភាពផ្ទៃមេឃ នាពេលយប់ជាដើម។ មិនតែប៉ុណ្ណោះ វាក៏ជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់អភិបាលកិច្ចជាសកល ពាក់ព័ន្ធនឹងទីអវកាសផងដែរ។ សុរបទៅគឺយើងត្រូវការជាចាំបាច់ នូវក្របខណ្ឌអភិបាលកិច្ចដែលប្រសើរជាងសព្វថ្ងៃ ដើម្បីឆ្លើយតបចំពោះការកើនឡើង នៃវត្តមានផ្កាយរណបក្នុងចំនួន យ៉ាងច្រើនសម្បើមនៅទីអវកាស។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានផ្កាយរណបដែលកំពុងដំណើរសរុបជិត ៣,០០០គ្រឿង នៅក្នុងគន្លងជុំវិញផែនដី ដោយមិនរាប់បញ្ចូល ខ្មោចផ្កាយរណបខូចៗ និងកំណាត់គ្រាប់រ៉ុក្កែត ដែលកំពុងអណ្តែតតែលតោលនៅទីនោះឡើយ។ ក្រុមអ្នកអភិរក្សបរិស្ថានភពផែនដីបានរិះគន់ និងព្រមានអំពីអនាគត នៃសំរាមកើនឡើងក្នុងទីអវកាស ព្រមទាំងចរាចរណ៍ដ៏កកកុញ​នៃក្រុមផ្កាយរណបសកល។ បន្ថែមពីនេះ ផែនការបង្ហោះផ្កាយរណប Starlink ឲ្យដល់ចំនួនរាប់ម៉ឺនគ្រឿងរបស់លោក Elon Musk ក៏បាននិងកំពុងរងការរិះគន់ផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១)

480×240 Banner