សំរាមអវកាសជិត៣តោនត្រូវបាន NASA បោះចោលពី ISS និងត្រូវប្រើពេល ២-៤ឆ្នាំទើបអាចធ្លាក់លើផែនដី
(អាមេរិក)៖ ថ្មីៗនេះស្ថានីយអវកាសអន្តរជាតិ ISS ទើបតែបានបញ្ចេញកញ្ចប់សំរាមធំបំផុតមួយចោល ហើយវាត្រូវគេរំពឹងថា នឹងនៅអណ្តែតក្នុងទីអវកាសរាប់ឆ្នាំទៅមុខទៀត។
ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានឲ្យដឹងថា ស្ថានីយអវកាស ISS កាលពីសប្តាហ៍កន្លងទៅនេះ បានបញ្ចេញកញ្ចប់មួយទម្ងន់ជិត ៣តោន ចោលទៅក្នុងទីអវកាស ដែលវាផ្ទុកទៅដោយថ្មសម្រាប់ប្រើផ្គត់ផ្គង់ថាមពល។ បើតាម NASA វាជាកញ្ចប់សំរាមធំបំផុត ដែលស្ថានីយ ISS ធ្លាប់បានទម្លាក់ចោលរហូតមកទល់ពេលនេះ។ NASA បានបញ្ជាក់ថា កញ្ចប់សំរាមនេះ ទំនងជានឹងធ្លាក់មករកផែនដីក្នុងចន្លោះពេល ២-៤ឆ្នាំខាងមុខ ប៉ុន្តែនឹងឆេះរលាយអស់ក្នុងបរិយាកាស។
គួរបញ្ជាក់ថា តាមធម្មតាថ្មចាស់ៗ ដែលប្រើហើយនៅលើស្ថានីយ ISS តែងត្រូវគេដាក់ទៅក្នុងយានដឹកជញ្ជូន HTV ដែលនឹងនាំយកពួកវា ត្រឡប់ចុះមកកាន់ស្រទាប់បរិយាកាសផែនដី ជាទីដែលយាននិងថ្មទាំងនោះត្រូវឆេះរលាយខ្ទេច ប៉ុន្តែដោយសារមានបញ្ហាខ្លះ ទើបធ្វើឲ្យកញ្ចប់សំរាមខាងលើ មិនអាចត្រូវចាត់ចែងបោះចោល តាមរបៀបទូទៅបានពោលគឺលែងមានយាន HTV សម្រាប់ប្រើក្នុងការងារនេះ៕
ប្រភព៖ space.com (ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១)