ជោគជ័យនៃការតេស្តប្រព័ន្ធរ៉ុក្កែត SLS របស់ NASA កើតឡើងចំពោះមុខ គំរោងនាំមនុស្សទៅជាន់ដីព្រះច័ន្ទ នៅឆ្នាំ២០២៤

572

(អាមេរិក)៖ អង្គការ NASA បានធ្វើតេស្តសំខាន់មួយទៅលើ ប្រព័ន្ធរ៉ុក្កែតយក្សរបស់ខ្លួនហៅថា Space Launch System ឬ SLS ដែលនឹងត្រូវប្រើប្រាស់សម្រាប់បេសកកម្ម Artemis នោះគឺការបញ្ជូនអវកាសយានិកអាមេរិក ឲ្យត្រឡប់ទៅជាន់ដីព្រះច័ន្ទជាថ្មីម្តងទៀត នៅឆ្នាំ២០២៤។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) អង្គការ NASA បានធ្វើតេស្តបញ្ឆេះម៉ាស៉ីនគ្រាប់រ៉ុក្កែត SLS នៅមជ្ឈមណ្ឌលអវកាស ស្ទែននីស (Stennis) នៃរដ្ឋ មីសស៊ីស៊ីពពី (Mississippi)។ កំឡុងការធ្វើតេស្តនោះ ម៉ាស៉ីន RS-25 ទាំង ៤គ្រឿងរបស់វាបានរោទ៍ឡើង រយៈពេលពេញ ០៨នាទីតាមការគ្រោងទុក និងបញ្ចេញដុំពពកផ្សែងសក្បុសតែម្តង។ ក្រោយការធ្វើតេស្តបញ្ចប់ទៅវិញ ក្រុមបុគ្គលិករបស់ NASA បាននាំគ្នាសម្តែងការត្រេកអរជាខ្លាំង ហើយបណ្តាក្រុមហ៊ុនផ្សេងៗក្នុងវិស័យអវកាស បានចេញមុខអបអរសាទរ NASA សម្រាប់ការទទួលជោគជ័យនេះផងដែរ។

ជំហានបន្ទាប់ទៀត គឺគ្រាប់រ៉ុក្កែត SLS នឹងត្រូវដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដា ដើម្បីផ្គុំចូលគ្នាជាមួយយានអវកាសសម្រាប់ដឹកអវកាសយានិក ហៅថា អូរ៉ាយអន (Orion)។ គ្រាប់រ៉ុក្កែត SLS ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boeing ខណៈយាន Orion គឺជាស្នាដៃរបស់ក្រុមហ៊ុន ឡក់ឃីដ ម៉ាទីន (Lockheed Martin)។

គួរបញ្ជាក់ថា អង្គការ NASA កំពុងគ្រោងធ្វើតេស្តបញ្ជូនយាន Orion ឲ្យទៅគោចរជុំវិញព្រះច័ន្ទ ដោយពុំមានដឹកអវកាសយានិក នៅខ្ទង់ខែវិច្ឆិកាខាងមុខ ខណៈគោលដៅចម្បងគឺ បញ្ជូនអវកាសយានិកអាមេរិក ឲ្យទៅដល់លើផ្ទៃព្រះច័ន្ទបាននៅឆ្នាំ២០២៤ តែកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រាប់រ៉ុក្កែត SLS នេះ គឺយឺតជាងកាលវិភាគប្រមាណ ០៣ឆ្នាំ ហើយលើសកញ្ចប់ថវិកាដល់ទៅជិត ០៣ពាន់លានដុល្លារថែមទៀត៕

ប្រភព៖ Reuters (ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១)

480×240 Banner