ភពអង្គារបាត់បង់ទឹក ៣ពាន់លានឆ្នាំហើយ, អ្នកវិទ្យាសាស្ត្រទើបរកឃើញទ្រឹស្តីថ្មី ដើម្បីពន្យល់រឿងនេះ (មានវីដេអូ)

664

(វ៉ាស៉ីនតោន)៖ ភពអង្គារ (Mars) កាលពីមុនធ្លាប់ជាភពមានសំណើមខ្លាំង ព្រោះនៅលើផ្ទៃរបស់វាពោរពេញដោយធនធានទឹក ដែលមាននៅក្នុងដងស្ទឹង ទន្លេ និងបឹងធំៗផងដែរ។ ប៉ុន្តែអ្វីៗបានប្រែប្រួលយ៉ាងខ្លាំង កាលពីប៉ុន្មានពាន់លានឆ្នាំមុន ដែលបន្សល់ទុកនូវភពក្រហមដូចសព្វថ្ងៃនេះ។ ដូច្នេះហើយ តើមានអ្វីកើតឡើងឲ្យពិតប្រាកដ ចំពោះធនធានទឹករបស់ភពអង្គារ? ឥឡូវនេះក្រុមអ្នកវិទ្យាសាស្រ្ត ទើបតែរកឃើញទ្រឹស្តីដ៏សមហេតុផល ថ្មីមួយផ្សេងទៀត ដែលអាចពន្យល់គ្រប់គ្នា អំពីអាថ៌កំបាំងដ៏ធំធេងនេះ។

នៅសប្តាហ៍នេះ ការសិក្សាមួយរបស់ក្រុមអ្នកស្រាវជ្រាវនៅអាមេរិក ដែលជ្រោមជ្រែងដោយទីភ្នាក់ងារអវកាស NASA បានបង្ហាញថា ចន្លោះពី ៣០% ទៅ ៩៩% នៃបរិមាណទឹកដែលធ្លាប់មានវត្តមានលើផ្ទៃភពអង្គារ ប្រហែលជានៅជាប់នឹងសារធាតុរ៉ែផ្សេងៗ ដែលស្ថិតក្នុងស្រទាប់សំបក (Crust) នៃភពក្រហមនេះ។ ទ្រឹស្រ្តីថ្មីមួយនេះ គឺផ្ទុយពីទ្រឹស្តីអ្នកវិទ្យាសាស្រ្តកន្លងមក ដែលបានជឿជាក់ជាយូរណាស់មកហើយថា ទឹករបស់ភពអង្គារបានរសាត់បាត់អស់ ទៅក្នុងទីអវកាស នៅពេលភពនេះបាត់បង់ស្រទាប់បរិយាកាសសឹងតែទាំងស្រុង ដោយសារតែកម្លាំងម៉ាញេទិចប្រែជាខ្សោយ និងឥទ្ធិពលពីព្យុះព្រះអាទិត្យ។

លោកស្រី អ៊ីវ៉ា ស្កែលឡឺ (Eva Scheller) អ្នកដឹកនាំការស្រាវជ្រាវ នៅឯវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋកាលីហ្វ័រញ៉ា ឧបត្ថម្ភដោយអង្គការ NASA បានលើកឡើងថា «យើងបានរកឃើញធនធានទឹកភាគច្រើនរបស់ភពអង្គារ បានបាត់បង់ទៅក្នុងស្រទាប់ Crust របស់វាកាលពី ៣ពាន់លានឆ្នាំមុន ដែលមានន័យថា ភពអង្គារបានក្លាយជាភពស្ងួតហួតហែងដូចបច្ចុប្បន្ន អស់រយៈពេល ៣ពាន់លានឆ្នាំហើយ»។

យោងតាមការស្រាវជ្រាវខាងលើ អំឡុងសម័យកាលដំបូងៗរបស់វា គឺភពអង្គារអាចមានធនធានទឹកនៅលើផ្ទៃរបស់វា ចំណុះប្រហាក់ប្រហែលនឹងពាក់កណ្តាល នៃចំណុះទឹកដែលមាននៅក្នុង មហាសមុទ្រអាត្លង់ទិករបស់ផែនដី (មហាសមុទ្រអាត្លង់ទិច កំពុងស្តុកទឹកចំណុះ ៣២៣លានគីឡូម៉ែត្រគូប)។

ក្រុមអ្នកវិទ្យាសាស្ត្របានគូសបញ្ជាក់ទៀតថា មានដំណើរការចំនួន ៣ ដែលត្រូវបានប្រើប្រាស់នៅក្នុងគំរូម៉ូដែលថ្មី ដើម្បីពន្យល់អំពីការបាត់បង់ទឹក នៅលើផ្ទៃភពព្រះអង្គារនោះគឺ ទី១៖ ទឹកបាត់បង់ដោយសារតែសកម្មភាពភ្នំភ្លើង, ទី២៖ ទឹកបានបាត់បង់ទៅក្នុងទីអវកាស និងទី៣៖ ទឹកបានបាត់បង់ (ជ្រៀប) ចូលទៅក្នុងស្រទាប់ crust របស់ភពអង្គារ។

គួរបញ្ជាក់ថា ការគណនាដោយយោងលើទិន្នន័យ នៃភាគល្អិតអ៊ីដ្រូសែនដែលត្រូវបានកំណត់ អាចឲ្យយើងដឹងថា តើទឹកក្នុងបរិមាណប៉ុណ្ណា ដែលបាត់បង់ទៅក្នុងទីអវកាស និងទៅក្នុងស្រទាប់ Crust។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រខាងលើ ទឹកភាគច្រើនមិនបានបាត់បង់ ពីភពព្រះអង្គារទៅណាផ្សេងឡើយ ដោយវាអាចកំពុងជាប់នៅក្នុងស្រទាប់ និងតំបន់ផ្សេងៗ ឬអាចក្នុងទម្រង់ជាប់ជាមួយធនធានរ៉ែនានាជាដើម។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ បើទឹកជាប់ក្នុងទម្រង់បែបនេះ វាពិតជាពិបាកឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ទាញយកមកប្រើប្រាស់ណាស់ នៅថ្ងៃអនាគតដែលពួកគេ ត្រូវទៅស្រាវជ្រាវលើភពក្រហមនោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Reuters, NASA (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១)

480×240 Banner