2001 FO32 មានមុខកាត់ជាងកន្លះគីឡូម៉ែត្រ នឹងហោះឆ្លងកាត់ផែនដី, អ្នកវិទ្យាសាស្ត្រថា វាមិនអាចបង្កគ្រោះថ្នាក់ទេ

226

(អាមេរិក)៖ នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក ឬត្រូវនឹងថ្ងៃចន្ទ ទី២២ ខែមីនា ពេលវេលានៅកម្ពុជា) អាចម៍ផ្កាយដ៏ធំមួយនឹងហោះឆ្លងកាត់ភពរបស់យើង ហើយបើតាមអង្គការ NASA វានឹងជាអាចម៍ផ្កាយមានទំហំធំបំផុត ប្រចាំឆ្នាំ២០២១នេះ ដែលនឹងហោះកាត់ផែនដី។

មន្ទីរស្រាវជ្រាវ JPL របស់អង្គការ NASA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថា អាចម៍ផ្កាយមួយមានឈ្មោះសម្គាល់ 2001 FO32 នឹងហោះកាត់ភពយើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែគម្លាតរវាងវា និងផែនដីនាពេលនោះគឺមិនជិតជាង ២លានគីឡូម៉ែត្រឡើយ ដូច្នេះពុំមានអ្វីគួរឲ្យបារម្ភទេ។ ខណៈអាចម៍ផ្កាយ 2001 FO32 មិនអាចបង្កហានិភ័យដល់ជីវិតនៅលើផែនដីនោះ ការមកដល់របស់វានឹងផ្តល់ឱកាសយ៉ាងល្អមួយ សម្រាប់ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាស្វែងយល់បន្ថែមអំពីវា តាមរយៈតេឡេស្កូបលើផែនដី។

គួរបញ្ជាក់ថា អាចម៍ផ្កាយខាងលើ ដែលមានអង្កត់ផ្ចិតប្រហែលចន្លោះ ៤៤០-៦៨០ម៉ែត្រ នឹងធ្វើដំណើរឆ្លងកាត់ផែនដីយើង ក្នុងល្បឿនដល់ទៅជិត ១២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ អាចម៍ផ្កាយនេះធ្វើដំណើរបានមួយជុំព្រះអាទិត្យជារៀងរាល់ ២.២៥ឆ្នាំនៃពេលវេលាលើផែនដី ហើយវានឹងមិនហោះមកកៀកភពយើង ដូចពេលខាងមុខនេះទៀតឡើយ រហូតទាល់តែដល់ឆ្នាំ២០៥២ ដែលជាពេលដុំថ្មអវកាសនេះ នឹងហោះកាត់ផែនដីនៅចម្ងាយ ២.៨លានគីឡូម៉ែត្រ៕

ប្រភព៖ space.com (ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១)

 

480×240 Banner