អស្ចារ្យណាស់! រូបភាពកាឡាក់ស៊ី Milky Way មួយសន្លឹកនេះ «ប្រើពេល១២ឆ្នាំ» ទើបអាចបង្កើតបាន! (រូបភាពខាងក្នុង)
(ហ្វាំងឡង់)៖ តារាវិទូជនជាតិហ្វាំងឡង់មួយរូបគឺលោក ម៉េតសាវៃនីញ៉ូ (J-P Metsavainio) បានចំណាយពេលរហូតដល់ ១,២៥០ម៉ោង នៅក្នុងអំឡុងពេល ១២ឆ្នាំ ដើម្បីបង្កើតរូបភាពទូលាយមួយសន្លឹកចេញមក ដែលបង្ហាញអំពីសម្រស់ ដ៏ស្រស់ត្រកាលនៃកាឡាក់ស៊ី មាលគី វ៉េយ៍ (Milky Way) ទាំងមូលតែម្តង។
លោក Metsavainio បានចាប់ផ្តើមគម្រោងខាងលើនេះ កាលពីឆ្នាំ២០០៩ ដោយក្នុងរូបភាពនោះគឺមានកម្រិតភាពច្បាស់ ១០០,០០០ភីចស៊ែល ជារូបភាពដែលត្រូវបានផ្គុំបញ្ចូលគ្នា ដោយរូបថតគុណភាពខ្ពស់សរុបចំនួន ២៣៤សន្លឹក។ រូបភាពដែលមានវិសាលភាព ១២៥ដឺក្រេ ខាងក្រោមនេះ គឺបង្ហាញអំពីផ្កាយ ២០លានដួងក្នុងចំណោមផ្កាយសរុប ២០០ពាន់លានដួង ដែលមាននៅក្នុងកាឡាក់ស៊ី Milk Way យើងនេះ។
* តើហេតុអ្វីបានជារូបភាពមួយសន្លឹកសោះ ត្រូវការពេលថត និងបង្កើតឡើងរហូតដល់ទៅ ១២ឆ្នាំ?
នៅក្នុងវែបសាយផ្ទាល់ខ្លួនរបស់លោក Metsavainio បានពន្យល់ថា រូបនីមួយៗដែលត្រូវបានថត គឺមានទំហំធំ និងមានទិន្នន័យយ៉ាងលម្អិត អំពីតំបន់នីមួយៗដែលលោកបានផ្តិតយក។ អ្វីបន្ថែមពីនេះ គឺរូបភាពនីមួយៗ ត្រូវបានផ្តិតយកជាលក្ខណៈសម្រិតសម្រាំង និងឯករាជ្យ ហើយក្រោយមកត្រូវរក្សាទុកវា នៅដាច់ដោយឡែកសិន រួចសឹមធ្វើការផ្តិតយករូបភាព នៅក្នុងតំបន់ផ្សេងៗទៀតនៃកាឡាក់ស៊ី។
លោក Metsavainio ក៏បានពន្យល់ផងដែរ អំពីការប្រើប្រាស់កាមេរ៉ាថតរូប ផ្សេងៗពីគ្នា ប៉ុន្តែត្រូវធ្វើឲ្យការកំណត់បច្ចេកទេសផ្តិតយករូបភាព នៅក្នុងកាមេរ៉ាទាំងអស់នោះ ស្ថិតក្នុងស្តង់ដារជាមួយគ្នា ដើម្បីឲ្យរូបភាពទាំងនោះអាចយកមកផ្គុំចូលគ្នាបាន។ អ្វីដែលកាន់តែលំបាកជាងនេះទៅទៀតនោះ តំបន់ ឬវត្ថុខ្លះនៅក្នុងកាឡាក់ស៊ី Milky Way ត្រូវឲ្យមានការកំណត់ exposure ខុសៗគ្នា ដោយសារកន្លែងខ្លះមានពន្លឺសមល្មម និងខ្លះទៀតគឺរាងងងឹត។ ឧទាហរណ៍តំបន់បន្សល់ទុកដោយបន្ទុះសូពើណូវ៉ាមួយ គឺត្រូវបានកំណត់ exposure លើកាមេរ៉ារហូតដល់ទៅ ៦០ម៉ោង ទើបអាចផ្តិតយកវាបាន។
ដោយសារតែការប្រឹងប្រែងដ៏អស្ចារ្យខាងលើនេះហើយ ទើបលោក Metsavainio អាចរកឃើញត្បូងលាក់ខ្លួនជាច្រើន នៅក្នុងកាឡាក់ស៊ីយើងនេះ ដែលកន្លងមកក្រុមតារាវិទូអន្តរជាតិ អាចមិនទាន់រកឃើញផងក៏ថាបានដែរ។ រូបភាពរបស់លោក Metsavainio បានបង្ហាញពីពពកនីបូឡា (Nebula) California, Pelican និង Wizard ដ៏ស្រស់ស្អាតបំផុតផងដែរ។
* ដើម្បីទស្សនារូបភាពជាលក្ខណៈគុណភាពខ្ពស់ លោកអ្នកក៏អាចចូលទៅកាន់វែបសាយ space.com ឬប្លុកផ្ទាល់របស់លោក J-P Metsavainio ដើម្បីទស្សនារូបភាពដ៏អស្ចារ្យជាច្រើន ដែលលោកបានផ្តិតយកពី Milky Way នៅក្នុងលក្ខណៈគុណភាពខ្ពស់ផងដែរ៖ https://astroanarchy.blogspot.com/
បកប្រែ និងសម្រួល៖ Cambo Space
ប្រភព និងរូបភាព៖ space.com, J-P Metsavainio (ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១)