ហេតុអ្វីបានជារុស្ស៊ីយកតេឡេស្កូបធំមួយ ទៅដាក់នៅក្នុងបឹងទឹកកក? (រូបភាពខាងក្នុង)

325

(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានយកប្រព័ន្ធតេឡេស្កូបដ៏ធំមួយ ដាក់ទៅក្នុងបឹងទឹកកក បៃកាល (Lake Baikal) ស្ថិតតំបន់សាយប៊ែរៀ (Siberia) ភាគខាងត្បូងរុស្ស៊ី ដើម្បីស្រាវជ្រាវអំពីភាគល្អិតនានា ដែលយើងបានស្គាល់នៅក្នុងចក្រវាលនេះ។ ប៉ុន្តែ, តើហេតុអ្វីបានជាក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ធ្វើរឿងចម្លែកមួយនេះ?

តេឡេស្កូបដែលមានឈ្មោះថា Baikal-GVD ត្រូវបានបង្កើតឡើង ដើម្បីស្រាវជ្រាវអំពីអនុគមន៍ ណឺទ្រីណូស៍ (Neutrinos) ដែលជាភាគល្អិតក្នុងចក្រវាល មានប្រតិកម្មតែរវាងអន្តរកម្មខ្សោយ និងកម្លាំងទំនាញប៉ុណ្ណោះ។ Neutrinos មាននៅគ្រប់ទីកន្លែង ហើយវាត្រូវបានដាក់ឈ្មោះដូច្នេះ ព្រោះតែពួកវាភាគល្អិតតែលតោល ហើយម៉ាស់របស់វាស្ទើរតែគ្មាននោះឡើយ ដោយកន្លងមកនេះ វាស្ទើរតែត្រូវបានចាត់ទុកថា «សូន្យ» តែម្តង។

ដោយមូលហេតុខាងលើនេះហើយ ទើបភាគល្អិត Neutrinos ពិបាកនៅក្នុងការអង្កេតរក ដែលជាហេតុជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ដំឡើងប្រព័ន្ធតេឡេស្កូប Baikal-GVD នៅក្នុងទឹកបឹងដែលមានជម្រៅជិត ១,៧០០ម៉ែត្រ។ ឧបករណ៏អង្កេតរក Neutrinos ត្រូវតែរក្សាទុកនៅកន្លែងដែលអាចគេចផុត ពីកាំរស្មីខូស្មិច (cosmic rays) នៃទីអវកាស និងការរំខានផ្សេងៗទៀត ដែលពិបាកឲ្យតេឡេស្កូប ស្វែងរកវត្តមានរបស់ Neutrinos។

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅថ្មីៗនេះថា ទឹកបឹងដ៏ថ្លាឆ្វង់ និងមានជម្រៅជ្រៅ បូករួមទាំងផ្ទាំងទឹកកក គ្របដណ្តប់លើផ្ទៃបឹង Baikal គឺជាកន្លែងដ៏ប្រសើរបំផុតមួយ ដែលនឹងអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការអង្កេតរកភាគល្អិត Neutrinos។

រូបវិទូជនជាតិរុស្ស៊ីលោក ផាវែល ឈឺរិនកូវ (Pavel Cherenkov) បានគូសបញ្ជាក់ជុំវិញបញ្ហានេះថា ឧបករណ៍តេឡេស្កូបដែលត្រូវបានដាក់ ទៅក្នុងកញ្ចក់កែវរួចដាក់ចូលទៅក្នុងទឹកបឹង Baikal គឺអាចចាប់យកសញ្ញានៃភាគល្អិត Neutrinos។ តេឡេស្កូប Baikal-GVD ត្រូវបានដាក់នៅក្នុងជម្រៅទឹកចាប់ពី ៧៥០ – ១,៣០០ម៉ែត្រ នៅតំបន់ភាគខាងត្បូងនៃបឹង Baikal និងមានចម្ងាយ ៤គីឡូម៉ែត្រពីមាត់បឹងយក្ស ដែលមានអង្កត់ផ្ចិតជាង ៦៣០គីឡូម៉ែត្រមួយនេះ។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានសម្លឹងរកមើលទីតាំងល្អ នៅក្នុងផ្ទៃបឹង Baikal តាំងតែពីឆ្នាំ២០០៣ មកម្ល៉េះ ដើម្បីដំឡើងឧបករណ៍ស្វែងរក ភាគល្អិត neutrino នៃចក្រវាល។ Baikal-GVD ក៏នឹងត្រូវប្រើប្រាស់ ដើម្បីតាមអង្កេតរកមើលរូបធាតុងងឹត Dark Matter និងភាគល្អិតដទៃៗទៀតនៅក្នុងចក្រវាលផងដែរ។

ព្រោះតែវាត្រូវដាក់នៅក្នុងទឹក ដូច្នេះទំហំរបស់ប្រព័ន្ធតេឡេស្កូប Baikal-GVD គឺត្រូវគិតជាគីឡូម៉ែត្រគូប (Cubic Km) ដោយវាមានទំហំស្មើនឹងពាក់កណ្តាល នៃទំហំរបស់តេឡេស្កូប IceCube South Pole Neutrino Observatory (IceCube មានទំហំ ១គីឡូម៉ែត្រគូប) ដែលស្ថិតនៅទ្វីបទឹកកកអង់តាក់ទិច នៃប៉ូលខាងត្បូងផែនដី។ កន្លងមក IceCube បានរកឃើញភាគល្អិត Neutrinos ក្នុងចំនួនរហូតដល់ទៅ ២៧៥ ក្នុងមួយថ្ងៃនៅក្នុងបរិយាកាសផែនដី។

* តើការសិក្សាអំពីវត្តមានរបស់ Neutrinos មានអត្ថប្រយោជន៍ដូចម្តេចខ្លះ?

ការស្វែងយល់អំពីភាគល្អិត Neutrinos គឺមិនខុសអំពីការស្វែងយល់ អំពីចំណេះដឹងនៅក្នុងចក្រវាល (uinverse) ឬដែលមនុស្សមួយចំនួនហៅថា សកលនេះឡើយ។ កន្លងមកនេះយើងបានស្រាវជ្រាវ រហូតដឹងថា Neutrinos មានម៉ាស់ (mass) ហើយជាកិច្ចបន្ទាប់គឺតម្រូវឲ្យយើងប្រឹងប្រែងសិក្សាទៀត ដើម្បីឲ្យយល់ដឹងថា តើម៉ាស់ទាំងនោះផ្តល់ទៅក្នុងចក្រវាលដោយរបៀបណា។ Neutrinos ក៏អាចក្លាយជាគន្លឹះមួយឲ្យយើងឈ្វេងយល់ថា តើហេតុអ្វីបានជាចក្រវាលមួយនេះ នៅតែបន្តពង្រីកខ្លួនឥតឈប់ឈរផងដែរ៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១)

480×240 Banner