ភពនានាក្នុងកាឡាក់ស៊ី Milky Way «អាចមានទ្វីប និងទឹក» ក្នុងបរិមាណដូចនៅលើផែនដី…
(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានបង្ហាញក្តីជឿជាក់ថា ភពនានានៅក្នុងកាឡាក់ស៊ី មាលគីវេយ៍ (Milky Way) របស់យើងនេះ ទំនងជាអាចមានផ្ទៃដី (ទ្វីបនានា) និងទឹកដូចទៅនឹងអ្វី ដែលភពផែនដីរបស់យើងកំពុងមានផងដែរ។
ការសិក្សាថ្មីនេះបានបង្ហាញថា ទឹករបស់ភពមួយចំនួន ទំនងជាចាប់ផ្តើមមានវត្តមាន នៅពេលដែលភពទាំងនោះ ចាប់ផ្តើមប្រមូលផ្តុំរូបរាង ហើយការពិតជាក់ស្តែងគឺយើងមាន ភពផែនដី ភពអង្គារ និងភពសុក្រជាឧទាហរណ៍។ ដោយសារតែប្រព័ន្ធព្រះអាទិត្យយើង គ្មានអ្វីដែលពិសេសខ្លាំងជាងនេះទៅទៀតនោះ ស្ថានភាពទាំងឡាយដែលយើងមាន ក៏អាចកើតឡើងនៅលើភពផ្សេងទៀត នៅក្នុងកាឡាក់ស៊ីមួយនេះដែរ នៅពេលដែលពួកវាបានចាប់កំណើតដំបូងៗ។
អ្នកដឹកនាំក្រុមតារាវិទូ ដើម្បីធ្វើការស្រាវជ្រាវខាងលើនេះ គឺលោក Anders Johansen មកពីសាកលវិទ្យាល័យ ខូភែនហាហ្គែន (University of Copenhagen) នៃប្រទេសដាណឺម៉ាកបាននិយាយថា «ទិន្នន័យទាំងអស់របស់យើង (ជាការសិក្សាលើគំរូម៉ូដែលតាមកុំព្យូទ័រ) ពិតជាបានរកឃើញថា ទឹកគឺជាផ្នែកមួយនៃការកកើតភពផែនដីឡើង ចាប់តាំងពីពេលដំបូងៗមកម្ល៉េះ។ ពីព្រោះតែម៉ូលេគុលទឹក តែងកើតមានឡើងជាញឹកញាប់ នោះវាពិតជាសមហេតុផល ដែលអាចយកទ្រឹស្តីនេះ ប្រើប្រាស់ទៅលើភពទាំងអស់នៅក្នុងកាឡាក់ស៊ី Milky Way។ ចំណុចដែលត្រូវសន្មត់ថា នៅលើភពមួយមានទឹករាវឬមួយក៏អត់នោះ គឺអាស្រ័យលើចម្ងាយរវាងភព និងផ្កាយរបស់វានោះឯង»។
អំឡុងការសិក្សាតាមកម្មវិធីកុំព្យូទ័រខាងលើនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការគណនា អំពីល្បឿនដែលភពនានា បានចាប់កំណើតឡើង។ ពួកគេបានរកឃើញភាគល្អិតនៃទឹកកក និងកាបូន ដែលមានទំហំតូចៗខ្ទង់មីល្លីម៉ែត្រ នៅក្នុងបន្ទះឌីសធូលី ដែលព័ទ្ធជុំវិញភពដែលកំពុងរីកធំធាត់ទាំងនោះ ហើយដែលគំនិតបែបនេះត្រូវបានដាក់ឈ្មោះថា pebble accretion ឬការប្រមូលផ្តុំនៃកម្ទេចក្រួស។
ការសិក្សាដឹកនាំដោយលោក Johansen បានពន្យល់ទៀតថា អំឡុងការកកើតផែនដីដំបូងៗ ភពរបស់យើងនេះបានប្រមូលផ្តុំ កម្ទេចដុំក្រួសតូចៗ ដែលមានផ្ទុកទៅដោយម៉ូលេគុលទឹកកក និងកាបូន រហូតដល់ផែនដីអាចរីកធំធាត់ ស្មើនឹងទំហំ ១% នៃទំហំបច្ចុប្បន្ន។ សម្រាប់រយៈពេល ៥លានឆ្នាំប៉ុណ្ណោះ ភពផែនដីអាចរីកធំធាត់បានទំហំ ប៉ុននឹងទំហំសព្វថ្ងៃនេះ ហើយនៅពេលផ្ទៃផែនដីកាន់តែឡើងកម្តៅនោះ ម៉ូលេគុលទឹកកកនៅក្នុងដុំក្រួសទាំងនោះ បានក្លាយជាចំហាយ មុននឹងវាឡើងដល់ផ្ទៃស្រទាប់លើ (សំបក) របស់ផែនដី។
ក្រុមអ្នកស្រាវជ្រាវក៏បានរៀបរាប់ផងដែរថា ដុំក្រួសទាំងអស់នោះ មានផ្ទុកទៅដោយទឹកកកប្រមាណពី ១០-៣៥% សម្រាប់ភពនានា ដែលកកើតឡើងដំបូងៗ ហើយចំពោះវត្ថុដែលមានទំហំធំ ភាគរយនៃទឹកកក ដ៏ធ្លាក់ចុះទៅតាមនោះដែរ។ ដោយឡែកបើតាមការសិក្សាមួយ ដែលត្រូវបានចុះផ្សាយកាលខែសីហា ឆ្នាំ២០១៩ បានលើកឡើងថា ៦០% នៃទឹកដែលភពផែនដីយើងមាន គឺបានមកពីការធ្លាក់នៃអាចម៍ផ្កាយជាច្រើន។
ជាមួយនឹងទឹកដែលត្រូវបានរកឃើញ «គ្រប់ទីកន្លែងនៅក្នុងកាឡាក់ស៊ី» បើតាមលទ្ធផលនៃការសិក្សាលើទ្រឹស្តី pebble accretion ឬការប្រមូលផ្តុំដុំលក្រួសរបស់លោក Johansen នោះវាពិតជាគាំទ្រទៅដល់គំនិតដែលថា ភពផ្សេងទៀតនៅក្នុងកាឡាក់ស៊ី Milky Way យើងអាចត្រូវបានកកើតឡើង ដោយទម្រង់ដូចនឹងភពផែនដី, ភពអង្គារ និងភពសុក្រដែរ នោះគឺយើងចង់សំដៅទៅលើបរិស្ថាន ដែលអាចស្វាគមន៍ជីវិត។
លោក Anders Johansen បានលើកឡើងបន្ថែមទៀតថា «ភពទាំងអស់នៅក្នុងកាឡាក់ស៊ី Milky Way ទំនងជាបានកកើតឡើងដំបូងៗ ដោយបណ្តុំរូបធាតុដូចៗគ្នា ដែលមានន័យថា ភពទាំងនោះអាចមានទឹក និងកាបូនដូចផែនដីយើងដែរ ឬក៏អាចមានទីកន្លែងផ្សេងៗ ដែលជីវិតអាចមានវត្តមាន ប្រសិនបើភពនោះស្ថិតចម្ងាយត្រឹមត្រូវ ពីផ្កាយរបស់វា…»។
គួរបញ្ជាក់ថា អ្នកសហការដឹកនាំការសិក្សាខាងលើនេះ ជាមួយលោក Anders Johansen មកពីសាកលវិទ្យាល័យ Cophenhagen ដូចគ្នា គឺសាស្ត្រាចារ្យ Martin Bizzarro ក៏បានគាំទ្រផងដែរ ចំពោះលទ្ធផលសិក្សាខាងលើនេះ ហើយលោកថែមទាំងបានសង្កត់ទៀតថា ភពនានានៅក្នុងកាឡាក់ស៊ី Milky Way មិនមែនត្រឹមតែអាចមានបរិមាណទឹក ដូចនៅលើផែនដីប៉ុណ្ណោះ ប៉ុន្តែពួកវាក៏អាចមានទ្វីបផងដែរ។ បន្ថែមពីនេះ ប្រសិនបើភពទាំងនោះ ស្ថិតនៅចម្ងាយត្រឹមត្រូវពីផ្កាយរបស់ពួកវាទៀតនោះ ជីវិតប្រាកដណាស់ថា អាចកើតមាន។ គ្រប់គ្នានៅតែរង់ចាំកែវយឺតអវកាស James Webb ដែលអាចជួយដោះស្រាយចម្ងល់ទាំងនេះបាន ដោយវានឹងត្រូវបាញ់បង្ហោះ នៅចុងខែតុលា ឆ្នាំ២០២១៕
បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ space, science advances (ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១)